ឈើកាប់ចេញពីតំបន់ឧទ្យានក្នុងភូមិសាស្ត្រ ខេត្តកោះកុង, ពោធិ៍សាត់, កំពង់ស្ពឺ និងកំពង់ឆ្នាំង ដឹកជញ្ជូនកាត់ប៉ុស្តិ៍មន្ត្រីឧទ្យានុរក្សបរិស្ថានគ្រប់កន្លែងចេញមុនចេញទៅទៅវៀតណាម ច្រកទន់ហន់ និងច្រកភ្នំដិន
ភ្នំពេញ៖ បន្ទាប់ពីចុះអង្កេត អង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បានពិនិត្យតាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ បានរកឃើញថា តំបន់អភិរក្សជួរភ្នំក្រវាញ មានសកម្មភាពកាប់បំផ្លាញ ព្រៃឈើ ដឹកជញ្ជូនទៅលក់នៅ ប្រទេស វៀតណាម តាមច្រកព្រំដែនខេត្តតាកែវ និងខេត្តកំពតកំពុងផ្ទុះឡើងដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ។ នៅថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៦ អង្គការមួយនេះ បានផ្ញើរបាយការណ៍មួយច្បាប់ដាក់ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយអន្តរាគមន៍ទៅប្រមុខរាជរដ្ឋាភិបាល ជួយទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់អភិរក្ស ស្ថិតនៅជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រ ខេត្តកោះកុង, ពោធិ៍សាត់, កំពង់ស្ពឺ និងកំពង់ឆ្នាំង នោះ។
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅតំបន់ភ្នំឱរ៉ាល់ ចំណុចស្រែកិន១ ដែលជាកន្លែងមន្ត្រីឧទ្យានុរក្ស បរិស្ថានដាក់ ប៉ុស្តិ៍ប្រចាំការ ដែលមានឈ្មោះ កង ញឹប ជាប្រធានក្រុមល្បាត ក្រុមអង្គការខាងលើនេះបានសហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបង្ក្រាបឈើបាន១៤ម៉ែត្រគូប ។ លុះ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ក្រុមអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បានចុះទៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រកឃើញឈើប្រណីត១៤៥ដុំ ស្មើនឹង៣០ម៉ែត្រគូប ដែលឈ្មួញលាក់ទុកនៅក្បែរស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ដែលករណីនេះបង្កការភ្ញាក់ផ្អើល និងមន្ទឹលសង្ស័យដែលហេតុដូចម្តេចឈ្មួញប្រព្រឹត្តបទល្មើសនៅក្បែរសំយ៉ាបប៉ុស្តិ៍សមត្ថកិច្ច។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ អង្គការបានសហការជាមួយស្ថាប័នព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ និងរដ្ឋបាលព្រៃឈើចុះចាប់ឈើប្រណីត២៥ម៉ែត្រគូប នៅភូមិព្រៃមាន ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាឈើដែលគេដឹកចេញពីខេត្តពោធិ៍សាត់ តាមចំណុចអូរត្រាវ ដែលមានប៉ុស្តិ៍មន្ត្រីឱទ្យានុរក្សបរិស្ថានក្រុមលោក ឃុំ ឡេង នៅទីនោះ ។ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ក៏មានប៉ុស្តិ៍មន្ត្រីឧទ្យានុរក្សបរិស្ថានរបស់ឈ្មោះនួន ចក់ ជាប្រធានក្រុមល្បាត ស្ថិតនៅក្នុងឃុំត្រពាំងជោ ។ ចំណែកនៅឃុំតាសាល មានទីតាំងមន្ត្រីឧទ្យានុរក្សដាក់ប៉ុស្តិ៍ចំនួន៤កន្លែង ទី១នៅភូមិ សំរោង ទី២នៅចំណុចតេទឹកពុះ ទី៣នៅចំណុចខ្សាល់ និងទី៤នៅចំណុចភូមិតាំងពុង ដែលទាំង៤ចំណុចនេះ គ្រប់គ្រងដោយឈ្មោះ ខន សុខុន និងហី ចាន់ ។ រីឯនាយកដែនជម្រកគ្រប់គ្រងដោយលោក យ៉ង ភារម្យ ។
