អាត្រាជម្ងឺគ្រុនឈាមក្នុងខេត្តកំពង់ឆ្នាំងដើមឆ្នាំ២០១៧មាន៣៣ករណី ថយចុះជាងដើមឆ្នាំ២០១៦ដែលកើតមាន១៤៤ករណី
ខេត្តកំពង់ឆ្នាំង៖ ក្នុងពេលចុះផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាមនៅក្នុងស្រុកបរិបូណ៌ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់អោយដឹងថា៖ ជម្ងឺគ្រុនឈាមនៅក្នុងខេត្តដើមឆ្នាំ២០១៧នេះ បានថយចុះគួរអោយកត់សម្គាល់ បើប្រៀបធៀបពេលវេលាដូចគ្នាទៅនឹងដើមឆ្នាំ២០១៦ ព្រោះថាក្នុងរយៈពេល២៤សប្តាហ៍ ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកជម្ងឺគ្រុនឈាមមានតែ៣៣ករណីតែប៉ុណ្ណោះ និងមិនទាន់មានកុមារណាម្នាក់ស្លាប់ដោយសារជម្ងឺនេះនៅឡើយទេ ខុសគ្នាកាលពីឆ្នាំ២០១៦ ក្នុងរយៈពេល២៤សប្តាហ៍ដូចគ្នា គឺក្នុងខេត្តបានផ្ទុះជម្ងឺគ្រុនឈាមរហូតដល់១៤៤ករណី និងមានកុមារស្លាប់ចំនួន៦នាក់។
លោក ប្រាក់ វ៉ុន បានបន្តអោយដឹងថា៖ ជម្ងឺគ្រុនឈាមជាជម្ងឺគ្រុនក្តៅមួយ ដែលបង្កឡើងដោយពពួកវីរុសដាំង មាន៤ប្រភេទ ដែលពពួកមូសខ្លាជាភ្នាក់ចម្លងនៃជម្ងឺនេះ គិតត្រឹមរយះពេល៥ខែដើមឆ្នាំ២០១៧នេះ ពុំទាន់មានករណីស្លាប់ដោយសារជម្ងឺនេះនៅឡើយទេ។ វិធានការណ៍សំខាន់ៗក្នុងការបង្ការការចម្លងវីរុសជម្ងឺគ្រុនឈាមនេះ គឺការប្រយុទ្ធទៅនឹងភ្នាក់ងារចម្លងតាមរយៈ ការអប់រំសុខភាពស្តីពីការបង្ការខ្លួនពីជម្ងឺគ្រុនឈាម ដោយត្រូវចូលរួមធ្វើអនាម័យរក្សាបរិស្ថានល្អ ដើម្បីលុបបំបាត់ជម្រកមូសខ្លា, ការផ្សព្វផ្សាយតាមបាណូ, ការដាក់ថ្នាំសម្លាប់ដង្កូវទឹក, ការពង្រឹងរោគវិនិច្ឆ័យ និងព្យាបាល, បន្តចុះតាមដានអង្កេត និងស្រាវជ្រាវក្នុងសហគមន៍ ដើម្បីអោយក្រុមការងារចុះបាញ់ថ្នាំ, ត្រៀមសេរ៉ូម ថ្នាំបាញ់អាបែត សម្ភារៈអប់រំសុខភាព និងធនធានមនុស្ស។
លោក ប្រាក់ វ៉ុន បានសំណូមពរអោយប្រជាពលរដ្ឋចូលរួមអនុវត្តអនាម័យដើម្បីបរិស្ថានល្អ លុបបំបាត់ជម្រក និងប្រភពកើតមូសខ្លា ដូចជាលាងសំអាតពាងអាងអោយបានម្តងក្នុង១សប្តាហ៍ ដាក់ថ្នាំអាបែតចូលក្នុងពាងអាង និងត្រូវលុបបំបាត់ឬត្រូវបំផ្លាញចោលនូវសំភារៈដក់ទឹកដែលមិនប្រើប្រាស់រួមមាន ពាង អាង ក្រឡ ចាន កំប៉ុង សំបកកង់ ម៉ូតូ ឡាន និងសំបកដូងជាដើម។ អនុវត្តវិធានការការពារនៅក្នុងគ្រួសារដោយបើកបង្អួចលំនៅដ្ឋានអោយភ្លឺនៅពេលថ្ងៃ ស្លៀកពាក់ខោអាវដៃវែងជើងវែងដល់កូនចៅ។ ក្នុងករណីមានកូនក្តៅខ្លួន សង្ស័យថាជាជម្ងឺគ្រុនឈាម ត្រូវប្រញាប់យកកូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិត មិនត្រូវប្រើឱសថផ្សំ ឬព្យាបាលនៅសេវាពេទ្យឯកជន ដែលមិនមានជំនាញព្យាបាលច្បាស់លាស់នោះឡើយ៕ ( ឈៀង ថារិទ្ទ )
http://ift.tt/2svBInu