រថយន្តបែនដឹកដីបុករ៉ឹម៉កម៉ូតូកង់៣បណ្តាលឱ្យស្លាប់អ្នកបើកបរ និងព្រះសង្ឃ៥អង្គរបួសធ្ងន់ នៅស្រុកស្រែអំបិល
(ខេត្តកោះកុង)៖ រថយន្តបែនដឹកដី បុកជាមួយម៉ូតូកង់បី បណ្តាលឱ្យអ្នកបើករឺម៉កស្លាប់ភ្លាមៗ និងព្រះសង្ឃ៥អង្គរួមដំណើររងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង០០នាទីព្រឹក នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចន្លោះគីឡូម៉ែត្រលេខ១៤៨ -១៤៩ ក្នុងភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់គឺបណ្តាលមកពីម៉ូតូរ៉ឺម៉កកង់បីគាំងប៉ាដាងទើបធ្វើឱ្យរេចង្កូតចូលទៅខាងរថយន្តដឹកដី ម៉ាកនីសាន់ ពណ៌ស ចង្កូតស្តាំ ពាក់ស្លាកលេខចង្កូតស្តាំ KPS-1168 បណ្តាលឱ្យអ្នកបើកបរម៉ូតូកង់បីឈ្មោះ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាកូនសិស្សលោក រស់នៅភូមិមនោរម្យ ឃុំតាណៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់នឹងកន្លែងភ្លាមៗ រួមទាំងអ្នករួមដំណើរជាព្រះសង្ឃចំនួន៥អង្គដែលគង់នៅវត្តមនោរម្យ បានរងរបួសធ្ងន់។
សមត្ថកិច្ចឱ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងប្រគល់សាកសពជនរងគ្រោះដែលបានស្លាប់ទៅឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូកង់បីត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងព្រាវ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល រងចាំការដោះស្រាយ។
សូមបញ្ជាក់ថាចំពោះអ្នកបើកបររថយន្តខាងលើ សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់អត្តសញ្ញាណបាននៅឡើយទេ ដោយសារតែគាត់បានរត់គេចខ្លួនបាត់ ហើយពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរក និងស្រាវជ្រាវបន្ត៕
https://ift.tt/2YmtNWB