សមត្ថកិច្ចត្រួតពិនិត្យអ្នកបើករថយន្តធុនធំពេលយប់ ក្នុងអ្នកបើកបរ៤០នាក់រកឃើញអ្នកផ្ទុកសារធាតុញៀន២នាក់ ( បើ១០០នាក់ ពិតជាមាន៥នាក់ ) ពិតជាគួរអោយព្រួយបារម្មណ៍
ខេត្តកំពង់ឆ្នាំង៖ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនៅតែកើតមាន ដែលភាគច្រើនបង្កឡើងដោយរថយន្តធំៗ ថ្មីៗនេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវវិធានការណ៍អោយសមត្ថកិច្ចត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ ដែលបានបើកបរឆ្លងកាត់ខេត្តកំពង់ឆ្នាំង។ ជាក់ស្តែងកាលពីយប់ថ្ងៃទី២៨ ខែសីហា ថ្មីៗនេះ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានរកឃើញអ្នកអ្នកផ្ទុកសារធាតុញៀន២នាក់ នៅក្នុងចំណោមអ្នកបើកបររថយន្តធុនធំចំនួន៤០នាក់ អាចវាយតម្លៃបានថា៖ ក្នុងអ្នកបើកបររថយន្តធំចំនួន១០០នាក់ គឺមានអ្នកប្រើគ្រឿងញៀន៥នាក់។
លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត ទទួលផែនប្រឆាំងបទល្មើសបានបញ្ជាក់អោយដឹងថា៖ ទោះបីក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវមានការថយចុះជាង៦ខែដើមឆ្នាំ២០១៦ក៍ពិតមែន តែក៍នៅមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករដោយអ្នកបើករថយន្តធុនធំប្រើប្រាស់គ្រឿងញៀនក្នុងពេលបើកបរផងដែរ ដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។ ដោយសារករណីនេះ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវវិធានការណ៍ត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្តធំៗនៅពេលយប់ ដើម្បីយកគេមកអប់រំណែនាំ និងជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលកំពុងធ្វើអាជីវកម្មធ្វើការទប់ស្កាត់។ ក្នុងនោះដែរកន្លងមកសមត្ថកិច្ចក៏រកឃើញសារធាតុញៀននៅក្នុងខ្លួនអ្នកបើកបររថយន្តក្រុងមួយចំនួនតូចផងដែរ ដែលករណីនេះគឺអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខសុវត្ថិភាពរបស់អ្នកដំណើររាប់សិបនាក់ ដែលជិះនៅក្នុងរថយន្តក្រុង។ ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ខែសីហានេះ ក្រុមសមត្ថកិច្ចចំរុះចុះបានពិនិត្យធ្វើកោសល្យវិច័យ លើទឹកនោមអ្នកបើកបររថយន្តធុនធំពេលយប់ ចំនួន៤០នាក់ គឺបានរកឃើញមានអ្នកផ្ទុកសារធាតុញៀនចំនួន២នាក់ ។ ដែលអាចវាយតន្លៃបានថា ក្នុងអ្នកបើកបររថយន្តធំ១០០នាក់ គឺអាចមានអ្នកប្រើគ្រឿងញៀន៥នាក់ គឺជាប្រការគួរអោយព្រួយបារម្មណ៍ ចពោះអ្នកធ្វើដំណើរតាមដងផ្លូវនៅពេលយប់ ។
អ្នកបើកបររថយន្តធុនធំម្នាក់ ដែលមានផ្ទុកសារធាតុញៀន បានបញ្ជាក់ប្រាប់ថា៖ ពួកគេប្រើប្រាស់ថ្នាំញៀនក្នុងពេលបើកបរដូច្នេះ ក៍ដោយសារថ្នាំញៀនអាចជួយអោយគេមិនងងុយដេក មានកម្លាំងបើកបររថយន្តនៅក្នុងចំងាយផ្លូវឆ្ងាយបាន និងមិនខ្លាចគ្រោះថ្នាក់ដល់ជីវិតទៀតផង ប្រសិនបើគេមិនប្រើថ្នាំញៀនទេ គឺពិតជាងុយដេកមិនអាចបើករថយន្តបានឆ្ងាយឡើយ ។
ទាក់ទងនិងករណីនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរនៅពេលយប់ ពិតជាមានការព្រួយបារម្មណ៍ខ្លាំងណាស់ ដោយសំណូមពរសមត្ថកិច្ច មេត្តាជួយត្រួតពិនិត្យអ្នកបើកបររយន្តធំៗអោយបានជាប្រចាំផងដើម្បីទប់ស្កាត់គ្រោះថ្នាក់ ជាពិសេសគឺអ្នកបើកបររថយន្តតាក់ស៊ី និងរថយន្តក្រុង ព្រោះថារថយន្តក្រុងបើមានគ្រោះថ្នាក់វិញនោះ ពិតជាមានអ្នកងគ្រោះដ៏ច្រើនមិនខានឡើយ។
ដោយឡែកតាមរបាយការណ៍បូកសរុបរបស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអោយដឹងថា៖ ការបង្ក្រាបមុខសញ្ញាជួញដូរ ចែចាយ ប្រើប្រាស់គ្រឿងញៀនលើកទី១រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ គឺលទ្ធផលបង្ក្រាបបានចំនួន៧៤ករណី ដោយឃាត់ខ្លួនបាន២០១នាក់ ស្រី២១នាក់ ដកហូតបាន គ្រឿងញៀនប្រភេទ(ICE)បាន៨៤,៦១ក្រាម ម្សៅកេតាមីន០,៤៧ក្រាម កញ្ឆាក្រៀម១៨,៩៧ក្រាម ដកហូតជញ្ជីងថ្លឹង២គ្រឿង រថយន្ត១គ្រឿង ម៉ូតូ២៥គ្រឿង ទូរស័ព្ទ១១៥គ្រឿង ដាវ១៧ដើម និងកាំបិត២ដើម៕ រឹទ្ធិ ជ័យ
http://ift.tt/2gpgxzs