អ្នកថតរូបស្ម័គ្រចិត្តវេចអង្ករចានឆ្នាំងទៅចូលរួមកម្មវិធីបារខែមតាកែវ
អ្នករៀបចំកម្មវិធីបារខែមតាកែវបានឲ្យដឹងថា មានក្រុមអ្នកថតរូបស្ម័គ្រចិត្តអាជីពជាច្រើននាក់ នឹងធ្វើដំណើរទៅចូលរួមដើម្បីផ្តិតយកទិដ្ឋភាពពីដំណើរការរៀបចំព្រឹត្តិការណ៍បារខែមតាកែវនៅចុងសប្ដាហ៍នេះ។
ក្រុមអ្នកថតរូបស្ម័គ្រចិត្តនេះ នឹងធ្វើដំណើរដោយជិះម៉ូតូរួមទាំងមានដឹកសម្ភារៈ មានដូចជាឆ្នាំង ចាន កំសៀវទឹក ធុងទឹកកក តង់ស្នាក់នៅ អង្រឹងមានមុង កាមេរ៉ា និងសម្ភារៈ ផ្សេងៗទៀតទៅជាមួយ។
ចុងសប្ដាហ៍នេះ ខេត្តតាកែវនឹងមានការរៀបចំព្រឹត្តិការណ៍បារខែមតាកែវ ២០១៥ ដែលមានការប្រមូលផ្ដុំអ្នកមានបទពិសោធន៍ក្នុងវិស័យអាជីវកម្ម និងបច្ចេកវិទ្យា ដើម្បីចែករំលែកចំណេះដឹងដល់សិស្សនិស្សិត និងពលរដ្ឋខេត្តតាកែវពីប្រធានបទទាក់ទងការវិវឌ្ឍន៍នៃ បច្ចេកវិទ្យាថ្មីៗ, ចំណេះដឹងអ៊ីនធឺណិត, ព័ត៌មានសង្គម និងសហគ្រិនភាពជាដើម។
ព្រឹត្តិការណ៍នេះជាឱកាសពិសេសសម្រាប់ប្រិយមិត្តបានជួបជាមួយវាគ្មិនជំនាញមកពីបណ្ដាស្ថាប័នផ្សេងៗ ដែលក្នុងរយៈពេល ១ថ្ងៃ កន្លះ ពួកគេនឹងចែករំលែកដល់មិត្តអ្នកសិក្សាពីរបកគំហើញនៃបច្ចេកវិទ្យា ក៏ដូចជាចំណេះដឹងថ្មីៗដទៃទៀតដែលប្រិយមិត្តអាចស្វែងយល់ជាប្រយោជន៍សម្រាប់ប្រើប្រាស់។
បារខែមតាកែវ ២០១៥ ប្រារព្ធឡើងនៅថ្ងៃទី ២៧ និង២៨ ខែមិថុនា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
http://ift.tt/1NcLEmF