លោក ហេង ទ្រី រងការចោទថា កំពុងប្រព្រឹត្តអំពើពុករលួយ រឿងប្រមូលផលអនុផលព្រៃឈើ និងលួចកាត់ដី ស្ថាននីយ៍ដាំកូនឈើស្ថិតនៅស្រុកសន្ទុក លក់ជាបន្តបន្ទាប់
ខេត្តកំពុងធំ៖ ក្រសួងកសិកម្ម បានអនុញ្ញាតឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបង្កើតស្ថាននីយ៍ដាំកូនឈើ លើផ្ទៃដី៣០០ហិកតា ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយផ្ទៃដី៣០០ហិកតានោះ គឺជាព្រៃរបោះមានដើមឈើធម្មជាតិស្រាប់។ តំបន់ដាំកូនឈើនេះត្រូវឈូសព្រៃឈើ និងភ្ជូរដីដាំកូនឈើថ្មីដើម្បីបង្កើតព្រៃធម្មជាតិឡើងវិញ។ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំបានគាំទ្រ និងអបអរសាទរចំពោះការគិតគូរបង្កើតចម្ការព្រៃឈើឡើងវិញនេះ។ ទន្ទឹមនឹងដំណើរការអនុវត្តឈូសឆាយព្រៃឈើដែលស្ថិតនៅលើដីគម្រោងដាំកូនឈើនោះ បានលេចឮរឿងអាស្រូវជាបន្តបន្ទាប់ ដោយសារមន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីគ្រប់គ្រងការងារនោះ ឆ្លៀតទាញយកផលប្រយោជន៍ដោយរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក។
ប្រភពបានបង្ហើបឱ្យដឹងថា ការកាប់ប្រមូលឈើនៅលើដីបម្រុងដាំកូនឈើនោះ បានក្លាយទៅជាមុខជំនួញឈើអុស ដោយដឹកជញ្ជូនយ៉ាងគគ្រឹកគ្រេងចេញពីទីនោះ ប្រព្រឹត្តឡើងដោយលោក ហេង ទ្រី ជាមន្ត្រីជាប់កិច្ចសន្យា របស់ខណ្ឌរដ្ឋាបាលព្រៃឈើខេត្តកំពង់ធំ និងជាអ្នកទទួលភារកិច្ចឈូសឆាយដឺនៅ ស្ថាននីយ៍បម្រុងដាំឈើកូននោះ។ ដោយសារតែមានការឃុបឃិត ពីថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើ ផ្នែក សង្កាត់ ចែកផលប្រយោជន៍គ្នា បានធ្វើឱ្យការប្រមូលផលអនុផលព្រៃឈើ លោក ហេង ទ្រី ធ្វើឡើងតាមអំពើចិត្ត រថយន្តដឹកឈើអុសមានលិខិតអនុញ្ញាត តិចតួច ភាគច្រើនគ្មានច្បាប់ ដឹកលើសទម្ងន់ជាដើម ។ បើទោះជាពេលខ្លះជំនាញបរិស្ថាន និង អាវុធហត្ថខេត្តបានរាយការណ៍ទៅជំនាញផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មឱ្យឃាត់ រថយន្តដឹកអុសរបស់ លោក ហេង ទ្រី ដែលគេដឹងថាគ្មានច្បាប់ ក៏ជំនាញផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មឃាត់បានតែមួយដង្ហើមចង្រិតដែរត្រូវដោះលែងវិញ។
ប្រភពបានបន្តថា លោក ហេង ទ្រី បានប្រើអំណាច រំលោភសេចក្តីសម្រេចរបស់ក្រសួងកសិកម្ម ដោយជ្រកក្រោមគោលការណ៍បង្កើតស្ថានីយ៍ដាំកូនឈើនោះ បានឈានទៅចូលកាប់ឈើកាត់ធ្វើជាអុស ពីតំបន់ព្រៃក្បែរៗនៅក្រៅស្ថានីយ៍ ដាក់រថយន្តធំៗដឹកយកទៅលក់ចែកចាយ តាមអំពើចិត្ត យ៉ាងហោចណាស់មួយថ្ងៃដឹកចាប់ពីបីរថយន្តយីឌុបឡើងទៅ។ ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋរិះគន់ថា គេធ្លាប់តែឃើញឈ្មួញប្រព្រឹត្តល្មើសរឿងព្រៃឈើនេះ តែពេលនេះដោយភាពលោភលន់ លោក ហេង ទ្រី និងបក្ខពួកបានបំពានកាប់ប្រមូលឈើពីដីព្រៃធ្វើអាជីកម្មយ៉ាងគឃ្លើន។
ក្រៅតែពីការឃុបឃិតប្រមូលផល អនុផលព្រៃឈើ ចែកលុយគ្នាច្រកហោប៉ៅ លោក ហេង ទ្រី ត្រូវប្រជាពលរដ្ឋ នៅឃុំបឹងល្វា ស្រុកសន្ទុកបាន រិះគន់ថា ដីព្រៃគម្រោងស្ថានីយ៍ដែលឈូសឆាយដោយប្រើគ្រឿងចក្រ និងប្រេងឥន្ធនៈរបស់រដ្ឋ ជាបន្តបន្ទាប់ ក្នុងមួយដំណាក់ៗ លោក ហេង ទ្រីបានឃុបឃិតគ្នាលួចកាត់លក់ឲ្យឈ្មួញ ជាបន្តបន្ទាប់។ អំពើទុច្ចរិតនេះប្រជាពលរដ្ឋបានអំពាវនាវដល់ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រិក្ខាប្រមាញ់ និងនេសាទ មេត្តាទប់ស្កាត់ភាពមិនប្រក្រតីនេះ ដែលគម្រោងបង្កើតស្ថានីយ៍នេះ ត្រូវបានមន្ត្រីខិលខូចកំពុងកេញយកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់មុខមាត់មន្ត្រីស្អាតស្អំ ក្នុងក្រសួងកសិកម្មយ៉ាងធ្ងន់ធ្ងរ និងគួរតែចាត់តាំងបញ្ជូនមន្ត្រីចុះស៊ើបអង្កេតជាបន្ទាន់។ ទោះយ៉ាងណាការចោទប្រកាន់ លោក ហេង ទ្រី និងមន្ត្រីពាក់ព័ន្ធខាងលើនេះ សារព័ត៌មានខ្មែរអង្គរយើងនៅមិនទាន់អាចស្វែងរកការបំភ្លឺបាននៅឡើយទេ៕



http://ift.tt/2EojQBh
