ទីតាំងឃ្លាំងឈើនៅភូមិត្រពាំងស្រែ ក្នុងស្រុកស្នួល របស់លោក ឧកញ៉ា គង់ ក្រឹងនៅតែបន្តទទួលទិញឈើខុសច្បាប់ ដើម្បីនាំចេញទៅវៀតណាម
(ខេត្តក្រចេះ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជាពិសេសក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សកម្មភាពនៃការដឹកជញ្ជូនឈើខុសច្បាប់មកពីតំបន់ផ្សេងៗ ឆ្ពោះមកកាន់ឃ្លាំងឈើប្រមាណជា៣កន្លែង នៅចំណុចក្បែរភូមិគ្រឹះរបស់លោក ឧកញ៉ា គង់ ក្រឹង ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូស្រុកស្នួល ខេត្តក្រចេះ ដើម្បីដឹកជញ្ជូនបន្តនាំចេញឆ្លងដែនទៅប្រទេសវៀតណាម។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មន្ត្រីនគរបាលអន្តោរប្រវេសន៍ម្នាក់ ឈ្មោះ លីម បាន និងកំពុងធ្វើសកម្មភាពប្រមូលទិញឈើស្តុកនៅតាមឃ្លាំងជាច្រើនកន្លែង ដែលគេដឹងថា ជាឃ្លាំងរបស់លោកឧកញ៉ា គង់ ក្រឹង។
ប្រភពដដែលបានបានបញ្ជាក់ថា នៅក្នុងចំណោមឈើខុសច្បាប់ដឹកចូលឃ្លាំងខាងលើនេះ មេឈ្មួញធំៗជាជនជាតិវៀតណាមបានសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះម្នាក់ ឈ្មោះ លីម ដែលជាអ្នកឈរជើងចាំប្រមូលទិញឈើ ដើម្បីបន្តដឹកជញ្ជូនឆ្លងដែនចូលក្នុងទឹកដីវៀតណាម។
ជុំវិញសកម្មភាពនៃការប្រមូលទិញឈើស្តុកតាមឃ្លាំងមួយចំនួននៅទីតាំងខាងលើនេះ ត្រូវបានគេសង្កេតឃើញថា មានការយាមកាមយ៉ាងតឹងរឹងពីសំណាក់ក្រុមឈ្មួញ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមផ្លូវជាតិ ចាប់ពីចំណុចផ្លូវកែងគីឡូម៉ែត្រ៨៨ រហូតទៅដល់ភូមិគ្រឹះរបស់លោកឧកញ៉ា គង់ ក្រឹង។
ចំណែកក្រុមម៉ូតូ និងរថយន្ត ដែលប្រចាំការនៅតាមដងផ្លូវនោះ គឺបានធ្វើសកម្មភាពការពារម៉ូតូ ឬរថយន្តដឹកឈើរហូតទៅដល់ចំណុចទីតាំងលើ ហើយប្រសិនបើមានការតាមថត ឬក៏មានការបង្ក្រាបពីសំណាក់មន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ឋ ក្រុមនោះនឹងចេញមកការពារមិនឱ្យមានការចាប់បង្ក្រាបឡើយ។
ពាក់ព័ន្ធករណីដឹងឈើចូលឃ្លាំងទាំង៣កន្លែងខាងលើនេះ លោកឧកញ៉ា គង់ ក្រឹង មិនអាចសុំការបកស្រាយបញ្ជាក់បានទេ ប៉ុន្តែបើយោងតាមមនុស្សជំនិតរបស់គាត់ បានបដិសេធថា ជំនួញឈើខុសច្បាប់នៅតំបន់នោះ មិនមានការពាក់ព័ន្ធជាមួយនឹងលោកឧកញ៉ា គង់ ក្រឹង ទៀតនោះទេ គឺមានលោក លីម និងអ្នកផ្សេងទៀតជាអ្នកចាំទទួលទិញ រីឯលោកឧកញ៉ាមិនទទួលខុសត្រូវទេ អ្នកណាធ្វើ អ្នកនោះទទួលខុសត្រូវឯង។
ដោយឡែកមន្ត្រីនគរបាលអន្តោប្រវេសន៍ឈ្មោះ លីម ដែលគេអះអាងថា ជាអ្នកឈរជើងប្រមូលទិញឈើនៅចំណុចខាងលើនេះ បានបកស្រាយថា «ការងារហ្នឹងមិនមានអីពាក់ព័ន្ធនឹងខ្ញុំទេ គឺនៅលើឧកញ៉ាដដែលហ្នឹង។ មានការងារអីខ្ញុំ ខ្ញុំនៅជាប់រវល់នៅចម្ការរបស់ស្នងការធ្វើកញ្ចុះ ធ្វើអីណេះ។ ខ្ញុំម៉េចដឹង បើនិយាយតាមត្រង់ទៅការងារខ្ញុំ មានតែខាងដីវៀតណាមឯណោះ។ ខ្ញុំអត់មានអីពាក់ព័ន្ធលើដីខ្មែរទេអញ្ចឹងទេ»។
លោក លីម បានបញ្ជាក់ថា «ខ្ញុំធ្វើតែកិច្ចការងារដែលទៅវៀតណាមទេ ការងារមុខតំណែងខ្ញុំប៉ុនណាណី ខ្ញុំទៅធ្វើការងារហ្នឹងម៉េចបាន លុះត្រាតែការងារដែលរួចខ្លួន ការងារដែរមិនមែនជាការដាក់បន្ទុកទើបខ្ញុំធ្វើ»៕





http://bit.ly/2IVDPcg