ជនល្មើសលួចចាក់ព្រះគ្រូចៅអធិការវត្តកោះថ្កូវពេលយប់ គឺជាករណីប៉ុនប៉ងលួច សមត្ថកិច្ចចាប់បានជនល្មើស២នាក់ ម្នាក់គឺជាចៅបង្កើតរបស់ព្រះគ្រូចៅអធិការវត្តរងគ្រោះ
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ ដែលបានលបលួចចូលទៅចាក់ព្រះគ្រូចៅអធិការវត្ត កោះថ្កូវ ដែលកំពុងសឹងក្នុងកុដិ ស្ថិតក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី កាលពីម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពេលកើតហេតុ៣ថ្ងៃ ហើយត្រូវបានតុលាការខេត្តសម្រេចឃុំខ្លួនជនល្មើសម្នាក់ (ចំណែកម្នាក់ទៀតជានិតិជនមិនគ្រប់អាយុត្រូវបានដោះលែង) ដោយចោទប្រកាន់ ពីបទប៉ុនប៉ងលួច និងប្រើអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិត្តស្រាលខេត្ត បានអោយដឹងថាៈ ជនសង្ស័យទាំង២នាក់ក្នុងករណីខាងលើនេះមាន ១ឈ្មោះ ស្ងួន ចាន់ណា អាយុ១៨ឆ្នាំ ជាជនដៃដល់ និង២ឈ្មោះ ស៊ន ថាត់ថៃ អាយុ១៤ ឆ្នាំ ជាចៅបង្កើតរបស់ព្រះសង្ឃរងគ្រោះ គេ២នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ដោយនៅយប់ថ្ងៃកើតហេតុ ជនសង្ស័យ ទាំង២នាក់បានលបចូលទៅក្នុងកុដិរបស់ព្រះគ្រូចៅអធិការវត្តកោះថ្កូវ ព្រះនាម យិន នឹម ព្រះជន្ម៨៤ ព្រះវស្សា ដើម្បីប៉ងលួចលុយ តែដោយសារព្រះអង្គដឹងខ្លួនទាន់ ទើបឈ្មោះ ស្ងួន ចាន់ណា បានយកដែកឆាបចុងស្រួចចាក់ចំឆ្អឹងជំនីរបស់ព្រះគ្រូចៅអធិការ បណ្តាលអោយព្រះអង្គរងរបួសធ្ងន់ រួចគេទាំង២នាក់ បាននាំគ្នារត់គេចខ្លួនបាត់ ។
ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវមក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ទាំង២នាក់ ហើយពួកគេក៏បានសារភាពអំពីសកម្មភាពខាងលើនេះ ហើយសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនខ្លួនគេទាំង២នាក់ទៅតុលាការខេត្ត។ ក្រោយមក នៅថ្ងៃទី២៨ ខែសីហា តុលាការខេត្តបានសម្រេចឃុំខ្លួនឈ្មោះ ស្ងួន ចាន់ណា ជាជនដៃដល់ នៅក្នុងពន្ឋនាគារខេត្ត ចំណែក ឈ្មោះ ស៊ន ថាត់ថៃ អាយុ១៤ឆ្នាំ ជាអ្នករួមគំនិត និងត្រូវជាចៅបង្កើតព្រះសង្ឃរងគ្រោះ ត្រូវតុលាការសម្រេចដោះលែងអោយនៅក្រៅឃុំ ព្រោះជានិតិជនមិនទាន់គ្រប់អាយុ ។
សូមបញ្ជាក់ថាៈ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ មានជនពុំស្គាល់មុខ២នាក់បានប្រើដែកឆាបចុងស្រួច លួចចាក់ព្រះគ្រូចៅអធិការវត្តកោះថ្កូវដែលនៅសឹងក្នុងកុដិ បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកព្រះអង្គទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ដែលករណីនេះគឺជាករណីប៉ុនប៉ងលួចមិនបានសម្រេច ក្រោយពីការស្រាវជ្រាវយ៉ាងសកម្មមក៣ថ្ងៃក្រោយទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យខាងលើបាន ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ រឹទ្ធិ ជ័យ
http://ift.tt/2xBbe3Y