រឿងខ្លី «កំណត់ហេតុខ្ញុំស្អប់ប៉ា» ទទួលការសរសើរថាមានអត្ថន័យអប់រំខ្ពស់
រឿងខ្លី «កំណត់ហេតុខ្ញុំស្អប់ប៉ា» គឺជាស្នាដៃរបស់អ្នកនិពន្ធវ័យក្មេង សយ ស៊ីណា ដែលស្នាដៃមួយនេះទទួលបានការសរសើរ និង គាំទ្រយ៉ាងច្រើនផុសផុលពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ព្រោះតែស្នាដៃមួយនេះ បានបង្កប់ទៅដោយអត្ថន័យបែបទស្សនវិជ្ជាយ៉ាងស៊ីជម្រៅ ស្ដែងឱ្យឃើញពីរបស់មួយចំនួនដែលលុយមិនអាចទិញបាន ។ ចង់ដឹងថា ស្នាដៃរឿង «កំណត់ហេតុខ្ញុំស្អប់ប៉ា» មានអត្ថន័យអប់រំដល់អ្នកអានយ៉ាងណានោះ សូមអានសាច់រឿងទាំងស្រុងដូចខាងក្រោមនេះ ៖
ផ្ទះខ្ទមប្រក់ស្បូវធ្លាក់សំយាបរយាកប្របមាត់ទឹក…សន្ទូងខៀវខ្ចីអមដោយគុម្ពស្មៅទាំងគុម្ពៗសន្ធឹងលាតតាមបណ្ដោយភ្លឺស្រែចែកជាក្រឡាចត្រង្គដាច់កន្ទុយភ្នែក ។ កុមារម្នាក់ស្លៀកខោស្ទើរជើងមិនពាក់អាវបញ្ចេញក្បាលពោះប៉ោងកំផ្លេស ជាប់ដីស្រមក កំពុងជិះលើខ្នងក្របី ដៃម្ខាងកាន់ខ្សែតី ដៃម្ខាងកាន់ខ្សែក្របី កិរិយាដូចជាគ្មានខ្វល់រឿងអ្វីសោះ ។ ខ្នងភ្នំស្មើទ្រវែងដែលកំពុងតែធ្វើជាខ្នល់ខ្នើយដល់ដុំអគ្គីយក្សក៏នៅមិនឆ្ងាយប៉ុន្មានពីក្មេងឃ្វាលក្របីដែរ ។ កុកសប្រចៀវខ្មៅហើរសំដៅរកទ្រនំស្របពេលដែលពូម្នាក់ក៏កំពុងតែលីនង្គ័លសំដៅផ្ទះស្បូវច្រមក់នោះ ។…ទាំងនេះសុទ្ធតែជារបស់ដែលខ្ញុំបានត្រឹមតែឃើញនៅក្នុងផ្ទាំងគំនូរនាពេលកន្លងមក គឺនៅពេលដែលខ្ញុំនៅមានលុយច្រើន នៅមានអ្នកអែបអប និងពេលនៅពុករលួយ…។
តែខណៈនេះទេសភាពទាំងនេះ បានប្រាកដខ្លួននៅនឹងមុខខ្ញុំជាក់ស្ដែងហើយ ជារបស់ពិតដែលមិនល្អត្រឹមតែការស្ទាបនិងការមើលនោះទេ តែជារបស់ដែលល្អទាំងក្លិនទៀត ។ ម្យ៉ាងដែរជីវិត! ខំពុករលួយប្រហែលសាមសិបឆ្នាំ ខំសន្សំលុយបានរាប់លានដុល្លារតែបែរជាមករកន័យជីវិតឃើញនៅកណ្ដាលស្រែទៅវិញ ។ ពេលនេះខ្ញុំហាក់មានច្រើនជាងមុន មានសុភមង្គល មានសេរីភាព…ធ្វើអ្នកក្រ អត់អ្នកអែបអប អត់អ្នកកាច់កុង….