Insurance

728x90

ឆ្នាំ​២០១៨ គយ​រក​ចំណូល បាន​២.៥០០​លាន​ដុល្លារ

( ភ្នំពេញ) ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​និយាយថា នៅក្នុង​ឆ្នាំ​២០១៨​ កន្លងមកនេះ គយ​រក​ចំណូល​សរុប​បាន​ប្រមាណ​ជាង​១០​ទ្រី​លាន​រៀល

ឬ​ប្រមាណ ២.៥០០ លាន​ដុល្លារ​អាមេរិក មានការ​កើនឡើង​ជាង ៣២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ លទ្ធផល​ចំណូល​នេះ ត្រូវ​ប្រមាណ​ជា​១២១​ភាគ​តយ នៃ​ផែនការ​ឆ្នាំ ដែល​កំណត់ដោយ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ប្រចាំឆ្នាំ​២០១៨​។ អគ្គនាយកដ្ឋាន​គយ បាន​បញ្ជាក់ថា ចំណូល​នេះ​គឺមាន​ការកើនឡើង​ជាង ៣២​ភាគរយ ធៀប​នឹង ឆ្នាំ​២០១៧ ក្នុងនោះ​ប្រភព​ចំណូល​ពន្ធ និង​អាករ​សំខាន់ៗ​ឈានមុខ​គេ​គឺ យានយន្ត និង​គ្រឿងចក្រ បាន​ដើរតួនាទី​ប្រមាណ​ជិត​៤៦​ភាគរយ នៃ​ចំណូល​សរុប​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃ​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រោម​អធិបតីភាព​លោក​លោក​អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

​ក្នុងឱកាស​នោះដែរ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជ រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​គូសបញ្ជាក់ថា លទ្ធផល​ចំណូល​នេះ​ត្រូវ​ប្រមាណ​ជា ១២១,៤​ភាគរយ នៃ​ផែនការ​ឆ្នាំ ដែល​កំណត់ដោយ ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​២០១៨​។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​ និងអាករសំខាន់ៗ ដែល​ប្រមូល​ដោយ​គយ​មាន​កំណើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (​ពន្ធ​នាំចូល​) មាន​កំណើន​ជាង ១៨​ភាគរយ​, អាករ​ពិសេស​កើន ៤២,៤​ភាគរយ និង​អាករ​លើ​តម្លៃបន្ថែម (VAT)​ កើន​៣០,៧​ភាគរយ​។​

​លោក​បណ្ឌិត​បាន​បន្ដថា ចំពោះ​ប្រភព​ចំណូល​ពន្ធ និង​អាករ​បន្ទាប់​នោះ​គឺ​ប្រេងឥន្ធនៈ និង​ថាមពល​ប្រមាណ​២០​ភាគរយ និង​ទំនិញ​ចម្រុះ និង​គ្រឿងសំណង់ មាន​សមាមាត្រ​ប្រមាណ​ជាង​៣៤​ភាគរយ នៃ​ចំណូល​សរុប​។

ទន្ទឹមនឹង​ការងារ ប្រមូល​ចំណូល​ចូល​ថវិកាជាតិ បាន​លើស​ផែនការ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក៏ បាន សម្រេចនូវសមិទ្ធផលនានា ផ្សេងទៀត ដូចជា ការចូលរួម​កសាង​បទ​ប្បញ្ញត្តិ និង​គោល នយោបាយ​ពាក់ព័ន្ធ​នឹងគយ ការធ្វើ​វិចារណ​កម្ម​តារាង​ពន្ធគយ​កម្ពុជា ការពង្រឹង​ការងារ​បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ការលើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការពង្រឹង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងទៀត​នៃ​រាជរដ្ឋាភិបាល កិច្ច សហការជាមួយវិស័យ ឯកជន និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​អគារ​រដ្ឋបាល​គយ​នានា ព្រមទាំង​ការងារ​សង្គហ​មិត្ត​មន្ត្រីរាជការ នៃ​អគ្គ នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ របស់​មន្ត្រី​គយ និង​រដ្ឋាករ​គ្រប់រូប​។ ទន្ទឹមនេះ លោ​កម​អគ្គបណ្ឌិត សភាចា​រ្យ ក៏បាន​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​នានា ដែលជា​កត្តា​ប៉ះពាល់​ដល់​ប្រតិបត្តិ​ការប្រមូល​ចំណូល និង​បាន​លើក ទឹកចិត្តឱ្យមន្ត្រីគយ និង​រដ្ឋាករ​ត្រូវខិតខំ​បន្ថែមទៀត សម្រាប់​ការងារ​នាពេលខាងមុខ ជាពិសេស​ក្នុង​បរិបទ​នៃ​កំណែទម្រង់​ស៊ីជម្រៅ និង​មុត​ស្រួច​របស់ រាជរដ្ឋាភិបាល​ចាប់ពី​ដើមឆ្នាំ​២០១៩​នេះ​តទៅ​។

