សមត្ថកិច្ចចំរុះសហការគ្នាត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់ការពារអំពើចោរកម្ម គ្រឿងញៀន ក្មេងទំនើងរក្សាសុវត្តិភាពនិងសន្តិសុខក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ កិច្ចការពារ និងទប់ស្កាត់អំពើចោររកម្ម ឆក់ ប្លន់ និងការចរណ៍គ្រឿងញៀន គឺជាកិច្ចការដ៏ចម្បង និងសំខាន់ណាស់របស់សមត្ថកិច្ច ហេតុនេះហើយទើបកន្លងមក ក៏ដូចជាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៥ សមត្ថកិច្ចចម្រុះរបស់ខេត្ត២ក្រុម មានគ្នាជាង៣០នាក់ បានសហការគ្នាធ្វើការត្រួតពិនិត្យអាវុធជាតិ ផ្ទុះក្នុងគោលដៅ២កន្លែងក្នុងក្រុងកំពង់ឆ្នាំងតាមផែនការរបស់លោកស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរក្សាសន្តិសុខ និងសុវត្តិភាពជូនប្រជាពលរដ្ឋ។
លោក កែវ ឈុន នាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា៖ តាមគោលការណ៍ ថ្នាក់លើជារៀងរាល់យប់សមត្ថកិច្ចចំរុះរបស់ខេត្តរួមមាន មន្ត្រីនគរបាលអាវុធជាតិផ្ទុះ នគរបាលប៉ុស នគរបាលក្រុង នគរបាលអន្តរាគម នគរបាលចរាចរណ៍ខេត្ត និងកងរាជអាវុធហត្ថ ក្រុង និងខេត្តបានសហការគ្នា ប្រមូលកម្លាំងប្រជុំជួរនិងបែងចែកគោលដៅចល័តធ្វើសកម្មភាពត្រួពិនិត្យអាវុធជាតិផ្ទុះ ក្នុងក្រុងកំពង់ឆ្នាំង។ ដោយឡែកតាមបណ្តាស្រុកទាំង៨ក្នុងខេត្ត ក៏មានផែនការធ្វើដូចគ្នានេះដែរ។
នៅក្នុងផែនការខាងលើនេះយប់នេះសមត្ថកិច្ចបានដាក់គោលដៅទី១ ឆែរឆេរនៅមុខវត្តយាយទេពក្នុងសង្កាត់ ផ្សារឆ្នាំង និងគោលដៅទី២ ឆែរឆេរនៅបំណុចផ្លូវបែកជាបួន ខាងត្រូងផ្ទះសំណាក់សាន់ដេ២ ក្នុងសង្កាត់កំពង់ ឆ្នាំង។ក្នុងផែនការនេះថ្នាក់លើបានណែនាំអោយពិនិត្យឆែកឆេរអ្នកបើកបរយានយន្តគ្រប់ប្រភេទនៅពេលយប់ ដកហូតអាវុធជាតិផ្ទុះ គ្រឿងញៀន កាប់បិតពូថៅ ដាវសាំម៉ូរ៉ៃ ដកហូតនិងអប់រំអ្នកបើកយានយន្តដាក់ ភ្លើងឡាស៊ែរខុសច្បាប់ បំពាក់បំពង់ស៊ីមាំងប្រែន គ្មានផ្លាកលេខ បើកបរស្រវឹង។ល។ដើម្បីទប់ស្កាត់ អំពើចោរ លួច ចោរឆក់ ចោរប្លន់ ការចរាចរណ៍គ្រឿងញៀន និងការប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗទៀត។ កន្លងមកក្រុមចំរុះក៏ធ្លាប់ដកហូតបានកាំបិត ដាវសាំម៉ូរ៉ៃ ពីក្រុមក្មេងស្ទាវៗ ដើរលេងពេលយប់បានមួយចំនួនផងដែរ ដែលអាចកាត់បន្ថយបានបទល្មើសមួយចំនួនធំនៅក្នុងសកម្មភាពត្រួតពិនិត្យពេលយប់ខាងលើនេះ។
សមត្ថកិច្ចចម្រុះបានអោយដឹងទៀតថា៖តាមការពិនិត្យជាក់ស្តែង នៅពេលសមត្ថកិច្ចជាប់រវល់ការងារយាមកាម នៅក្នុងកម្មវិធីផ្សេងៗរបស់ថ្នាក់លើ មិនបានដាក់កម្លាំងត្រួតពិនិត្យនៅពេលយប់ នៅក្នុងក្រុងកំពង់ឆ្នាំងពួកក្មេង ស្ទាវៗដើរលេងពេលយប់មួយចំនួន បានបើកម៉ូតូបំពុងស៊ីមាំងប្រែនបង្ហោះក្រឡុកពេញក្រុងកំពង់ឆ្នាំង ហើយសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយចំនួន ក៏មានសកម្មភាពផងដែរ។ ប៉ុន្តែនៅពេលសមត្ថកិច្ច ដាក់កម្លាំងត្រួពិនិត្យ សកម្មភាពខាងលើមិនមានកើតមានឡើយ ដែរអាចបញ្ជាក់បានថាសកម្មភាពរបស់ជនល្មើស រង់ចាំតាមដានមើលសមត្ថកិច្ចធ្វើការឬមិនធ្វើការពេលយប់តែប៉ុណ្ណោះ។
ហេតុនេះហើយការដាក់កម្លាំងសមត្ថកិច្ចចម្រុះត្រួតពិនិត្យកិច្ចការងារនៅពេលយប់គឺជាកិច្ចការសំខាន់ណាស់ ក្នុង ការបង្ក្រាបនិងទប់ស្កាត់បទល្មើសនានានៅពេលយប់ ដើម្បីរក្សាសុវត្តិភាព និងសន្តិសុខជូនប្រ ជាពលរដ្ឋនៅ គ្រប់មូលដ្ឋាន។ ផែនការនេះប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់មូលដ្ឋានស្រុក និងក្រុង សូមគាំទ្រនិងសំណូមពរ ដល់លោកស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង ស្រុក សូមអោយមានការត្រួតពិនិត្យ ឆែកឆេររបស់សមត្ថកិច្ចចម្រុះបែបនេះជារៀងរាល់យប់រហូតតទៅ ទើបប្រជាពលរដ្ឋមានសេចក្តីសុខ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1HhEJ7r