ល្បែងភ្នាល់ទឹកភ្លៀងដែលបង្កប់ដោយវង់បៀរ និងអាប៉ោង នៅក្រុងបាត់ដំបងមានហ៊ុនខ្យល់របស់មន្ត្រីគ្រាក់ៗ ទើបគ្មាននរណាហ៊ានបង្ក្រាប?
ខេត្តបាត់ដំបង ៖ គេសង្កេតឃើញថាជារៀងរាល់ឆ្នាំចាប់ពីខែឧសភាដល់ខែតុលា ល្បែងភ្នាល់ទឹកភ្លៀង ស្ថិតនៅចំណុច វាលស្រែ១០០ ក្នុងភូមិចំការសំរោង សង្កាត់សំរោង ក្រុងបាត់ដំបង និងភូមិកាប់គោថ្មី សង្កាត់អូរចារ ដោយមានទាំង វង់អាប៉ោង បៀ និងខ្លាឃ្លោកសុទ្ធតែជាល្បែងខុសច្បាប់បើកលេងដោយសេរីទ្រង់ទ្រាយធំ តែអាជ្ញាធរខេត្ត ក្រុង មិនដែលបង្ក្រាបទេ ។ មានការលើកឡើងថា មេបនល្បែងឈ្មោះ តាល់ ជាអ្នកចាត់ចែងរត់ការបង់លុយឲ្យ មន្ត្រីជំនាញ គ្រប់លំដាប់ថ្នាក់ ទាំងអស់ រួមមានសាលាខេត្តបាត់ដំបង សមត្ថកិច្ចប៉ូលិស និងមន្ត្រីតុលាការ ថែមទៀតផង។ល។ ក្រៅពីនេះមានអ្នកបង្ហើបថា មានមន្ត្រីគ្រាក់ៗមានហ៊ុនខ្យល់ក្នុងបនល្បែងទឹកភ្លៀងទៀតផង ទើបមេបនល្បែង និងអ្នកលេងល្បែង មិនដែលឃើញមានការរំខានម្តងណាឡើយពីសមត្ថកិច្ចខេត្តក្រុងបាត់ដំបង។
ច្រើនឆ្នាំមកហើយ ដែលឈ្មោះ ត្នោតជុំ និងឈ្មោះ តាល់ រួមទាំងមេការ រហស្សនាម ១០៨ និង៨៣ បានបើក បនល្បែងស៊ីសង ដោយមានទាំង ល្បែងភ្នាល់ទឹកភ្លៀង គ្មាននរណា ហ៊ានបង្ក្រាបនោះទេ ហើយក្រៅពីឈ្មោះ ត្នោតជុំ និងឈ្មោះ តាល់ ក៏គ្មាននរណា ហ៊ានដេញថ្លៃ បើកបនល្បែង ភ្នាល់ទឹកភ្លៀងនោះដែរ ដោយសារតែមេបនល្បែងរូបនេះ ជាមនុស្សស្គាល់ចិត្តស្គាល់ថ្លើមជាមួយមន្ត្រីគ្រាក់ៗក្នុងខេត្តយ៉ាងពិសេសទៅហើយ។ ឮថាក្នុងមួយខែៗ មេបនល្បែងត្រូវចំណាយ រាប់ម៉ឺនដុល្លារ ដល់សមត្ថកិច្ច ។ ក្រៅពីបើកបនល្បែង ភ្នាល់ទឹកភ្លៀង ក្នុងនោះក៏មាន វង់អាប៉ោង បៀ និងគ្រាប់អម្ពិល ខ្លាឃ្លោក ទាក់ទាញអ្នកចូលចិត្តលេងល្បែងស៊ីសងកាន់តែច្រើនឡើងៗគួរឲ្យព្រួយបារម្ភ។
ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចដល់លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ឲ្យចាត់វិធានការលុបបំបាត់ល្បែងស៊ីសងខាងលើ និងល្បែងជាច្រើនប្រភេទទៀតដែលកំពុងរាលដាលនៅក្នុងក្រុងបាត់ដំបងទាំងមូល។ ក៏ប៉ុន្តែច្រើនខែមកនេះមិនទាន់ឃើញលោក ច័ន្ទ សុផល ជាអភិបាលខេត្ត និងលោក ស ថេត ជាស្នងការនគរបាលខេត្តបាត់ដំបង បង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នោះទេ។ ប្រការនេះហើយទើបមានមជ្ឈដ្ឋានខ្លះរិះគន់ថា ល្បែងស៊ីសងច្រើនប្រភេទដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យក្នុងក្រុងបាត់ដំបង គឺជាប្រភពចំណូលរបស់អភិបាលខេត្ត និងស្នងការនគរបាលខេត្ត ទើបម្ចាស់បនល្បែងទាំងនោះអាចធ្វើអ្វីៗតាមអំពើចិត្ត៕
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត
http://ift.tt/2uq0Ixu