ប្រជាពលរដ្ឋភូមិស្រែតាជៃ រងគ្រោះព្រោះ «ខ្យងក្រហម ឬខ្យងថៃ» កាត់បំផ្លាញស្រូវសន្ទូង ស្នើសុំមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ជួយមានវិធានការណ៍
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅ ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស សព្វថ្ងៃនេះកំពុងរងគ្រោះ ដោយសារខ្យងក្រហមកាត់បំផ្លាញស្រូវសន្ទូងនៅតាមស្រែជាច្រើនកន្លែង គឺពួកគាត់គ្មានវិធីទប់ស្កាត់សត្វខ្យងនេះបានឡើ យ ដោយមានតែវិធីម្យ៉ាងគត់គឺជួលក្មេងៗអោយដើររើសខ្យងទាំងនោះ យកមកកំទេចចោលតែប៉ុណ្ណោះ។ ហេតុនេះហើយ ពួកគាត់បានស្នើសុំដល់លោកប្រធានមន្ទីរកសិកម្មខេត្ត មេត្តាជួយមានវិធានការណ៍ទប់ស្កាត់ និងបំផ្លាញសត្វខ្យងចង្រៃនេះផង។
ស្ត្រីឈ្មោះ សាន ស្រីពៅ អាយុ៤៦ឆ្នាំ មានទីលំនៅភូមិឃុំខាងលើបានអោយដឹងថា៖ គាត់មានស្រែចំនួន៦កន្លែង មានទំហំប្រមាណ១ហិកតា មកដល់ពេលនេះត្រូវខ្យងថៃ ឬខ្យងក្រហមកាត់បំផ្លាញ អស់ជាងពាក់កណ្តាល ។ កន្លងមកគាត់គ្មានវិធីអ្វីកំចាត់ខ្យងនេះបានទេ ទើបគាត់ជួលក្មេងៗនៅក្នុងភូមិដើររើសខ្យងទាំងនោះយកទៅបំផ្លាញចោល ដោយក្នុងមួយថ្ងៃៗក្មេងៗរើសខ្យងបានពី១០០ទៅ២០០គីឡូ និងក្នុងមួយគីឡូគាត់អោយថ្លៃ២០០រៀល ។ នៅក្នុងអាទិត្យមុននេះគ្រាន់តែជួលក្មេងៗដើររើសខ្យង គាត់បានចំណាយប្រាក់ជាង១០ម៉ឺនរៀល ។
យុវជនម្នាក់កំពុងដកសំណាប នៅជិតនោះដែរបាននិយាយអោយដឹងថា៖ រឿងខ្យងថៃកាត់ស្រូវក្នុងស្រែនេះគឺលំបាកកំចាត់វាណាស់ បើស្រែណាគោកអត់ទឹកវាសម្ងំក្នុងដី ពេលមានទឹកវាឡើងមកកាត់ស៊ីបណ្តូលដើមស្រូវអណ្តែតពេញទឹក ចំណែកពងវាក្នុងមួយសំបុកៗ មានពី៤០០ទៅ៥០០ពងឯណោះ គឺវាកើតលឿនណាស់ ហើយកន្លងមកអ្នកស្រុកគ្មានវិធីណាក្រៅពីនាំគ្នាដើររើសយកទៅបំផ្លាញចោលនោះទេ ។
ដោយឡែក លោក ឡាំ ស្រិន មេភូមិស្រែតាជៃ បានអោយដឹងថា៖ បញ្ហាខ្យងកាត់ស្រូវនេះបានកើតឡើងមកល់ស្រែប្រជាពលរដ្ឋក្នុងភូមិប្រមាណជាង១០ភាគរយ គឺកើតឡើងក្នុងស្រែណាមានទឹកដក់ជាប់ ដូចជាស្រែនៅតាមមាត់អូរជាដើម ។ ក្នុងនាមលោកជាមេភួមិ ស្នើសុំដល់លោកប្រធានមន្ទីរកសិកម្មខេត្ត និងជំ នាញផ្សេងៗ ដែលដឹងពីវិធីទប់ស្កាត់សត្វចង្រៃនេះ សូមមេត្តាចុះមកជួយប្រជាពលរដ្ឋគាត់ផង ។
ទាក់ទងនិងបញ្ហានេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ កន្លងមកមន្ត្រីជំនាញបានផ្តល់វិធីកំចាត់ខ្យងនេះដល់ប្រជាពលរដ្ឋ ដោយទទួលបានលទ្ឋផល គ្រាន់បើ គឺអោយពួកគាត់ម្ចាស់ស្រែ ជីកជាប្រឡាយព័ទ្ឋតាមភ្លឺស្រែនៅជុំវិញស្រែ គឺខ្យងទាំងនោះវា នឹងវាមកនៅតាមក្រឡុកប្រឡាយនោះ ហើយម្ចាស់ស្រែងាយនឹងប្រមូលយកទៅកំទេចចោលដោយមិនពិបាកដើររើសក្នុងស្រែឡើយ ។ ចំណែកពងរបស់វាគឺត្រូវបេះទម្លាក់ចោលក្នុងទឹក គឺវាមិនអាចញាស់កូនបានឡើយ។ ប៉ុន្តែបើខ្យងក្រហមនោះមានច្រើនពិតមែន លោកនឹងចាត់វិធានការណ៍អោយមន្ត្រីជំនាញរបស់មន្ទីរចុះទៅអោយដល់ស្រែជួយប្រជាពលរដ្ឋ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2tEIjug