ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទនាំចូលពីប្រទេសថៃចូលកម្ពុជាតាមច្រកភ្នំដី ជំនាញគយក្រោមការគ្រប់គ្រងរបស់លោក ជា វុទ្ធី ប្រមូលប្រាក់គ្មានវិក្កយបត្រខុសវិជ្ជាជិវៈគយ
ខេត្តបាត់ដំបង៖ លោក ជា វុទ្ធី ប្រធានការិយាគយ និងរដ្ឋាករច្រកភ្នំដី ត្រូវបានមន្ត្រីពាក់ព័ន្ធប្រចាំមាត់ច្រកលួចបង្ហើបថា បច្ចុប្បន្នជំនាញគយមានការឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញពិប្រទេសថៃ គេចពន្ធ និងបង់ពន្ធមិនគ្រប់ សុទ្ធតែប្រភេទទំនិញមានតម្លៃ ប៉ុន្តែការបន្ធូបន្ថយនេះជំនាញគយបាន ប្រមូលលុយពីក្រុមឈ្មួញ តាមរបៀបព្រមព្រៀងគ្នាដោយគ្មានវិក្កយបត្រ ដែលប្រាក់នោះគេប្រមូលចែកគ្នាច្រកហោប៉ៅ។ ហើយសកម្មភាពនេះចេះតែសុខសាន្តដោយសារជំនាញគយបានចែករំលែកផលប្រយោជន៍ជូនដល់អង្គភាពសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅទីនោះរហូតសំងំស្ងាត់ស្ងៀមរៀងៗខ្លួន។
ប្រភពបានឲ្យដឹងទៀតថា ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឃុបឃិត ឲ្យក្រុមឈ្មួញដឹកនាំចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រកភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រភពបង្ហើបថា សម្រាប់ក្រុមឈ្មួញដែលជាមុខសញ្ញាឃុបឃិតត្រូវដងត្រូវផ្លែនឹងគ្នា គ្រាមាននាំទំនិញឆ្លងកាត់មន្ត្រីគយមិនដែលខ្វល់ពីការពិនិត្យ ឬបង្ក្រាប ប្រមូលលុយបង់ចូលរដ្ឋនោះទេ។ ប៉ុន្តែប្រការនេះហើយដែលធ្វើឲ្យបាត់បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ករណីនេះគួរតែលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរចាត់វិធានការធ្វើកំណែទម្រង់សមត្ថកិច្ចគយច្រកភ្នំដី ដើម្បីលុបបំបាត់អំពើពុករលួយ ប្រមូលថវិកាចូលរដ្ឋឲ្យមានការកើនឡើង។
ប្រភពបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ គេតែងឃើញទំនិញជាច្រើនប្រភេទ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរទេះជាលក្ខណៈបំបែកតូចៗ ដើម្បីបិទបាំងការចាប់អារម្ភហើយយកទៅស្តុកទុក និងបានយករថយន្តមកដឹកបន្តទៅចែកចាយនៅតាមបណ្តាស្រុកនានា ពិសេសក្នុងក្រុងបាត់ដំបងតែម្តង។ ប្រភពដដែល បានបន្តថា ការដឹកជញ្ជូនទំនិញតាមរទេះរបស់ក្រុមឈ្មួញ ដែលឆ្លងកាត់តាមមុខមន្ត្រីគយ និងអាជ្ញាធរពាក់ព័ន្ធទាំងនោះ គេសង្កេតឃើញថា មន្ត្រីជំនាញគយមិនដែលត្រួតពិនិត្យអ្វីនោះទេគ្រាន់តែងក់ក្បាលដាក់គ្នា ជាសញ្ញានោះជាការស្រេច ហើយមន្ត្រីទាំងនោះគ្រាន់តែអង្គុយស្ងៀមចាំកត់រាប់ចំនួនរទេះគិតលុយតែប៉ុណ្ណោះ៕
http://ift.tt/2aLGW4W