លោកម្ចាស់ប្តី! រករឿងប្រពន្ធឪពុកម្តាយក្មេក និងបងប្អូនខាងប្រពន្ធឡើងវល់ មិនអស់ចិត្តដុតផ្ទះចោលខ្ទេច
ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវនគរបាលប៉ុស្តិ៍ព្រែករកា ចុះមកចាប់វាយខ្នោះ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បន្ទាប់ពីជនល្មើសរូពនេះ រករឿងអុកឡុកប្រពន្ធ ឪពុកម្តាយក្មេក និងបងប្អូនខាងប្រពន្ធ ដែលជាអ្នករស់នៅក្នុងផ្ទះជាមួយ រហូតដល់ ដុតផ្ទះឆេះម៉ត់ទៅជាផេះ ហើយសូម្បីតែអ៊ីវ៉ាន់ សម្ភារៈអ្វីក៏ឆេះខូចខាតអស់ដែរ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នៅចំណុចភូមិកោះខ្នុរ(ថ្មី) ឃុំព្រែករកា ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
នគរបាលប៉ុស្តិ៍ព្រែករកាបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះប្រាក់ សួនភេទស្រីអាយុ៦៣ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើមានមុខកសិករ។ ជនសង្ស័យឈ្មោះសុវណ្ណ វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ។ សំម្ភារៈ ខូចខាតរួមមាន-ផ្ទះមួយខ្នងធ្វើអំពីរឈើប្រក់ស័ង្កសី មានទំហំ៧ម៉ែត្រ គុណនឹង៩ម៉ែត្រ -ម៉ូតូមួយគ្រឿង គុប់ជ្រុងC៥០ ពណ៌ទឹកសមុទ្រ-ទូរស័ព្ទ៣គ្រឿង-ទូរទស្សន៍២គ្រឿង-សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន-ប្រាក់រៀល២ម៉ឺនរៀល។
នគរបាលប៉ុស្តិ៍ព្រែករកាបានឲ្យដឹងទៀតថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មុនពេលកើតហេតុជនសង្ស័យបានរករឿងប្រពន្ធឪពុកម្តាយក្មេក និងបងប្អូនខាងប្រពន្ធ ដែលជាអ្នករស់នៅក្នុងផ្ទះជាមួយ និងគំរាមដុតផ្ទះទៀតផង។ ពេលនោះប្រពន្ធ-ឪពុកម្តាយក្មេក និងបងប្អូនខាងប្រពន្ធមិនបានសំរាកនៅលើផ្ទះទេ ដោយនាំគ្នាមកសម្រាកនៅ លើគ្រែក្រោមផ្ទះ ព្រោះខ្លាចជនសង្ស័យដុតផ្ទះ។ បន្ទាប់មកជនរងគ្រោះ និងក្រុមគ្រួសារក៍នាំគ្នាសម្រាកលក់ទៅលុះដល់វេលាម៉ោង៣ និង៣០នាទីដែលជាម៉ោងកើតហេតុជនសង្ស័យក៍ដុតផ្ទះខាងលើ បណ្តាលឲ្យឆេះខូចខាតអស់ទាំងស្រុង។
ក្រោយពីសម្ថកិច្ចទទួលបានព័ត៌មានរួច ក៍ចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យនាំយក មកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមតាមច្បាប់៕
http://ift.tt/2xZlqSQ