អគ្គនាយកគយ កោះហៅ លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មកបំភ្លឺពាក់ព័ន្ធឱ្យឈ្មួញបង់លុយក្បាលឡានដឹកទំនិញ ជាថ្នូរមិនបង្ក្រាប
(ភ្នំពេញ)៖ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ លោក ឈួន សោភា ដែលល្បីឈ្មោះខាងកៀបជម្រិតឈ្មួញឱ្យបង់លុយ និងមានរឿងអាស្រូវក្នុងការងារជាបន្តបន្ទាប់ និងជះ ឥទ្ធិពលមិនល្អដល់អង្គភាពអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ក្រុមគយដែលមានទីស្នាក់ការនៅតាមដងផ្លូវជាតិលេខ៥ ជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ ដែកដឹកនាំដោយលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ត្រូវបាន លោកបណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករធ្វើលិខិតកោះហៅ មកកាន់អគ្គនាយកដ្ឋានគយ ដើម្បីបំភ្លឺការងារមួយចំនួន តែគេមិន ដឹងថា បំភ្លឺរឿងអ្វីខ្លះនោះទេ គ្រាន់តែមន្ត្រីគយមួយចំនួនបង្ហើបប្រាប់ថា បើគ្មានភាពមិនប្រក្រតីពាក់ព័ន្ធការងារព័ន្ធគយទេ ក៏អគ្គនាយកមិនហៅមកបំភ្លឺដែរ ខណៈបុគ្គលរូបនេះកាប់ឈ្មួញឱ្យបង់លុយឆៅៗ។
បើយោងតាមលិខិតកោះហៅរបស់ លោកបណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករ ចេញកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ បានកោះហៅ លោក ឈួន សោភា អត្ថលេខ៤៣៦ មានតួនាទីជាប្រធានការិយា ល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ ឱ្យចូលខ្លួនមកបំភ្លឺនៅនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ដែលមានទីតាំងនៅអគ្គាវឌ្ឍនៈ កាពីតាល់ នៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នេះ។ គេមិនដឹងថា លោកឈួន សោភា មានកំហុសពាក់ព័ន្ធនឹងការងារអ្វីនោះទេ បានដល់ថ្នាក់អគ្គនាយកកោះហៅ ឱ្យមកបំភ្លឺយ៉ាងប្រញាប់ប្រញាល់បែបនេះ តែអ្នកដឹងរឿងបានអះអាងថា បើគ្មានរឿងទេ មិនដែលនៅសុខៗមេហៅអោយមកបំភ្លឺនោះឡើយ។
តាមមន្ត្រីគយមួយរូបបានបង្ហើបឱ្យដឹងថា ចាប់តាំងពីលោកឈួន សោភា ត្រូវបានតែងតាំងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ ៥ដែលមានទីស្នាក់ការនៅតាមផ្លូវជាតិលេខ៥នក្បែរស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ បានប្រមាណ១ឆ្នាំមកនេះ គឺលោកឈួន សោភា ធ្លាប់ត្រូវបានអគ្គនាយក កោះហៅមកបំភ្លឺចំនួន៣ លើកហើយរួមទាំងលើកនេះផង។ ក្នុងនោះកន្លងមក លោកឈួន សោភា ធ្លាប់បំពេញការងារមិនប្រក្រតីជាច្រើនរហូតដល់អ្នករកស៊ីក៏ធ្លាប់ប្ដឹង កូនចៅក៏ធ្លាប់ប្ដឹងដែរ ហើយរករឿងដកបញ្ឈរជើងកូនចៅ ដែលគ្មានកំហុសទៀតផង។
