ប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង ប្រតិកម្មនឹងអ្នកម៉ៅការមិនប្រមូលសំរាមទេ ដើរប្រមូលតែលុយ
ខេត្តកំពង់ឆ្នាំង៖ សំរាមគឺជាសំបុកមេរោគគួរអោយបារម្ភ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាពមនុស្ស និងសត្វ ថ្មីៗនេះប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងជាច្រើននាក់ បានសំដែងការមិនពេញចិត្ត ដោយអ្នកខ្លះប្រតិកម្មថា គេដើរប្រមូលយកតែលុយគ្រាន់តែដល់ខែមិនទាន់ ហើយអ្នកប្រមូលសំរាមទៀតសោតមានសំដីព្រហើនថែមទៀតផង ប៉ុន្តែសំរាមនៅគរស្អុយរលួយតាមដងផ្លូវ ដដែល តែអាជ្ញាធរក្រុងកំពង់ឆ្នាំង និងមន្ទីរពាក់ព័ន្ធធ្វើមិនដឹងមិនឮទៅវិញ។
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ម៉ក់ សុខលីម នាយករងរដ្ឋបាលសាលាក្រុងកំពង់ឆ្នាំង ទទួលបន្ទុកសំរាមក្នុងក្រុងបានបញ្ជាក់អោយដឹងថា៖ ការប្រមូលសំរាមនៅក្នុងក្រុងកំពង់ឆ្នាំង គឺត្រូវបានឈ្មោះ គុយ ស៊ីវឆេង ជាអ្នកដេញថ្លៃប្រមូលសំរាមក្នុងក្រុង តែរយៈពេលជាង១ខែកន្លងមកនេះ គឺគាត់មិនបានប្រមូលសំរាមបានទៀងទាត់តាមកិច្ចសន្យានៅក្នុងសៀវភៅបន្ទុកឡើយ។ ករណីនេះអាជ្ញាធរក្រុង និងមន្ទីរពាក់ព័ន្ធបានបើកការប្រជុំដោះស្រាយ២លើកមកហើយ ថាតើគួរទុកអ្នកម៉ៅការចាស់អោយធ្វើដដែល ឬក៍ត្រូវបញ្ឈប់ជំនួសអ្នកថ្មីវិញ? ដើម្បីកុំអោយមានសំរាមស្អុយរលួយនៅពាសវាលពាសកាលក្នុងក្រុង ព្រោះអាជ្ញាធរខេត្តកំពង់ឆ្នាំងកំពង់ខិតខំណាស់ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត។ លោកបានបន្តថា ប្រសិនបើអ្នកស្រី គុយ ស៊ីវឆេង មិនអនុវត្តតាមសៀវភៅបន្ទុក គណកម្មការ និងសុំគោលការណ៍គណបញ្ជាការឯកភាពខេត្ត បញ្ឈប់អាជីវកម្មនេះតែម្តង។
ដោយឡែកអ្នកស្រី គុយ ស៊ីវឆេង បានប្រាប់នៅម៉ោង១និង២៩នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះថា៖ ការប្រមូលសំរាមក្នុងក្រុងកំពង់ឆ្នាំង លោកស្រីបានប្រគល់ទៅអោយប្អូនថ្លៃជីដូនមួយលោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿន ឈ្មោះ សុខ សម្បត្តិ ជាអ្នកធ្វើហើយ។ ពាក់ព័ន្ធនឹងសំណួរអ្នកយកព័ត៌មានសួរថា តើអ្នកស្រីជាអ្នកដេញថ្លៃបាន ឬលោក សុខ សម្បត្តិ ជាអ្នកដេញថ្លៃបាន? អ្នកស្រីសួរវិញថា «ម៉េចបានត្រូវសួរខ្ញុំដូចនេះ ខ្ញុំរវល់ណាស់» ហើយអ្នកស្រី គុយ ស៊ីវឆេង បានបិតទូរស័ព្ទចោលតែម្តងទៅ។
កន្លងមក គេបានដឹងថា អ្នកស្រី គុយ ស៊ីវឆេង តែងតែបង្កភាពអនាធិបតេយ្យទាំងនៅចំណតជលយានដើមពោធិ៍ផ្សារក្រោម ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ មិនស្តាប់គោលការណ៍អភិវឌ្ឍន៍របស់អាជ្ញាធរខេត្តក្រុងជាដើម។ ហើយថ្មីៗនេះអ្នកស្រី បានបង្ករការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាសំរាមនេះទៀត។
ដោយឡែកលោក សុខ សម្បត្តិ ដែលអ្នកស្រី គុយ ស៊ីវឆេង អះអាងថាជាប្អូនថ្លៃលោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿន បានប្រាប់ថា លោកបានទទួលការជួយប្រមូលសំរាមជាមួយអ្នកស្រី គុយ ស៊ីវឆេង មែន តែពុំមានលាយល័ក្ខអក្សអីទេ ហើយលោកក៍មិនដែលហ៊ានយកឈ្មោះអភិបាលខេត្តមកប្រើដែរ ចំពោះអ្នកស្រី គុយ ស៊ីវឆេង បាននិយាយ គឺអ្នកស្រីជាអ្នកទទួលខុសត្រូវទៅ។លោកបានបន្តថា ការខកខានមិនបានប្រមូលសំរាមជាង១ខែមកនេះ ដោយសារតែឡានដឹកសំរាមខូច ធ្វើមិនទាន់រួច ហើយកម្មករឈប់ច្រើន និងមានប្រជាពលរដ្ឋខិលខូចមួយចំនួនដែលមិនបង់សេវាប្រមូលសំរាមលួចយកសំរាមមកចោលអោយគាត់ជាអ្នកប្រមូលទៀត។
រឿងនេះអាជ្ញាធរខេត្តនិងក្រុងគួរតែដោះស្រាយបន្ទាន់ផង កុំទុកគំនរសំរាមអោយស្អុយរលួយរាប់អាទិត្យ ធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋបែបនេះពិតជាមិនល្អនោះទេ។ ប្រជាពលរដ្ឋរង់ចាំមើល ថាតើអាជ្ញាធរខេត្តក្រុង និងមន្ទីរពាក់ព័ន្ទ មានវិធានការណ៍បែបណាចំពោះអ្នកស្រី គុយ ស៊ីវឆេង? ឬអោយគាត់ចាំប្រមូលយកតែលុយអញ្ចឹងរហូតទៅ តែសំរាមមិនប្រមូលទៅវិញបែបនេះនោះដូចដូចប្រជាពលរដ្ឋបានរិះគន់មែន!!៕ រឹទ្ធិ ជ័យ
http://ift.tt/2hsWWeM