លោកមេគយ ហ៊ីវ សុធារិទ្ធ បង្គាប់ឱ្យអ្នករត់គារនាំទំនិញចេញចូលនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបង់លុយក្រោមតុកាន់តែច្រើនឡើងៗខណៈអគ្គគយបណ្តែតបណ្តោយ
ភ្នំពេញ៖ ក្រុមអ្នករត់ការនាំទំនិញចេញ និងចូលតាមច្រកទ្វារព្រលានយន្តហោះនៅតែបន្តទម្លាយ ឱ្យដឹងថា ចាប់តាំងពីរ លោក ហ៊ីវ សុធារិទ្ធ ចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារព្រលានយន្តហោះពោធិចិនតុងរហូតមកដល់ពេលនេះ នៅតែបង្គាប់ឱ្យពួកគេបង់លុយក្រោមតុដដែល ហើយកាន់តែរឹតបន្តឹងកោសរូសចាប់កំហុសនេះ ចាប់កំហុសនោះ គាបយកលុយ កាន់តែពិបាកជាងមុនបន្តិច។ ប្រភពបានកត់សម្គាល់ថា លោក ហ៊ីវ សុធារិទ្ធ បានឃុបឃិតបើកដៃឲ្យមន្ត្រីថ្នាក់ក្រោម ប្រើអំណាចប្រមូលលុយ តាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
#មានការខ្សឹបខ្សៀវឲ្យដឹងថាលោក ហ៊ីវ សុធារិទ្ធ អាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូម្បីតែលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏គេចវេសមិនហ៊ានប៉ះពាល់ដែរ ទើប លោក ហ៊ីវ សុធារិទ្ធ ដឹកនាំការងារនៅច្រកទ្វារព្រលានយន្តហោះពៅធិចិនតុងតាមបែបជិះសេះលែងដៃ ដោយហ៊ានប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព ធ្វើឲ្យវិធានការកែទម្រង់ស៊ីជម្រៅសម្រាប់ស្ថាប័នគយកំពុងតែប្រែក្លាយទៅជារឿងឥតន័យ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម មិនគួរបណ្ដែតបណ្ដោយ លោក ហ៊ីវ សុធារិទ្ធ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយយ៉ាងដូច្នេះទេ។
#ក្រុមអ្នករត់ការ នាំចូលទំនិញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានបញ្ជាក់ថា សម្រាប់ឯកសារប្រតិវេទន៍គយ ក្នុងមួយឯកសារត្រូវបង់លុយពី៣៥ ដល់៧៥ដុល្លារ នេះគិតតែទៅលើឯកសារដែលគ្មានកំហុស ចំណែកឯកសារដែលមានកំហុសតិចតួច ត្រូវបានចាប់កំហុសបង្ខំឲ្យបង់លុយច្រើន ។ តាមការអះអាងរបស់អ្នករត់ការថា ពួកគេត្រូវបង់លុយជាច្រើនកន្លែងច្រើនដំណាក់ទើបអាចនាំចូលទំនិញបានរលូនមិនខកខាតពេលវេលា។ អំពើពុករលួយរបស់លោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុននាំចូលទំនិញផ្សេងៗតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយសូម្បីតែក្រុមហ៊ុននាំចូលទំនិញវិនិយោគដែលប្រាក់ពន្ធជាបន្ទយករបស់រដ្ឋ ក៏ត្រូវប្រឈមនឹងការគាបយកលុយយ៉ាងពេញបន្ទុកពីសំណាក់លោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកផងដែរ។
#ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហើបឲ្យដឹងថា ការដែលលោក ហ៊ីវ សុធារិទ្ធ ប្រធានការិយាល័យគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺអាងមានខ្នងបង្អែកជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ម្នាក់ដែលមានងារជាឧកញ៉ាផងល្បីឈ្មោះក្រាញមិនព្រមចូលនិវត្តន៍ ហើយបានរត់ការពន្យាពេលចូលនិវត្តន៍បានសម្រេច ភ្ញាក់ផ្អើលកពេញស្ថាប័នគយទៀតផង។ ហេតុនេះហើយទើបលោក ហ៊ីវ សុធារិទ្ធ ហ៊ានប្រើអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗដោយគ្មានញញើតអ្វីទាំងអស់ ហើយអំពើពុករលួយរបស់ លោក ហ៊ីវ សុធារិទ្ធ ត្រូវបានអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លាតត្រដាងជាបន្តបន្ទាប់។
#ក្រុមអ្នករត់នាំទំនិញចេញ និងនាំទំនិញចូល បានសំណូលពរដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម គួរទប់ស្គាត់រឿងអាស្រូវពុករលួយរបស់លោក ហ៊ីវ សុធារិទ្ធ ប្រធានការិយាល័យគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់ហើយ ។ ពួកគេបញ្ជាក់ថា ក្រៅពីគាបយកលុយពីក្រុមហ៊ុននាំចូលទំនិញតាមច្រកនេះ គឺលោក ហ៊ីវ សុធារិទ្ធ បានឃុបឃិតឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធមិនតិចទេក្នុងមួយខែៗ៕
http://ift.tt/2zZ8PAk