កាលពីជិត១ឆ្នាំមុន ក្រោយពីអគ្គនាយកតែងតាំងតួនាទីជាប្រធានគយតំបន់៥នេះ មិនទាន់បានប៉ុន្មានខែផង មានអ្នករកស៊ី និងក្រុមហ៊ុនរថយន្តក្រុង ដែលរត់ពីភ្នំពេញប៉ោយប៉ែតជាច្រើនក្រុមហ៊ុន បាននាំគ្នាទូរស័ព្ឌរាយការណ៍ប្រាប់មកបណ្តាញផ្សព្វផ្សាយព័ត៌មាន ពីសកម្មភាពទារលុយក្បាលរថយន្តតាមតែអំពើចិត្ត មានបង់ក្បាលរថយន្តផង បង់ថ្លៃបាយផង បង់របបមេផង ខណៈដែលរថយន្តក្រុងទាំងអស់នោះ ក្រៅពីដឹកអ្នកដំណើរ មានដឹកទំនិញថែមបន្តិចបន្ទួចតែប៉ុណ្ណោះ។
តាមសេចក្ដីរាយការណ៍កាលណោះ ចំពោះរថយន្តក្រុងដឹកអីវ៉ាន់លាយជាមួយអ្នកដំណើរ គឺត្រូវបង់ឱ្យក្រុមគយចល័តតំបន់៥ខាងលើ ពី៦ទៅ ៧លានរៀល ក្នុង១ខែ សម្រាប់រថយន្ត១គ្រឿង។ ហើយបើក្រុមហ៊ុនមានរថយន្ត៥គ្រឿងត្រូវរត់ឆ្លងកាត់ប៉ុស្ដិ៍របស់គាត់ គឺត្រូវបង់គុណចំនួនលុយតាមចំនួនក្បាលរថយន្ត ជាក់ស្ដែង។ មិនតែប៉ុណ្ណោះមន្ត្រីគយ ដែលជាអ្នកពូកែគាបទារលុយខ្លាំងជាងគេ ដែលកាលណោះគេស្គាល់ឈ្មោះអឿន និងឈ្មោះរី ជួសមុខឱ្យ លោក ឈួន សោភានោះ នៅឆ្លៀតឱ្យម្ចាស់រថយន្ត ក្រុងបង់របបមេប្រចាំខែ (លោក ឈួន សោភា) ចំនួន១លានរៀលក្នុងរថយន្តមួយគ្រឿងថែមទៀត។ ការកៀបសង្កត់នេះពេលម្ចាស់រថយន្តក្រុងខ្លះត្អូញត្អែរ សុំបញ្ចុះតម្លៃបង់ក្បាលរថយន្ត ដោយសាររកស៊ីដឹកជញ្ជូនមិនចំណេញ ពួកគាត់ឆ្លើយតបថា បើរកស៊ីកើតរកស៊ី បើរកស៊ីមិនកើតឈប់រកស៊ីទៅគ្មានអ្នកណាបង្ខំទេ ព្រោះពួកគាត់ជាគយ «ឯកឧត្តមអគ្គ» ដាក់មកមិនមែនចេះតែមកឈរជើងបានស្រួលៗនោះទេ។
តាមអ្នកដឹងរឿងបានបង្ហើបប្រាប់ឱ្យដឹងថា បច្ចុប្បន្នយ៉ាងហោចណាស់ ក៏មានរថយន្តក្រុងដឹកអ្នកដំណើរ និងឆ្លៀតដឹកបង្កប់ទំនិញ រត់ពីភ្នំពេញទៅប៉ោយ ប៉ែតមានខ្ទង់១០ក្រុមហ៊ុនដែរ ហើយក្នុងមួយក្រុមហ៊ុនមានរថយន្តរត់ពី២ទៅ៣គ្រឿង ដែលសរុបទាំងអស់ក្នុង១ខែ មានរថយន្តរត់ជិត៣០គ្រឿង។ លើសពីនេះមានមន្ត្រីគយលួចបង្ហើបថា លោក ឈួន សោភា ពន្លាតសន្ធឹងអំណាចហួសព្រំដែន តាំងខ្លួន និងប៉ះឆ្នាំងអ្នកធំច្រើន និងកៀបសង្កត់ឈ្មួញ ទើបរឿងដដែលៗនេះ បង្ខំចិត្តឱ្យលោកបណ្ឌិត គុណ ញឹម កោះហៅមកដុសក្អែល។
ពាក់ព័ន្ធនឹងករណីទាំងអស់ខាងលើនេះ អង្គភាពមិនទាន់អាចសុំការបំភ្លឺពីពីលោក ឈួន សោភា បានឡើយទេ៕
ដោយ៖ សហការី

http://bit.ly/3026H99
