លោកមេគយ ហេង សំហៃ កំពុងល្បីខាងប្រមូលលុយពីទំនិញគេចពន្ធនៅច្រកកែវផុស ខ្លាំងជាងមេគយជំនាន់មុនៗ ដែលធ្វើឲ្យបាត់ប្រាក់ចំណូលពន្ធរាប់សែនដុល្លារក្នុង១ខែៗ
ខេត្តព្រះសីហនុ ៖ ទោះបីជាលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ខិតខំចាត់ចែងឲ្យមានការផ្លាស់ប្តូរ មេគយប្រចាំច្រកកំពង់ផែកែវផុស ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកឃ្លាំមើលកំណែទម្រង់គយ និងចង់ឲ្យមានប្រសិទ្ធិភាពកំណើនប្រាក់ពន្ធផងនោះ ជាលទ្ធផលគេនៅតែសង្កេតឃើញ ទំនិញគេចពន្ធ របស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេងដូចមុនដដែល ដោយគេសង្ស័យថា លោក ហេង សំហៃ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកកែវផុស ដែលកាន់តំណែង ជាងមួយឆ្នាំទៅហើយនោះ កំពុងដើរតាមដានចាស់ របស់លោក នុត លីឆូយ បើកភ្លើងខៀវឲ្យឈ្មួញនាំចូលទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ប្រមូលលុយច្រកហោប៉ៅ ស្រង់ដើមបន្ទាប់ពីចំណាយយ៉ាងធ្ងន់ដៃដណ្តើមយកបានប៉ុស្តិ៍ខ្លាញនេះ។ មន្ត្រីពាក់ព័ន្ធនៅច្រកកែវផុសខ្សឹបថា មួយរយៈខ្លីសោះ លោកមេគយ ហេង សំហៃ មានលុយខាប់ដូចទឹកគ្រឿង ដែលភាពទ្រព្យសម្បត្តិមិនប្រក្រតីនេះ គួរតែមានការត្រួតពិនិត្យជាបន្ទាន់ពីអង្គភាពប្រឆាំងអំពើពុករលួយ។
ប្រភពបានឲ្យដឹងថា ទំនិញគេចពន្ធ រួមមានជាស៊ីម៉ង់ត៍ ម៉ូតូ ចំណីជ្រូក ដែក និងគ្រឿងសំណង់ ជ័រ និងស្ករស ទឹកដោះគោនេះជាដើម ត្រូវឈ្មួញធំៗនាំចូល តាមច្រក កែវផុស ឡើងដុះស្លែទៅហើយ។ ការហូរចូលទំនិញ ខុសច្បាប់ និងបង់ពន្ធមិនគ្រប់ អាចធ្វើបែបបទបង់ពន្ធ ជាលក្ខណៈទំនិញចម្រុះ ប៉ុន្តែធាតុពិត សុទ្ធតែជាប្រភេទ ទំនិញនាំចូលបង់ពន្ធខ្ពស់ ដោយមានការ សម្របសម្រួលពីជំនាញគយ ធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ។ សូមរំលឹកថា លោក ហេង សំហៃ បានកាន់តំណែងជា ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស ជំនួសលោក នុត លីឆួយ ចាប់តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ហើយបានបន្តអនុវត្តរូបមន្តប្រមូលលុយច្រកហោប៉ៅ តាមរូបភាពដដែលៗ បន្តពីមេគយជំនាន់មុន ។ ហើយករណីត្រូវបានក្រុមអ្នកតាមដានកំណែទម្រង់គយចាត់ទុកថា ទម្រង់នៃការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនោះ នៅតែកើតគ្មានចំណាត់ការបោសសំអាតនៅឡើយ។
ប្រភពបានលួចខ្សឹបថា ឈ្មួញដែលរកស៊ី នាំទំនិញគេចពន្ធ ដ៏មហិមា នៅច្រកមួយនេះ គឺមុខ ដដែលៗ ដោយសារពួកគេ មានទំនាក់ទំនងល្អ ជាមួយជំនាញគយ ជាពិសេសលោក ហេង សំហៃ ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស។ មានការបញ្ជាក់ផងដែរថា ឈ្មួញ ផាត់ ប៊ុន ហ៊ាម៉េង ចែស៊ី ចែរ៉ា បានរកស៊ីនាំចូល នូវប្រភេទគ្រឿងសំណង់ ដែលបង់ពន្ធនាំចូលខ្ពស់ ទាំងកប៉ាល់ៗ ហើយ ដឹកជញ្ជូន តាមរថយន្ត ប្រភេទឡានយីឌុប កុងតឺន័រ ប៉ុន្តែការបង់ពន្ធ ពិតប្រាកដនោះ យ៉ាងច្រើនបំផុត ត្រឹម ៤០ភាគរយប៉ុណ្ណោះ ដោយមានការក្លែងភេទដាក់ជាទំនិញចម្រុះដើប្បីកេងទាញទាញយកប្រាក់សំណូកឲ្យបានខ្ពស់ ។ ភាពធូរលង់បណ្តែតបណ្តោយឲ្យ លោកមេគយ ហេង សំហៃ ប្រព្រឹត្តអំពើពុក រលួយបានតាមអំពើចិត្ត គេសង្ស័យមានការជាប់ពាក់ព័ន្ធថ្នាក់លើបើកភ្លើងខៀវឲ្យ ទើបគ្មានការបោសសំអាតអំពើពុករលួយនៅច្រកកែវផុស។ ទាក់ទិនករណីខាងលើនេះអង្គភាព ខ្មែរអង្គរ កំពុងស្វែងរកការបំភ្លឺពីលោក ហេង សំហៃ ពុំទាន់បាននៅឡើយទេ៕ ដោយ ចៃកំពង់ផែ
http://ift.tt/2jWnMQI