អ្នកស្រុកភូមិកងមាស ឃុំគោកបន្ទាយ បានបន្តថែរក្សាមរតកត្បាញកន្ទេលកក់ពីដូនតា សម្រាប់លក់ដោះស្រាយជីវភាព បន្ទាប់ពីការងារធ្វើស្រែចំការ
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ប្រមាណ៤០គ្រួសារ នៅតែបន្តថែរក្សាមរតកតម្បាញកន្ទេលកក់ពីដូនតា សម្រាប់លក់ដូរលើកស្ទួយជីវភាពក្នុងគ្រួសារ បន្ទាប់ពីការរងារធ្វើស្រែចំការជាការងារស្នូល ទោះបីសព្វថ្ងៃដើមកក់មូលសំរាប់ត្បាញកន្ទេលក្រហម ត្រូវតែធ្វើដាំស្ទួងដូចស្រូវទើបបានដើមកក់យកមកត្បាញកន្ទេលបានយ៉ាងណាក្តី ។
លោកយាយ ប៉ែន ម៉ន អាយុ៧៨ឆ្នាំ រស់នៅភូមិកងមាស បាននិយាយអោយដឹងថា៖ គាត់បានប្រកបរបរត្បាញកន្ទេលកក់លក់តាំងពីសង្គមចាស់មក ។ ប៉ុន្តែពីសង្គមចាស់ អ្នកត្បាញកន្ទេលក្រហមធ្វើពីកក់មូលមិនពិបាកដាំដូចសព្វថ្ងៃទេ គឺគេអាចដើរច្រូតតាមមាត់បឹង តាមមាត់ព្រែកបាន យកមកត្បាញកន្ទេលបានហើយ ប៉ុន្តែសព្វថ្ងៃនេះដើមកក់មូលទាល់តែដាំទើប មានដើមកក់យកមកត្បាញកន្ទេលបាន។
លោកយាយ បានអោយដឹងទៀតថា៖ ការដាំដើមកក់មូល ត្រូវព្រួសគ្រាប់កក់ បន្ទាប់មកយកមកស្ទូងធ្វើដូចជាដាំស្រូវដែរ ហើយការស្ទូងដាំមានរយៈពេលពី៣០ទៅ៤៥ថ្ងៃ ទើបច្រូតដើមកក់ យកមកជ្រៀកហា លថ្ងៃអោយស្ងួត និងទិញពណ៌មកជ្រលក់តាមតម្រូវការ រួចទើបយកមកត្បាញជាកន្ទេលក្រហមបាន ។ ការត្បាញកន្ទេលក្រហមនៅក្នុង១ថ្ងៃ២នាក់ អាចត្បាញបានកន្ទេលក្រហមតូចៗ២ (ត្បាញកន្ទេលត្រូវមានមនុស្ស២នាក់ទើបត្បាញកើត)ចំណែកតម្លៃ មានចាប់ពី៣ម៉ឺន ដល់ជាង១០ម៉ឺនរៀល ទៅតាមទំហំកន្ទេលតូចធំ។
ស្ត្រីឈ្មោះ រស់ សួង អាយុ៦៥ឆ្នាំ កំពុងត្បាញកន្ទេលកក់ជ្រុងបាននិយាយអោយដឹងថា៖ កន្ទេលកក់ជ្រុង១ថ្លៃ១ម៉ឺនរៀល ថោកជាងកន្ទេលក្រហមកក់មូល ។ ប៉ុន្តែដើមកក់ជ្រុងមិនពិបាកដាំដូចកក់មូលទេ គឺអា ចដើរច្រូតតាមបឹង តាមមាត់ព្រែកបាន ហើយកន្ទេលកក់ជ្រុងនេះមិនពិបាកជ្រលក់ពណ៌ដែរ ក្នុងមួយថ្ងៃ២នាក់អាចត្បាញកន្ទេលតូចៗបាន៤ ។ ការធ្វើកន្ទេលកក់ជ្រុងងាយស្រួលជាងកក់មូល ព្រោះគ្រាន់តែដើរទៅច្រូតកក់ជ្រុងតាមបឹង យកមកជ្រៀកហាលអោយស្ងួតទើបត្បាញជាកន្ទេលបាន ចំណែកការត្បាញកន្ទេលនេះមានដើមទុនត្រូវទិញតែ ដើមក្រចៅយកមកត្បាញកន្ទេលតែប៉ុណ្ណោះ ។
លោកមេភូមិកងមាស ឃុំគោកបន្ទាយ មានអោយដឹងថា៖ ប្រជាពលរដ្ឋដែលប្រកបមុខរបរត្បាញកន្ទេ លលក់មានប្រមាណពី៣០ទៅ៤០គ្រួសារតែប៉ុណ្ណោះ ហើយការត្បាញកន្ទេលកក់នេះគឺជាមុខរបរបន្ទាប់បន្សំ រកចំណូលប្រចាំថ្ងៃ ក្រៅពីការធ្វើស្រែចំការតែប៉ុណ្ណោះ។ លោកមេភូមិសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ មេត្តាជួយគាំទ្រ និងជួយទិញកន្ទេលក្រហម និងកន្ទេលកក់ជ្រុងរបស់អ្នកភូមិកងមាសផង ដើម្បីលើកទឹកចិត្តអោយពួកគាត់បន្តថែរក្សាមរតកពីដូនតាយើងកុំអោយបាត់បង់៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2tQuGYS