បទល្មើសនេសាទក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក ដោយពលរដ្ឋចោទថា លោក ហួន ផល និងលោក ហុក ម៉ន់ ជាអ្នកបើកភ្លើងខៀវ!
ខេត្តកំពង់ធំ៖ ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅឃុំពាមបាង ស្រុកស្ទោង និងនៅផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងស្រដៀងៗគ្នាថា ថ្មីៗនេះមានសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងមូលដ្ឋានពួកគាត់ជាបន្តបន្ទាប់ ក៏ប៉ុន្តែការបង្ក្រាបនោះពុំមានប្រសិទ្ធភាពឡើយ។ ដោយហេតុថាពេលសមត្ថកិច្ចចម្រុះដកថយទៅវិញ គឺបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតមានឡើងវិញដដែល ដោយសារតែមន្ត្រីរដ្ឋបាលជលផលក្នុងមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ជាអ្នកឃុបឃិតឱ្យមានបទល្មើស ដើម្បីប្រមូលលុយពីបទល្មើសចែកគ្នាធ្វើមានធ្វើបានរៀងៗខ្លួន។ ដោយឡែកប្រជានេសាទជាលក្ខណៈគ្រួសារត្រូវគេរឹតបន្តឹងម្នាក់ស្ទើរតែដាច់បាយ ក៏ប៉ុន្តែបែរឃុបឃិតជាក្រុមអ្នកនេសាទប្រើឧបករណ៍ខុសច្បាប់ដោយសារតែលាភសក្ការៈ ។
ជាក់ស្តែងមានសេចក្តីរាយការណ៍ពីប្រជានេសាទពីភូមិដូនស្តើងបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ហួន ផល នាយសង្កាត់ និងលោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង បានរងការចោទប្រកាន់ថា ជាអ្នកបើកភ្លើងខៀវឱ្យអ្នកនេសាទខុសច្បាប់ចេញពីភូមិដូនស្តើងធ្វើសកម្មភាពរុញស៊ីបនៅខាងមុខសង្កាត់រដ្ឋបាលជលផលពាមមួយយប់ទល់ភ្លឺ។ ហើយនៅយប់បន្ទាប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមអ្នកនេសាទល្មើសច្បាប់បានចូលទៅនេសាទពេញទំហឹងនៅផ្លូវទូក ដែលជាតំបន់រក្សាទុកត្រីពងកូន ដោយប្រើទូកធំៗប្រើឧបករណ៍យ៉ាំងកាវផង និងស៊ីបផងចាប់ត្រីយ៉ាងហិនហោច ហើយក្រុមសមត្ថកិច្ចជលផងសង្កាត់រដ្ឋបាលជលផលពាមបាង នាំគ្នាសម្ងំធ្វើហាក់មិនដឹងរឿងអ្វីទាំងអស់។
ប្រជាពលរដ្ឋនៅឃុំពាមបាងខេត្តកំពង់ធំ ក៏បានឲ្យដឹងដែរថា មេខ្លោងធំៗបំផុតនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ គឺលោក ហួន ផល នាយសង្កាត់ និងលោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង ដែលគិតគូរតែរឿងប្រមូលលុយពីបទល្មើស។ ប្រភពខ្លះបានឱ្យដឹងថា ការដែលលោក ហួន ផល និងលោក ហុក ម៉ន់ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ចៅហ្វាយនាយនៅខាងលើទេនោះ គឺលោក ហួន ផល នាយសង្កាត់និងលោក ហុក ម៉ន់ នាយសង្កាត់រងរដ្ឋបាលជលផលពាមបាង មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តនោះឡើយ ។ ដើម្បីឆ្លើយតបនឹងប្រភពចោទប្រកាន់ខាងលើនេះ គេហទំព័រ ខ្មែរអ្គរ ពុំទាន់អាចសុំការបំភ្លឺលោក ហួន ផល, លោក ហុក ម៉ន់, លោកប៉ែន វណ្ណរឹទ្ធ និងលោក ធីវ វណ្ណធី បានបៅឡើយទេ។
ក្នុងសភាពជាក់ស្តែង បទល្មើសនេសាទនៅឃុំពាមបាង ស្រុកស្ទោង និងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងកើតឡើងយ៉ាងរាលដាល ហើយលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មិនចាត់វិធានក្តៅបង្ក្រាបបទល្មើសឱ្យស្របតាមបទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាលនោះទេ។ សូមបញ្ជាក់ថាថ្មីៗនេះសម្ដេចក្រឡាហោម ស ខេង បានព្រមានដកហូតតំណែងអភិបាលខេត្តជុំវិញតំបន់បឹងទន្លេសាប ដែលបណ្ដោយឲ្យមានបទល្មើសនេសាទកើតឡើង ហើយមិនចាត់វិធានការបង្ក្រាប។ ក៏ប៉ុន្តែការព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទាន់ត្រូវបានមន្ត្រីថ្នាក់ក្រោមអនុវត្តតាមនៅឡើយទេ ព្រោះគេនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ នៅតែមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងរាលដាលដដែល៕




លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង
លោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង
http://ift.tt/2EiDJun

