តំណាងអយ្យការ បន្តសាកសួរ គង់ រ៉ៃ យ៉ា រឿងបោះពុម្ភអាវដាក់រូប និងទ្រឹស្តីរបស់បណ្ឌិត កែម ឡី
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក រៀល សុភិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តការសាកសួរ ជនសង្ស័យ គង់ រ៉ៃយ៉ា ពាក់ព័ន្ធបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នៅក្នុងនីតិវិធីសាកសួរនាព្រឹកនេះ ជនសង្ស័យ គង់ រ៉ៃយ៉ា មានលោក សំ សុគង់ ជាមេធាវីការពារសិទ្ធិ។
សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេធ្វើសកម្មភាពបោះពុម្ព ទ្រឹស្ដី និងរូបរបស់លោកបណ្ឌិត កែម ឡី នៅលើអាវយឺតព័ណ៌ខ្មៅ និងស រួចយកទៅបង្ហោះលក់នៅលើបណ្តាញសង្គម Facebook ដែលសមត្ថកិច្ចចាត់ទុកថាជសខ្លឹមសារញុះញង់ឱ្យមានកំហឹងឈឺចាប់ ដោយភ្ជាប់នឹងថ្ងៃរំឭកខួប ៣ឆ្នាំនៃថ្ងៃមរណភាព លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។
គួររំឭកថា ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ខែ ម្តងរួចមកងហើយពីបទ ញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ក្នុងអំពើប្រកាសឱ្យមហាជនធ្វើបដិវត្តន៍ព័ណ៌តាមបណ្ដាញ សង្គម Facebook យោងតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕
https://ift.tt/2XEpWI5