សិស្សស្រីអាយុ១៤ឆ្នាំត្រូវគេរំលោភហើយសម្លាប់នៅស្រុកឈូក នគរបាលចាប់បានជនសង្ស័យម្នាក់
ខេត្តកំពត៖ ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងស្រីម្នាក់ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះស្ថិតនៅ ចំណុចគំនរចំបើងក្បែរ ភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក នគរបានចុះទៅពិនិត្យសពក្មេងរងគ្រោះដោយសន្និដ្ឋានថាជាករណីរំលោភហើយសម្លាប់បំបិទមាត់។ ករណីនេះនគរបាលខេត្តកំពតបានដុតដៃដុតជើងស្រាវជ្រាវតាមវែករកមុខជនប្រព្រឹត្តយ៉ាងយកចិត្តទុកដាក់។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវ ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ ពាក់ព័ន្ធ ករណីឃាតកម្មរំលោភ រួចសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នោះ។ លោកបានបញ្ជាក់ថា នៅពេលនេះជនសង្ស័យរូបនេះត្រូវបាននាំខ្លួនមកសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ លោកស្នងការបានបន្តថា ជនសង្ស័យរូបនេះមានឈ្មោះ ថន រ៉ាត់ អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ជាមួយកុមារីរងគ្រោះ។
សូមរំលឹកឡើងវិញថា សាកសពក្មេងស្រីស្លៀកពាក់ជាសិស្សសាលាម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញនៅគំនរចំបើង កាលពីនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះស្ថិតនៅ ចំណុចគំនរចំប៉ើង កន្លែងដាច់ស្រយាលមួយ ភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពតប្រជាពលរដ្ឋបាន ។ នគរបាលដដែលឲ្យដឹងទៀតថា កុមារីរងគ្រោះមានឪពុកកំព្រាម្តាយរស់នៅជាមួយបងប្អូន ដោយឪពុកមិនបាននៅផ្ទះទេគឺចេញទៅលេងបងប្អូននៅឯខេត្តបាត់ដំបងឯណោះ។
មន្ត្រីនគរបាលស្រុកឈូក បានថា ក្មេងរងគ្រោះបានចេញពីផ្ទះទៅរៀនតាំងពីព្រឹកថ្ងៃទី១៩ ខែមករា រហូតដល់ល្ងាច បងប្អូនកុមារី រងគ្រោះ មិនបានឃើញត្រឡប់មកផ្ទះវិញ ក៏បានបបួលគ្នាចេញទៅដើររក តែមិនឃើញទេ។ លុះព្រឹកថ្ងៃទី២០នេះ ទើបអ្នកភូមិដើរប្រទះឃើញសាកសព នៅចំណុចកើតហេតុខាងលើ ហើយក៏រាការណ៍មកកម្លាំងនគរបាលភ្លាម ឲ្យចុះទៅពិនិត្យ។ ករណីនេះត្រូវនគរបាល ដាក់ការសង្ស័យជាបឋម ជារឿងរំលោភសេពសន្ទវៈ រួចសម្លាប់ចោលដើម្បីបំបិទមាត់។ កុមារីរងគ្រោះ ឈ្មោះ ឃុន ណាន អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ៕
http://ift.tt/1QnE2Cs