ស្ត្រីសកម្មជនដីធ្លីម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដោយឡែកគណបក្សសង្គ្រោះជាតិបានចេញមកប្រកាសថាធ្វើនឹងធ្វើយុទ្ធនាការនេះនៅរៀងរាល់ថ្ងៃច័ន្ទ
ភ្នំពេញ៖ ស្ត្រីសកម្មជនដីធ្លីក្នុងសហគមន៍បុរីកីឡាម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា ចាប់ខ្លួននាំទៅអធិការខណ្ឌ ខណៈស្ត្រីសកម្មជនដីធ្លីប្រមាណ ១០នាក់ ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅក្នុងសហគមន៍បុរីកីឡា នៅព្រឹកថ្ងៃច័ន្ទទី៨ ខែសីហា ឆ្នាំ២០១៦នេះ។ ស្ត្រីសកម្មជនដីធ្លីដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះ គឺអ្នកស្រី សរ ស៊ន។ អ្នកស្រីធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទៅអប់រំចំនួន ៥ដងហើយដោយសារតែបានចូលរួមធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលទាមទារឲ្យដោះលែងមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ដែលត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី។
ប៉ុន្តែក្រោយពីឃាតកម្មលើបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា ពលរដ្ឋសកម្មជនដីធ្លីដែលតែងតែធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ បានរួមបញ្ចូលនឹងការទាមទារឲ្យតុលាការរកយុត្តិធម៌ដល់លោក កែម ឡី ផង។ ក្នុងពេលចាប់ខ្លួនអ្នកស្រី សរ ស៊ន គឺសមត្ថកិច្ចបានចុះមករារាំងស្ត្រីសកម្មជនដីធ្លីប្រមាណ ១០នាក់ ហើយក៏ប្រតាយប្រតប់គ្នា និងហែករូបបណ្ឌិត កែម ឡី ដែលពួកគេបានកាន់ក្នុងដៃ ដើរសំដៅទៅសាលាដំបូងរាជធានីភ្នំពេញ។
តំណាងសហគមន៍បុរីកីឡា លោកស្រី ភោគ សុភិន ថ្លែងថា ពួកគាត់មិនមានសិទ្ធិសេរីភាពគ្រប់គ្រាន់នោះទេ ក្នុងនាមជាពលរដ្ឋមួយរូបក្នុងការទាមទារស្វែងរកយុត្តិធម៌ដល់អ្នកដែលបានស្លាប់ និងជាប់ឃុំខ្លួនដោយអយុត្តិធម៌នោះឡើយ។ លោកស្រីស្នើដល់សហគមន៍ជាតិ និងអន្តរជាតិ ជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ដល់ពួកគាត់ផង។ ពួគាត់ថ្លែងថា សមត្ថកិច្ចមានអំណាច ប្រើអំពើហិង្សា។ ពួកខ្ញុំជាំដៃជើងខ្លួនអស់ហើយដោយសារពួកគាត់អូសទាញរុញច្រានពួកខ្ញុំ។ សូមបងប្អូនជាតិអន្តរជាតិ មេត្តាជួយមើលជួយពួកខ្ញុំផង។ ពួកខ្ញុំជាជនរងគ្រោះ។ គេបិទសិទ្ធិពួកខ្ញុំ។ ពលរដ្ឋអះអាងថា ពួកគាត់នៅតែបន្តការទាមទារតទៅទៀតរហូតទទួលបានជោគជ័យ។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ទង្វើដែលអាជ្ញាធរធ្វើនេះ គឺមិនមានលទ្ធផលល្អនោះឡើយ។ ផ្ទុយទៅវិញ វារឹតតែបញ្ឆេះកំហឹងពលរដ្ឋកាន់តែខ្លាំងឡើង ដោយសារពេលនេះពួកគាត់កំពុងខឹងសម្បានឹងការបាញ់សម្លាប់បណ្ឌិត កែម ឡី៖ «រដ្ឋាភិបាលជាមួយនឹងតុលាការ លោកគួរតែពន្លឿននីតិវិធី និងពិចារណាក្នុងការដោះលែងសកម្មជនការពារសិទ្ធិមនុស្សទាំង ៥នាក់នោះទៅ បើសិនជាមិនមានភស្តុតាងគ្រប់គ្រាន់នោះទេ ហើយទី២ រដ្ឋាភិបាលត្រូវតែបង្កើននៃការស៊ើបអង្កេតដោយតម្លាភាព និងយុត្តិធម៌ដល់ក្រុមគ្រួសារបណ្ឌិត កែម ឡី និងចាប់ជនដែលពាក់ព័ន្ធ និងអ្នកដែលនៅពីក្រោយខ្នង យកទៅផ្ដន្ទាទោសដែលធ្វើឲ្យពលរដ្ឋលោកអស់ចិត្ត ហើយក៏មិនមានការខឹងសម្បាជាមួយអាជ្ញាធរ ហើយនឹងមិនមានការចោទប្រកាន់ណាមួយទៅលើរដ្ឋាភិបាលនោះបាទ»។
ទាក់ទងនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះដែរ គណបក្សសង្គ្រោះជាតិបានចេញមកប្រកាសជាលើកដំបូងនៅរសៀលថ្ងៃទី៨ ខែសីហា នេះថា គណបក្សនេះនឹងចូលរួមធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ នៅរៀងរាល់ថ្ងៃច័ន្ទដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៨ សីហា ថា ការចូលរួមនេះ គឺធ្វើតាមរយៈការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងប្រមូលផ្តុំនៅទីស្នាក់ការគណបក្ស និងមានការថ្លែងសារនានា។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនមានអំណាចអ្វីឡើយ ដូចនេះអ្វីដែលគណបក្សនេះអាចធ្វើបាន គឺមានតែការប្រើប្រាស់សតិសម្បជញ្ញៈមនសិការ ឬសម្ដីដើម្បីតស៊ូមតិឲ្យមានការដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងគាបសង្កត់មកលើសិទ្ធិសេរីភាពពលរដ្ឋ និងអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ៕
http://ift.tt/2b8gLbs