នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យក្រោមការដឹកនាំរបស់ លោក ឆេង សុវត្ថិ នៅតែល្បីដាក់កុងត្រូលជជុះ៥កន្លែងប្រមូលលុយចែកគ្នាច្រកហោប៉ៅ លែងស្តាប់ការណែនាំពីអគ្គស្នងការនគរបាលជាតិ
ខេត្តបន្ទាយមានជ័យ៖ ប្រភពពីឈ្មួញ រកស៊ីដឹកជញ្ជូនទំនិញ និងអ្នករត់តាក់ស៊ីក្នុងខេត្តបន្ទាយមានជ័យ បានរអ៊ូរទាំថា ចាប់តាំងពីលោក ឆេង សុវត្ថិ ឡើងធ្វើជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យនោះមក បានបណ្ដោយឲ្យកូនចៅក្រោមឱវាទគោះយកលុយ ក្នុងនោះលោក ចាប សុផារិទ្ធ អតីតនាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏នៅតែ សហការជាមួយលោក ឆេង សុវត្ថិ ក្នុងការប្រមូលលុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញយ៉ាងសកម្មដដែល។ ថ្មីៗនេះបើទោះជាថ្នាក់លើធ្លាប់ណែនាំ និងកែសម្រួលក្បាលម៉ាស៊ីនដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដោយក៏គេនៅតែឃើញលោក ឆេង សុវត្ថិ នៅតែពង្រាយកូនចៅដាក់កុងត្រូលជាច្រើនកន្លែងប្រមូលលុយពីអ្នករកស៊ីដឹកជញ្ជូនទំនិញដោយមិនខ្វល់ពីការរិះគន់ពីប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់អង្គភាពនគរបាលជាតិយ៉ាងធ្ងន់ធ្ងរនោះ។ ហើយករណីនេះត្រូវបានបញ្ជាក់ថា លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាអ្នកបើកដៃឲ្យលោក ឆេង សុវត្ថិ និងលោក ចាប សុផារិទ្ធក្នុងការប្រមូលលុយចែកគ្នាយ៉ាងសុខស្រួល ។
ប្រភពបានបញ្ជាក់ឲ្យដឹងថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ក្រោមការចាត់ចែងកម្លាំងរបស់លោក ឆេង សុវត្ថិ និងអនុវត្តតាមបទពិសោធ លោក ចាប សុផារិទ្ធ បានដាក់កម្លាំងឈរជើង៥ទីតាំងកុងត្រូល ដើម្បីគោះជំរិតយកលុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ហើយសូម្បីតែអ្នករត់តាក់ស៊ីដឹកជញ្ជូនបន្លែផ្លែឈើបន្តិចបន្តួចក៏មិនលើកលែងដែរត្រូវបង់លុយជាប្រចាំតាមការទាមទារ។ ប្រសិនបើមិនព្រមតាមការបង្គាប់ឲ្យបង់លុយទេ នឹងត្រូវប្រឈមចំណាយពេលរង់ចាំរើទំនិញត្រួតពិនិត្យហើយអូសបន្លាយពេលតាមចិត្តដើម្បីឲ្យឈ្មួញរកស៊ីដឹងទំនិញធុញទ្រាន់ និងរាងចាល ឲ្យងាកមកបង់ឈប់តវា។ ទីតាំងឈរជើងរបស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ មាននៅចំណុចសាលាក្រហម នៅតាមផ្លូវជាតិលេខ៦ ពីទីរួមខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប នៅច្រកព្រំដែនស្រុកម៉ាឡៃ នៅច្រកព្រំដែនបឹងក្រកួន និងនៅច្រកអន្តរជាតិប៉ោយប៉ែត ដែលប៉ុស្តិ៍កុងត្រូលទាំងនេះសុទ្ធសឹងតែជាប្រភពចំណូលរបស់លោក ឆេង សុវត្ថិ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
មានការរិះគន់ថា ដោយសារមានការបើកដៃពីលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទើបលោក ឆេង សុវត្ថិ និងលោក ចាប សុផារិទ្ធ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដោយសារភាពធូររលង់បណ្តោយឲ្យប្រមូលលុយពីឡានដឹក ទំនិញ ក្រុមឈ្មួញឆក់ឱកាសមួយចំនួនបានដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញខុសច្បាប់តាមអំពើចិត្ត ដោយសារគេមានទំនាក់ទំនងជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រងរបស់លោក ឆេង សុវត្ថិ ហើយបានធ្វើឲ្យបទល្មើសរត់ពន្ធកំរើកកាន់តែខ្លាំងឡើងនាបច្ចុប្បន្ននេះ។ ដូច្នេះលោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ គួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក ឆេង សុវត្ថិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ និងបក្ខពួកជាបន្ទាន់ ព្រោះពួកគេមានជំនាញខាងរាប់ក្បាលរថយន្តដឹកទំនិញយកលុយ ហើយមិនដែលបង្ក្រាបបទល្មើសសេដ្ឋកិច្ចតាមតួនាទីរបស់ខ្លួននោះឡើយ៕
http://ift.tt/1oXqLpm