លោកឧត្តមសេនីយ៍ផ្កាយ៣ ហួរ ហាប់ កំពុងរងការចោទប្រកាន់ថា ចាក់ដីរំលោភយកឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
(ខេត្តកោះកុង) ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទៃដីទំហំប្រមាណជាង១០ហិកតា ត្រូវបានមន្ត្រីអ្នកមានអំណាចចាក់វាទចូលតាមបណ្តោយឆ្នេរសមុទ្រជិត២គីឡូម៉ែត្រ នៅចំណុច ពយ ជិនទុង ក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ករណីនេះប្រជាពលរដ្ឋមូលដ្ឋានបានលើកឡើងថា ឈ្មួញដែលធ្វើសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រខាងលើមានឈ្មោះ ហួរ ហាប់ មានតួនា ទីជាមន្ត្រីយោធាជាន់ខ្ពស់ខាងជើងទឹក កាន់តំបន់សមុទ្រ ឋានៈជាឧត្តមសេនីយ៍ឯកទៀតផង។ប្រភពបញ្ជាក់ទៀតថា កន្លងមកតំបន់នោះ គឺជាកន្លែងប្រជា ពលរដ្ឋតែងតែចេញចូលរកស៊ីប្រចាំថ្ងៃ តែបច្ចុប្បន្នបានក្លាយ ជាទីតាំងត្រូវគេហាមមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់ឡើុយ។
ជាងនេះទៅទៀត នៅទីនោះឃាឃាំងមិនឱ្យថតយករូបភាពជាដាច់ខាត ប្រសិនបើអ្នកណាហ៊ានថតឱ្យគេដឹង គេនឹងចាប់ដកយកម៉ាស៊ីនថត ឬទូរស័ព្ទដៃ។ ទន្ទឹមនឹងនេះ គឺកន្លែងនេះត្រូវបានគេដាក់បារ៉ាស់មិនឱ្យចេញចូល ដោយ មានអ្នកយាមប្រមាណជាង ២០នាក់ ដើរមើលគ្រប់ទីកន្លែងក្នុងបរិវេណនោះផងដែរ។
ប្រភពបានបន្តថា ការចាក់រំលោភយកសមុទ្រដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនេះ មិនមែនជារឿងធម្មតានោះទេ វាអាចមានការឃុបឃិតជាប្រព័ន្ធ រវាងអាជ្ញាធរមាន សមត្ថកិច្ច និង ក្រុមឈ្មួញ បើមិនដូច្នោះទេគេមិនអាចសម្រុកចាក់ដីយកសមុទ្រដោយខុសច្បាប់រដ្ឋយកមកធ្វើជាកម្មសិទ្ធិបានយ៉ាងរលូនបែបនេះឡើយ ។
ទោះយ៉ាងណាញេមិនដឹងថា គណៈកម្មការឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានដឹងរឿងនេះដែរឬយ៉ាងណានោះទេ ឬមួយការរំលោភចាក់ដីយកឆ្នេរសមុទ្រនេះ មិនទាន់ជ្រាបដល់ស្ថាប័នមានសមត្ថកិច្ច ទើបមិនទាន់មានវិធានការតាមផកលូវច្បាបឮយ៉ាងដូច្នេះ។
ពាក់ព័ន្ធករណីមិនប្រក្រតីចាក់ដីលុបយកឆ្នេរសមុទ្រខាងលើនេះ លោក ទួន សិលា អភិបាលស្រុកស្រែអំបិល បានឱ្យដឹងថា ចំពោះករណីចាក់ដីលុបឆ្នេរសមុទ្រនេះ លោកមេឃុំមិនបានធ្វើរបាយការណ៍ឬរាយការណ៍មកគាត់ទេ ពេលនេះគាត់កំពុងជាប់សន្និបាតនៅរាជធានីភ្នំពេញចាំគាត់ត្រឡប់មកវិញគាត់នឹងសួរទៅខាងមេឃុំ ។
លោក ជា នាង ប្រធានភូមិបាលស្រុកស្រែអំបិល ក៏បានឱ្យដឹងដែរថា ចំពោះករណីចាក់ដីលុបសមុទ្រនេះលោកបានធ្វើរបាយការណ៍ទៅថ្នាក់លើហើយដែរ តែស្ងាត់ឈឹង។ ហើយការចាក់ដីនោះគឺមិនមានច្បាប់អនុញ្ញាតនោះទេ។ ប្រសិនបើមានការសុំច្បាប់វិញក៏លោកមិនហ៊ានស៊ីញ៉េដែរ ពីព្រោះដីនោះជាដីសមុទ្រដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
ចំពោះលោក ម៉េង តិច ប្រធានបរិស្ថានស្រុកស្រែអំបិលបាននិយាយថា រឿងចាក់ដីរំលោភបំពានឆ្នេរសមុទ្រនោះ វាស្ថិតនៅក្នុងតំបន់សហគមន៍ និង ជលផល ហើយមេឃុំជ្រោយស្វាយ ជាអ្នកគ្រប់គ្រងមិនជាប់ពាក់ព័ន្ធនឹងគាត់ទេ ។
យ៉ាងណាក៏ដោយលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយបានឲឱ្យដឹងតាមទូរស័ព្ទថា រឿងនេះលោកពុំសូវដឹងច្បាស់ទេពីព្រោះលោកទើបតែផ្លាស់មកជាងមួយឆ្នាំ បើតាមលោកដឹងដីនេះគេបានទិញពីពលរដ្ឋជាច្រើនម្ចាស់ ក្នុងឆ្នាំ ២០០៤ ហើយក៏បានចាក់ដីជាបន្តបន្ទាប់រហូតមក ។
ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ហួរ ហាប់ បាននៅឡើយទេដើម្បីពន្យល់ជូនប្រជាពលរដ្ឋ និងមហាជនដែលកំពុងមានចម្ងល់រឿងនេះ៕
http://bit.ly/2vITmnX




