អ្នកទោសពីរនាក់ ធ្វើសកម្មភាពចែកចាយថ្នាំញៀននៅក្នុងពន្ធនាគារត្រូវចាប់ខ្លួន
ខេត្តក្រចេះ៖ ទណ្ឌិតចំនួនពីរនាក់ ត្រូវបានមន្ត្រីជំនាញនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហកាជាមួយប្រធានពន្ធនាគារខេត្តក្រចេះឃាត់ខ្លួនក្នុងករណីរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងពន្ធនាគារខេត្ត ស្ថិតនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ។
លោក គង់ ស៊ីដន់ ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថា តាមរយះព័ត៌មានដែលទទួលបានពីភ្នាក់ងារផ្តល់ព័ត៌មានថា មានការប្រើប្រាស់គ្រឿងញៀនក្នុងពន្ធនាគារខេត្តក្រចេះ ទើបមន្ត្រីជំនាញពន្ធនាគារសហការជាមួយមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានទៅចាប់បង្ក្រាបជាក់ស្តែង។ ក្រោយពេលដែលមន្ត្រីពន្ធនាគារ ឃាត់ខ្លួនជនសង្ស័យទាំងពីរ បានឆេកឆេររកឃើញវត្ថុតាង និងដកហូតបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (Ice) ចំនួន៤កញ្ចប់ធំ ១៣កញ្ចប់មធ្យម និង២២កញ្ចប់តូច សរុបមានចំនួន ៣៩កញ្ចប់ ស្មើនឹងទម្ងន់ ១៨,៦៤ក្រាម ។
ជនសង្ស័យជាទណ្ឌិតទាំង២នាក់នោះ ទី១-ឈ្មោះ តែ លីទី ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ និងទី២- ឈ្មោះ សៀង សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ៣១ឆ្នាំ ជាអ្នកទោសជាប់ពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន ត្រូវបានបន្ថែមទោសពីលើមួយកម្រឹតបន្ថែមទៀត ពីលើទោសដែលមានស្រាប់ ខណៈដែលពួកគេទាំងពីរនាក់ មិនរាងចាលព្យាយាមប្រព្រឹត្តធ្វើសកម្មភាពរក្សាទុក និងចែកចាយគ្រឿងញៀន នៅក្នុងពន្ធនាគារខេត្តទៀតនេះ ។
បច្ចុប្បន្ន ការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តក្រចេះចាត់ការតាមច្បាប់៕ ម៉េង គា
http://ift.tt/28XRw53