។ ខ្ញុំងាកដកខ្លួនពីទេសភាពស្រុកស្រែដែលល្អដូចផ្ទាំងគំនូរនោះមកវិញ ជើងទាំងគូក៏បោះជំហានទៅមុខ សំដៅទៅតុឈើតូចមួយក្បែរមាត់បង្អួច ។ ខ្ញុំមិនដឹងថាខ្ញុំមកអង្គុយលើកៅអីនេះដោយសារអ្វីនោះទេ… តែរំពេចនោះខ្ញុំបានដឹងថា ខ្ញុំចង់អានពីកំណត់ហេតុរបស់ខ្ញុំ ជាកំណត់ហេតុកាលពីជាងសាមសិបឆ្នាំមុន ។ គឺតាំងពីជំនាន់ខ្ញុំនៅអាយុជាងដប់ឆ្នាំម្លេះ ។ មានគេម្នាក់ដើរមករកខ្ញុំ ដើរមកយ៉ាងស្ងប់ស្ងាត់ ទាំងគ្មានសន្ធឹកជើង គ្មានរូបរាង តែខ្ញុំស្គាល់ច្បាស់ថាគេជានរណា គេមកដល់ហើយ គេប៉ះសាច់ខ្ញុំ ធ្វើឱ្យខ្ញុំព្រឺ…តែខ្ញុំមិនខ្លាចទេ… គេញញឹមដាក់ខ្ញុំ… រួចសួរខ្ញុំថា «លុយអ
ាចទិញអ្វីបាន»? លុយឯងកាលពីនៅពុករលួយនោះអាចទិញអ្វីបានខ្លះ? ខ្ញុំមិនឆ្លើយទេ តែខ្ញុំទាញសៀវភៅកំណត់ហេតុរបស់ខ្ញុំមកមើល ជាកំណត់ហេតុដែលមានក្រដាសពណ៌លឿង របេះគែមដុំៗ…។
គ្រាន់តែចាប់កាន់ ទំព័រទីមួយក៏របេះ តែនៅមើលបាន! ខ្ញុំសរសេរជាភាសាខ្មែរលាយវៀតណាម ព្រោះប៉ាជាជាតិវៀតណាមដែលគេច្រើនតែហៅថាយួនៗនោះ ម៉ាក់ជាខ្មែរ ដូច្នេះខ្ញុំចេះភាសាទាំងពីរនេះ ។ ទំព័រទីមួយខ្ញុំសរសេរថា… ១៧ ឧសភា ២០១៥… ខ្ញុំមានប៉ាជាអ្នកជំនួញ ជាជាតិវៀតណាម… ប៉ាទិញផ្ទះមួយធំណាស់ ធំប៉ុននឹងវាំងដែរ… ថ្ងៃនេះជាថ្ងៃឡើងផ្ទះប៉ា តែជាថ្ងៃដែលខ្ញុំយំ យំរហូតសន្លប់បីបួនដង ព្រោះតែប៉ា… ព្រោះតែប៉ាប្រច័ណ្ឌម៉ាក់ ហើយវាយម៉ាក់ខ្ញុំរហូតបាក់ជើងពីកំណាត់ សក់ដ៏ទន់ល្វាសល្វន់របស់ម៉ាក់ ត្រូវជំនួសដោយប៉ង់ និង សម្លី ។ …មែន! ប្រាក់ប៉ាអាចទិញផ្ទះធំទ្រនំខ្ពស់បាន តែមិនអាចទិញគ្រួសារដ៏កក់ក្ដៅមួយមួយបំពេញក្នុងផ្ទះនេះទេ។…