ជាមួយគ្នានេះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់​ការណែនាំ​សម្រាប់​អនុវត្តនាឆ្នាំ២០១៩ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​ចំនួន​៩ ចំណុច​រួមមាន​៖ ទី​១.​ត្រូវ​បន្ត​ពង្រឹង​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​អង្គភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​គយ​ និងរដ្ឋាករ និង​ត្រូវ​ប្រកាន់ខ្ជាប់​អភិក្រម ៥ ប្រកាសរបស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​។ ទី​២.​ជំរុញ លើក កម្ពស់អនុលោមភាពវិស័យ ឯកជន​តាមរយៈ​អនុវត្តន៍ ឱ្យបាន​ម៉ត់ចត់​នូវ​ក្រមសីលធម៌​ជើងសា គយ និង​លើកទឹកចិត្ត ដល់​ក្រុមហ៊ុន​ដែលមាន​អនុលោមភាព​ខ្ពស់ ប៉ុន្តែ​ដាក់ទណ្ឌ កម្មចំពោះ ក្រុមហ៊ុន​ដែល​រំលោភបំពាន​ច្បាប់​។

ទី​៣.​ត្រូវ​ផ្ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​បន្ថែមទៀត ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង របស់​កម្ពុជា ដូចជា​កាត់បន្ថយ និង​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ​តាមរយៈ ការធ្វើ​វិមជ្ឈការ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។ ទី​៤.​ត្រូវ​បន្ត​ពង្រឹង​យន្ដការ​ពិគ្រោះ យោបល់​ជាមួយ​វិស័យ​ឯកជន ដោយ​ត្រូវ​ស្ដាប់​កង្វល់ និង​បញ្ហា​ប្រឈម និង​ប្រឹងប្រែង​រក​ដំណោះ ស្រាយ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ទី​៥.​លើកកម្ពស់​វប្បធម៌​អនុលោមភាព និង​វប្បធម៌​សារពើពន្ធ តាមរយៈ​ការជំរុញ ឱ្យមាន​អនុលោមភាព ដោយ​ស្ម័គ្រចិត្ត ទន្ទឹមគ្នា​នឹង​ការចាត់វិធានការទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់ពន្ធ​គ្រប់​ប្រភេទ នៅ​គ្រប់​ភូមិសាស្ត្រ​នៃ​ដែន សមត្ថកិច្ច​របស់ខ្លួន ឱ្យបាន​ជាប្រចាំ​ដូច​ភ្លៀងរ​លឹ​។

ទី​៦.​ត្រូវ​បន្ត​ពង្រឹង​ការងារ​បច្ចេកទេស​គយ ការងារ​គោល នយោបាយពន្ធអាករគយនិងបន្តធ្វើវិចារណកម្ម​តារាង​ពន្ធគយ​កម្ពុជា ការវាយតម្លៃ​ផលប៉ះពាល់​លើ​ចំណូល ការកែលម្អ​សេវា​ដោយ​រួសរាយ​រាក់ទាក់ ប៉ុន្តែ​ម៉ឺងម៉ាត់​ដាច់ខាត ក្នុងការ​អនុវត្ត​ច្បាប់​។ ទី​៧.​ត្រូវ​ជំរុញ​បញ្ចប់​សេចក្តីព្រាង​យុទ្ធសាស្ត្រ ជំរុញ​ការអនុវត្ត​ច្បាប់ និង​យុទ្ធសាស្ត្រ​ប​ច្ចេក​វិទ្យា​ព័ត៌មាន ដែល​ឯកសារ​ទាំង​២​នេះ មាន​សារសំខាន់ និង​ជា​ផ្នែក​មិនអាច​ខ្វះ​បាន នៃ​កំណែទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​គយ​។

ទី​៨. ត្រូវ​ពិនិត្យ​និង​កែសម្រួល​ឡើង វិញ​នូវ​អនុក្រឹត្យ ស្ដីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការគ្រប់គ្រង​ហានិភ័យ និង​អនុក្រឹត្យ​ស្ដីពី​ទំនិញ​ហាមឃាត់ និង​ជាប់​កម្រិត​កំណត់ និង​ត្រូវ​ចាត់វិធានការ​សំដៅ ពង្រឹង​តួនាទី​និង​ភារកិច្ច ទទួលខុស ត្រូវ ក្នុង​បរិបទ នៃ​ការធ្វើកំណែទម្រង់​ស្ថាប័ន​។ ទី​៩. ត្រូវ​អនុវត្តន៍​ប្រកាស ស្ដីពី​កម្រៃ​សេវា​ផ្សេងៗ​របស់​គយ និង​ការកាត់បន្ថយ​កម្រៃ​ស្កែ​ន ៥០​ភាគរយ ចាប់ពី​ថ្ងៃទី​១ ខែ មេសា ឆ្នាំ​២០១៩​នេះ​តទៅ ៕

 


https://ift.tt/2EmQcdt
ឆ្នាំ​២០១៨ គយ​រក​ចំណូល បាន​២.៥០០​លាន​ដុល្លារ ឆ្នាំ​២០១៨ គយ​រក​ចំណូល បាន​២.៥០០​លាន​ដុល្លារ Reviewed by yim PH on 1:12 PM Rating: 5

Entertainment

ads
Powered by Blogger.