ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរខេត្តជួយធ្វើផ្លូវលំមួយខ្យែជាប់ខាងត្បូងផ្សារពន្លៃស្រុកបរិបូណ៌ដែលបានខូចខាតយ៉ាងខ្លាំងលំបាកក្នុងធ្វើដំណើរជាយូរមកហើយ
ខេត្តកំពង់ឆ្នាំង៖ ផ្លូវលំមួយខ្យែនៅជាប់ពីខាងត្បូងផ្សារពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៌ ចេញពីផ្លូវជាតិលេខ៥ ទៅកាន់ឃុំពេជចង្វា បានរងការខូចខាតស្ទើរទាំងស្រុង ពិសេសចំណុចជាប់ផ្សារនេះតែម្តង ដែលប្រជាពល រដ្ឋ រស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរបានត្អូញត្អែរថា ផ្លូវមួយខ្យែនេះខូចខាតយូរហើយគ្មានអ្នកធ្វើឡើយធ្វើអោយប្រជាពលរដ្ឋមានការជួបលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរសព្វថ្ងៃនេះ ។
អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅជាប់ដងផ្លូវដែលរងការខូចខាត នេះបានលើកឡើងថាៈ ការពិតផ្លូវនេះគេឃើញមានចាក់ដីធ្វើរាល់ឆ្នាំដែរ ប៉ុន្តែដោយសារគ្មានប្រពន្ឋ័លូបង្ហូរទឹកទើបបណ្តាលអោយផ្លូវនេះខូចជារៀងរាល់ឆ្នាំ ធ្វើអោយប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង អាស្រ័យហេតុនេះពួកគាត់សុំសំណូមពរ ដល់អាជ្ញាធរខេត្ត និងអង្គភាពពាក់ពន្ធ័ ជាពិសេសប្រមុខរាជរដ្ឋាភិបាលសូមមេត្តាជួយកសាងផ្លូវមួយខ្យែនេះដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរដោយស្រួលផង ។
ផ្តើមចេញពីការលំបាក ធ្វើដំណើរនៅតាមផ្លូវខាងលើនេះ ក៍មានបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាពផ្លូវលំបាកនេះត្អូញត្អែរសុំអោយអាជ្ញាធរជួយធ្វើ ហើយបន្ទាប់មកក៍ឃើញមានអ្នកចូលទៅ កុំមិន (comment) តាមទស្សនៈផ្សេងៗគ្នា ខ្លះថាអោយមេឃុំទើបជាប់ឆ្នោតថ្មី គឺគណៈបក្សសង្គ្រោះជាតិធ្វើទៅ ….? តែខ្លះថាៈ ផ្លូវខូចយូរហើយមេឃុំចាស់ម៉េចមិនព្រមធ្វើ …..? ចំណែកខ្លះទៀតបែបនិយាយថាៈ ខាងណាជាប់ឆ្នោតក៍ដោយ សូមយកប្រាក់បដិភាគ និងមូលនិធិឃុំធ្វើទៅ នឹងបានធ្វើដំណើរស្រួលទាំងអស់គ្នា ។
ទាក់ទងនិងផ្លូវមួយខ្សែនេះ លោ ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា នេះថា កុំទាន់ចោទដាក់គ្នាអីផ្លូវមួយខ្យែនេះមានប្រវែង ជាង១២គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥ចំណុចផ្សារពន្លៃនេះ ទៅកាន់ឃុំពេជចង្វា ស្រុកបរិបូណ៌ មានគម្រោងធ្លាក់មកហើយ គឺក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកធ្វើដោយត្រូវធ្វើក្រាលកៅស៊ូ ហើយបើតាមដឹង និងធ្លាក់មកឆាប់ៗនេះ មិនដល់ឆ្នាំ២០១៨នោះទេ ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តចុះ និងសូមអត់ធ្មត់ទ្រាំបន្តិចទៅ នឹងបានផ្លូវថ្មីក្រាលកៅស៊ូក្នុងពេលឆាប់ៗខាងមុខនេះ ។
ដោយឡែកមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថាៈ ក្រសួងអភិវឌ្ឍន៍ជនបទនឹងទៅបន្តធ្វើផ្លូវលំខាងលើនេះ ក្នុងពេលឆាប់ៗនេះ ព្រោះបច្ចុប្បន្នក្រុមការងារក្រសួងកំពុងជាប់ធ្វើផ្លូវក្រាលកៅស៊ូដូចគ្នានេះដែរ ពីផ្លូវជាតិលេខ៥ចំណុចភូមិឈើនាគ ទៅផ្លូវជាតិលេខ៥៣ ស្រុកទឹកផុស៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2syyws1