ទំព័រទីមួយចប់ត្រឹមនេះ… ប្រសិនជាលុយប៉ាមានអំណាចដូចដែលប៉ាគិតនោះ ប្រហែលជាប៉ាអាចទិញគ្រួសារមួយមកដាក់ក្នុងផ្ទះនេះហើយមើលទៅ មិនមែនឱ្យខ្ញុំក្លាយជាកូនកំព្រាដូចពេលនេះទេ ។ បន្ទាប់ពីយកកាវមកបិទទំព័រទីមួយរួចមក ខ្ញុំក៏ផ្ដិតទឹកមាត់យកទំព័រទីពីរមកអានបន្ត ទំព័រទីពីរនេះបែរជាដាក់កាលបរិច្ឆេទថ្ងៃទី ២១ តុលា ២០១៧ ទៅវិញ …តាមពិតកំណត់ហេតុខ្ញុំជាកំណត់ហេតុរវើរវាយ ។ ទំព័រនេះខ្ញុំសរសេរថា… ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ ប៉ាបានទិញគ្រែថ្មីឱ្យខ្ញុំ តាំងពីម៉ាក់ស្លាប់មក ជាលើកទីមួយហើយដែលប៉ាទិញរបស់ឱ្យខ្ញុំ ប្រហែលជាចង់ឱ្យខ្ញុំសប្បាយហើយ តាមពិតប៉ាក៏ស្រលាញ់ខ្ញុំតិចៗដែរ ។ លុយប៉ាអាចទិញគ្រែឱ្យខ្ញុំបានមែន តែលុយប៉ាមិនអាចទិញដំណេកឱ្យខ្ញុំបានទេ មានគ្រែថ្មីតែគេងមិនសុខមិនលក់ តើមានន័យទេ?… តាមពិតខ្ញុំចង់គេងជិតប៉ា ចង់នៅជិតប៉ា កូនស្រលាញ់ប៉ា….។ នេះជាទំព័រទីពីរមានតែប៉ុណ្ណឹងទេ…អ្វីដែលខ្ញុំចាំ… អ្វីដែលខ្ញុំសរសេរ ភាគច្រើននិយាយពីលុយ គឺជាលុយពុករលួយរបស់ប៉ា… ព្រោះគ្រប់ឧបសគ្គប៉ាតែងតែយកលុយមកដោះស្រាយ ។ ម្ចាស់សំណួរនៅតែសម្ល
ក់មុខខ្ញុំដដែល ហើយសួរខ្ញុំថាលុយទិញអ្វីបានទៀត? ខ្ញុំក៏ចាប់បើកទំព័រទីបីបន្ត…ដាច់បាត់ទៅហើយទំព័រទីបីនោះ ប្រហែលជាគ្មានអ្វីសំខាន់ទើបវាដាច់បាត់យ៉ាងនេះ ។ ទំព័រទីបួនក៏របើកបន្ដ…
អៃយ៉ា! ទំព័រទីបីដាច់មែន តែខ្ញុំយកមកបិទនៅជាប់ទំព័រទីបួនសោះ… មែនហើយវេលាកន្លង រឿងរ៉ាវក៏កន្លងទៅតាមពេលវេលា នរណាចាំបានបើជាងសាមសិបឆ្នាំទៅហើយនោះ ។ វាដូចជាកំហុសរបស់ខ្ញុំដែរ ខ្ញុំមិនចាំសោះថាធ្លាប់ជញ្ជក់ឈាមពីគល់ឈើបានប៉ុន្មានលីត្រ តែប្រហែលជាគល់ឈើចាំយ៉ាងច្បាស់ថាខ្ញុំបានធ្វើអ្វីទៅលើពួកគេ ។ ទំព័រទីបីខ្ញុំសរសេរជាភាសាវៀតណាម តែពិបាកមើលណាស់ ជាអក្សរតប់ប្រមល់ ជាអក្សរកំហឹង… ខ្ញុំរៀបរាប់ថា…០១ ឧសភា ២០១៨… ខ្ញុំស្អប់ប៉ា ខ្ញុំខឹងប៉ា ប៉ាអាក្រក់… កូនគ្រាន់តែចង់នៅជិតប៉ា តែប៉ាវ៉ៃកូន ប៉ាស្ដីឱ្យកូនថាឱ្យកូន។ កាដូស្អី ប៉ាទិញឱ្យស្អី!
