កុមារីស្រីអាយុ២ឆ្នាំបាលស្លាប់ ដោយសារដែកកង្ហារកែឆ្នៃបក់កម្ទេចពោតកាប់ត្រូវក្បាលបែកលលាដ៏ស្លាប់នៅកន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង៖ កុមារីស្រីអាយុ២ឆ្នាំម្នាក់បានស្លាប់ភ្លាមៗយ៉ាងរន្ធត់ បន្ទាប់ពីត្រូវកង្ហារកែច្នៃបក់កម្ទេចពោត កាប់ត្រូវចំកណ្តាលថ្ងាសបណ្តាលអោយបែកដល់បែកលលាដ៍។ ករណីនេះបានកើតឡើងនៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ខណៈក្មេងស្រីរូបនេះបានដើរជិតស្លាបកង្ហារដែកដែលកំពុងវិល បក់កម្ទេចពោត ។
នគរបាលមូលដ្ឋានបានអោយដឹងថា៖ ក្មេងស្រីរងគ្រោះមានឈ្មោះស៊ីវ ថាវ អាយុ២ឆ្នាំ មានឪពុកឈ្មោះ ព្រឿន ថា អាយុ៣០ឆ្នាំ ម្តាយឈ្មោះ គង់ ភី អាយុ២៩ឆ្នាំ គ្រួសារខាងលើមានទីលំនៅ ភូមិឃុំកន្លែងកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា៖ មុនពេលកើតហេតុ ឪពុកម្តាយខាងលើបានយកកង្ហារ មានស្លាបដែកកែឆ្នៃ ត ភ្ជាប់ចេញពីម៉ាស៊ីនគោយន្តដែលមានស្លាបម្ខាងៗ ប្រវែងជិត មួយម៉ែត្រ មកដាក់បញ្ឆេះគោយន្ត អោយកង្ហារវិល ដើម្បីយកខ្យល់ទៅបក់ រោយកម្ទេចពោត។ដោយសារមិនបានប្រយ័ត្នកូនតូច អាយុ២ឆ្នាំដែលចេះដើរតេះតះ បានដើរទៅរកកង្ហារ ហើយត្រូវស្លាកកង្ហារវិលកាប់ចំថ្ងាស់បណ្តាលអោយបែកដល់លលាដ៏ក្បាល ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានអោយថា៖ ចំពោះឪពុកម្តាយក្មេងស្រីរងគ្រោះ ដែលមានការធ្វេសប្រហែសបណ្តែតបណ្តោយអោយកូនស្លាប់បែបនេះ គឺមិនទាន់ត្រូវទទួលទោសទណ្ឌបែបណានោះទេ ព្រោះវាជាកំហុសអចេតនា អ្នកណាក៏ស្រឡាញ់កូនដែរ ពេលនេះក្រុមគ្រួសារខាងលើនេះកំពុងធ្វើបុណ្យសពកុមារីរងគ្រោះ ក្រោមក្តីសោកស្តាយ និងមានវិប្បដិសារីយ៉ាងខ្លាំងចំពោះការធ្វេស ប្រហែស តែមួយភ្លែតបណ្តាលអោយកូនជាទីស្រឡាញ់ បាត់បង់ជីវិត។
លោកអធិការនគរបាលស្រុក សូមអំពាវដល់ កសិករតាមដងទន្លេ ដែលតែងតែ ប្រើមធ្យាបាយ ខាងលើ នេះដើម្បីបក់កម្ទេចពោត កម្ទេចសណ្តែក និងកសិផលផ្សេងៗ សូមប្រុងប្រយ័ត្នអោយ បានខ្ពស់ ពេល ប្រើឧបករណ៏កែឆ្នៃដូចនេះ ដើម្បីកុំអោយមានគ្រោះថ្នាក់ដូចខាងលើនេះទៀត៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1IciyAA