ឈើដែលក្រុមឈ្មួញដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រំដែនខេត្តតាកែវ និងខេត្តកំពត គឺជាឈើដែលកាប់មកពីស្រុកភ្នំក្រវាញ និងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ និងមួយចំណែកទៀតមកពីស្រុកស្រែអំបិល ស្រុកថ្មបាំង ខេត្តកោះកុង ។ រីឯនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក៏ដូចជានៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងតំបន់ឧទ្យានជាតិគិរីរម្យ ក៏មានការកាប់ឈើយ៉ាងរង្គាលដែរ ដោយឈ្មួញដឹកឆ្លងកាត់ផ្លូវជាតិលេខ៤៤, លេខ៥២, ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវលេខ៣១៧ សម្តៅទៅច្រកទន់ហន់ ខេត្តកំពត និងច្រកភ្នំដិន ខេត្តតាកែវ ដោយឆ្លងកាត់សមត្ថកិច្ចច្រើនប៉ុស្តិ៍ណាស់មុននឹងឆ្លងចូលទឹកដីវៀតណាម។ ជាក់ស្តែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ រថយន្តដឹកឈើប្រណីតដែលមានម្ចាស់ឈ្មោះ ជឿង ថេង មន្ត្រីបម្រើការងារនៅការិយាល័យទី២ ភូមិភាគទី៣ បានដឹកឈើបណ្តាលឲ្យបាក់ស្ពានបាឡេមួយនៅភូមិជ័យសេនា ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ។
បើទោះបីជាប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ មានប្រសាសន៍កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិអន្លង់ជ្រៃ ឃុំ៨មុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺបញ្ជាឲ្យមន្ត្រីឧទ្យានុរក្ស បរិស្ថានសហការជាមួយប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីទប់ស្កាត់បទល្មើសក៏ដោយ ក៏មន្ត្រីបរិស្ថានមិនព្រមសហការបង្ក្រាបនោះដែរ ។ បច្ចុប្បន្នបទល្មើសព្រៃឈើ នៅតែបន្តរងការយារយីនៅតំបន់ភ្នំដោះក្រមុំ, នៅចម្លងសៀម, ឆែរៀប, ភ្នំខ្នងសា, ភ្នំខ្នងក្រពើ, ភ្នំខ្នងស្រល ជាប់ព្រំប្រទល់ខេត្តកោះកុង និងកំពង់ស្ពឺ ជាពិសេសនៅចំណុចច្រោះច្រងាំជ្រុ, ភ្នំម៉ាងក្រលៀង, អូរល្ហុង, អូរទឹកក្រហម ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមួយផ្នែកទៀតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្ននេះ ក្នុងតំបន់ការពារ នៅតែមានម៉ាស៊ីនត្រង់សីណ័រ ម៉ាស៊ីរ៉ៃ គោយន្ត រទេះគោ ក្របីចូលទៅធ្វើសកម្មភាពក្នុងតំបន់អភិរក្សដោយពុំមានការថយចុះនោះទេ បើទោះបីជារាជរដ្ឋាភិបាលប្រកាសបិទការនាំឈើចេញទៅក្រៅប្រទេសក៏ដោយ ។ នៅតំបន់នីមួយៗ រួមមានមន្ត្រីឧទ្យានុរក្សបរិស្ថាន, មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត តែហាក់ដូចជាពុំមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពទេ ដែលជាហេតុធ្វើឲ្យព្រៃឈើនៅតំបន់អភិរក្ស នៅតែរងការកាប់បំផ្លាញជាបន្តបន្ទាប់ហើយឈ្មួញដឹកជញ្ជូនមិនអាចរំលងក្នុងខ្សែភ្នែក សមត្ថកិច្ចមន្ត្រីឧទ្យានុរក្សបរិស្ថានបានឡើយ។ ប៉ុន្តែសួរថាបទល្មើសកាប់និងបទល្មើសដឹកជញ្ជូនតាមអំពើចិត្តឆ្ពោះទៅប្រទេសវៀតណាមបានដោយសារអ្វី?៕
http://ift.tt/2aIcVpC