នាឡិកាដាំពេជ្រមែនទេ ប៉ាមានលុយទិញនាឡិកាដាំពេជ្រឱ្យកូន តែប៉ាមិនមានពេលសូម្បីមួយម៉ោងសម្រាប់នៅជាមួយកូន ។ លុយប៉ាទិញនាឡិកាបានមែន តែប៉ាមិនអាចទិញពេលវេលាបានទេ នេះជាអ្វីដែលលុយទិញមិនបាន ។ ថ្ងៃនេះខ្ញុំគប់កាដូប៉ាចោលក្នុងធុងសំរាម ។ ខឹង! ខឹង! ខឹង!…
កំណត់ហេតុរបស់ខ្ញុំមានតែពាក្យខឹងប៉ាទេ… គួរតែដាក់ឈ្មោះថាកំណត់ហេតុខឹងប៉ាទើបត្រូវ ។ យករឿងពីមុនមកមើលទើបដឹងថាខ្លួនឯងកាលពីក្មេងដូចឆ្កួតចឹង។ ពេលខឹងប៉ាខ្ញុំសរសេរចូលទាំងអស់តែពេលប៉ាស្លាប់ខ្ញុំខ្ពើមសរសេរ ។ ហេតុអ្វី? ខ្ញុំភ្លេចទេដឹង! ឬក៏រវល់តែយំ! ហេតុផលណាក៏ខ្ញុំមិនដឹងដែរ ព្រោះកន្លងទៅយូរពេក ដឹងត្រឹមតែថាប៉ាស្លាប់បាត់ហើយនៅឆ្នាំ២០២០ ។ តាមពិតខ្ញុំរៀនពីប៉ាបានច្រើន រៀនចេះអែបអប ចេះឆ្លៀតឱកាស ចេះប្រើលុយ ។ កាលនោះមាត់ថាស្អប់ប៉ា ខឹងប៉ា តែទង្វើដល់ធំឡើងធ្វើតាមប៉ាទាំងអស់ ។ ចាប់ពីឆ្នាំ ២០២០ នេះតទៅខ្ញុំគ្មានកំណត់ហេតុនិយាយពីប៉ាទៀតទេ គឺមានតែនិយាយពីខ្លួនឯង តែនៅតែឆ្លើយនឹងសំណួរថាលុយទិញអ្វីបានដដែល ។ ទំព័រទីបួនដាច់មួយកំណាត់បាត់ទៅហើយ នៅតែមួយកំណាត់ខាងក្រោមដែលសរសេរថា…០៤ មករា ២០៣០… ខ្ញុំទិញសៀវភៅច្រើនណាស់ថ្ងៃនេះ ទិញអស់ ២០០០$ តែខ្ញុំមិនបានអានទេ! គឺទិញគ្រាន់តែសម្រាប់ដាក់តាំងក្នុងទូកញ្ចក់តែប៉ុណ្ណោះ… នេះជាហេតុដែលសៀវភៅនៅតែជាសៀវភៅ ចំណេះដឹងនៅតែជាចំណេះដឹង ។ ពិតមែនហើយ លុយអាចទិញសៀវភៅបានតែមិនអាចទិញចំណេះដឹង
បានទេ ។ មានលុយទិញសៀវភៅទុកចោល បើមិនអានតើបានប្រយោជន៍អី? នេះជាកំណត់ហេតុដាក់ទោសខ្លួនឯងរបស់ខ្ញុំ ។
លុយប៉ាទុកឱ្យខ្ញុំច្រើនណាស់! ច្រើនរហូតហៀរដល់ធនាគារក្រៅស្រុកទៀត ។ ខ្ញុំក៏យកលុយនោះទៅទិញតំណែងមួយក្នុងជួររដ្ឋាភិបាល ។ លុយទិញដំណែងបានមែន តែមិនអាចទិញការគោរពស្រលាញ់ពីអ្នកដទៃនោះទេ ។ ខ្ញុំគិតថាត្រូវ ព្រោះខ្ញុំដឹងថាមានគេនិយាយអេចអូចពីខ្ញុំ តែពេលខ្លះទ្រាំធ្វើថោក ។ ខ្ញុំសរសេរទៀតថា… ខ្ញុំមានស្រីដេកជាមួយច្រើនណាស់ ប្រហែលជាហាហុកសិបនាក់ដែរ តែបើខ្ញុំគ្មានលុយប្រហែលជាអត់អីមួយទេមើលទៅ ព្រោះខ្ញុំទើបតែដឹងថា លុយអាចទិញការរួមភេទបានតែមិនអាចទិញក្ដីស្រលាញ់ដ៏ស្មោះអស់ពីចិត្តមួយបានទេ ។ទំព័រទីប្រាំខ្ញុំអាចនិយាយថាជាទំព័រទុក្ខសោក! ខ្ញុំសរសេរទាំងមិនត្រង់ជួរថា…១០ ខែតុលា ឆ្នាំ ២០៣៧… ខ្ញុំគ្រោះថ្នាក់ចរាចរណ៍! ខ្ញុំស្រវឹង ខ្ញុំបើកឡានបុករបងចែកទ្រូងផ្លូវ!… ខ្ញុំក្អួតឈាម!… ខ្ញុំ… ត្រូវការថ្នាំ… ពាក្យតែប៉ុន្មានឃ្លាសោះ តែខ្ញុំសរសេររហូតដល់ទៅជិតពីរទំព័រ ។ អូ! ខ្ញុំចាំហើយ ខ្ញុំសរសេរពេលដៃជាប់សេរ៉ូម… ពេលលែងបានពុករលួយ ពេលជិតបានទៅស្រុកយួនជួបជុំដូនតា។ ពេលនេះលុយខ្ញុំទិញឈាមបានមែន តែមិនអាចទិញជីវិតបានទេ…ពេលនេះលុយសំខាន់ទៀតទេ? ឱអញអើយ! យកលុយមកធ្វើអី បើចាយមិនកើតផងហ្នឹង ពុករលួយចង់ងាប់តែទិញស្អីក៏មិនបាន ខ្វះនេះខ្វះនោះ ខ្វះរហូត ។ មួយជីវិតមានកំណត់ហេតុតែប្រាំទំព័រទេ ហើយគ្មានទំព័រណានិយាយពីសុភមង្គលទេ នេះហើយមកពីលុយ ។ ខ្ញុំចាប់បើកសន្លឹកថ្មីនៃសៀវភៅដ៏កញ្ចាស់នោះ រួចទាញប៊ិចមកសរសេរបន្ថែមថា…១០ មិថុនា ២០៤៥… ខ្ញុំនៅក្នុងបន្ទប់នៃផ្ទះជនបទតូចមួយ! ខ្ញុំឆ្អែតឆ្អន់នឹងជីវិតមានលុយច្រើនហើយ ។ ខ្ញុំធុញហើយ ជីវិតអែបអប ធុញនឹងពាក្យវាយប្រហារ ធុញនឹងការខាំគ្នា… ពេលនេះខ្ញុំមានលុយតែប្រហែល៥០០០ដុល្លា តែខ្ញុំសប្បាយចិត្តណាស់ ព្រោះលុយនេះអាចទិញអ្វីៗបានច្រើន អាចធ្វើស្តូបមួយបាន ហើយខ្ញុំចង់ឆ្លាក់ឃ្លាថា «លុយទិញអ្វីមិនបានទេ បើគ្មានទឹកចិត្តនោះ» ។
ខ្ញុំទម្លាក់ប៊ិចចុះ រួចងាកទៅរកម្ចាស់សំឡេង គេក៏រលាយបាត់ គឺរលាយក្នុងមនសិការរបស់ខ្ញុំ ព្រលឹងខ្ញុំក៏ដកចេញទៅ ហើយហោះទៅឆ្ងាយ រូបកាយដែលមានអាយុត្រឹមតែសែផ្លាយក៏ដួលនៅលើរនាបក្ដារទាំងជ្រងោ…។
កូនៗរបស់ខ្ញុំអង្គុយដកកចំហមាត់ស្តាប់ខ្ញុំនិយាយរឿងនិទានពីកំណត់ហេតុជីតាទួតនិងជីតារបស់ពួកគេ ដែលត្រូវជាជីតានិងឪពុកបង្កើតរបស់ខ្ញុំ… ខ្ញុំស្ថិតនៅឆ្នាំ២០៥០…
ចប់ ៖ ដោយ សយ ស៊ីណា
http://ift.tt/eA8V8J