អាជ្ញាធរខេត្តសម្រេចតម្រូវអោយក្រុមហ៊ុនទូកទេសចរណ៏បង់ថវិការ៨០០០រៀលក្នុងម្នាក់
ខេត្តព្រះសីហនុ៖ ថវិការចំនួន៨០០០រៀលក្នុងម្នាក់ ត្រូវបានអាជ្ញាធរខេត្តតម្រូវអោយក្រុមហ៊ុនទូកទេសចរណ៍ដឹកភ្ញៀវនៅក្នុងខេត្តព្រះសីហនុ បង់ជូនសាលាខេត្តដើម្បីប្រើប្រាស់លើការអភិវឌ្ឍន៍ការធានាសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានសន្តិសុខ នេះបើយោងតាមចំណារដ៍ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ លើលិខិតលេខ៣៤៩៩ សហវ.អទចចុះ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ។
ថ្លែងកិច្ចប្រជុំជាមួយក្រុមហ៊ុនទូកទេសចរណ៍ដឹកភ្ញៀវនៅក្នុងខេត្តព្រះសីហនុ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ផ្អែកតាមចណារដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី លើករណីស្ដីពីស្ថានភាពគ្រប់គ្រងនិងធ្វើអាជីវម្មទូកទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ និងដើម្បីពង្រឹងការគ្រប់គ្រងលើវិស័យទេសចរណ៍ និងចំណូល អោយស្របតាមនីតិវិធីហិរញ្ញវត្ថុសាធារណៈ ដែលរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ មានចំនួន៣គឺទី១ បង្កើតគណៈកម្មការអន្តរក្រសួង ដឹកនាំដោយក្រសួងទេសចរណ៍ ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងអាជ្ញាធរខេត្តដើម្បីគ្រប់គ្រងកំពង់ផែ និងការដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវទឹក ដើម្បីចុះសិក្សាស្រាវជ្រាវនិងពិនិត្យលទ្ធភាព បង្កើតកំពង់ផែទេសចរណ៍នេះរួចត្រូវរាយការណ៍សុំការសម្រេចដ៍ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ទី២ ក្រោយពីទទួលបានលទ្ធផលការងារនេះហើយ និងរៀបចំប្រកាសអន្តរក្រសួងស្ដីពីការគ្រប់គ្រងចំណូលលើវិស័យទេសចរណ៍ផ្លូវទឹក ដើម្បីអោយរដ្ឋបាលខេត្តពាក់ព័ន្ធទទួលបានកម្រៃជាថវិកាសម្រាប់ធ្វើការអភិវឌ្ឍន៍ធានាបាននូវសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន សន្តិសុខ សុវត្តិភាព ដោយអនុលោកតាមច្បាប់ស្ដីពីប្រព័ន្ធហិរញវត្ថុសាធារណៈជាធរមាន ។ ទី៣ ក្នុងចន្លោះអន្តរកាលនេះ អនុញ្ញាត្តិអោយរដ្ឋបាលខេត្តព្រះសីហនុ យកកម្រៃពីក្រុមហ៊ុនទេសចរណ៍តាមចំនួនភ្ញៀវទេសចរណ៍ក្នុងមួយនាក់៨០០០រៀល ដើម្បីប្រើប្រាស់លើការងារអភិវឌ្ឍន៍ការធានាបាននូវសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន សន្តិសុខ សុវត្តិភាពដោយអនុលោមនីតិវិធីហិរញវត្ថុ ជាសាធារណៈ៕ ទន់ សុខ
http://ift.tt/2vxOjZq