ក្រសួងសុខាភិបាលប្រកាសអំពីហានិភ័យចំពោះសុខភាពនៃជំងឺរលាកសួតប្រភេទថ្មី
![]() |
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកំពុងពិនិត្យមើលការស្កេនកម្ដៅរបស់អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
|
ភ្នំពេញ៖ ក្រសួងសុខាភិបាល
ប្រាប់ដល់គ្រប់មន្ទីរសុខាភិបាលទូទាំងប្រទេស
ជាពិសេសតាមបណ្តាខេត្តនៅតាមច្រកព្រំដែន
ឲ្យពង្រឹងវិធានការទប់ស្កាត់ការឆ្លងជំងឺរលាកសួតប្រភេទថ្មី
ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ
បង្កើនការប្រុងប្រយ័ត្នខ្ពស់ផ្នែកសុខភាព ខណៈអង្គការសុខភាពពិភពលោក
បានបញ្ជាក់ថា ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល
បានឲ្យដឹងថា គិតមកដល់ថ្ងៃពុធ ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី
នៅតែមានការរាតត្បាតនៅក្នុងប្រទេសចិន និងឆ្លងទៅកាន់ប្រទេសដទៃ
ដែលគិតមកដល់ថ្ងៃពុធម្សិលមិញ មានករណីឆ្លងសរុបចំនួន ៤៤៥ករណី
ក្នុងនោះប្រទេសចិន មានចំនួន ៤៤០ករណី, ប្រទេសថៃ ២ករណី, ប្រទេសជប៉ុន១ករណី, ប្រទេសកូរ៉េខាងត្បូង១ករណី និងសហរដ្ឋអាមេរិក ១ករណី
ខណៈចំនួនអ្នកស្លាប់បានកើនដល់ ៩នាក់ និងជាង ៣០នាក់
បានជាសះស្បើយចេញពីមន្ទីរពេទ្យនៅក្នុងប្រទេសចិន។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ
វណ្ណឌិន បានមានប្រសាសន៍កាលពីថ្ងៃពុធថា
ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនោះ
ត្រូវបានអង្គការសុខភាពពិភពលោកប្រកាសថា
ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន
ដោយសារនៅប្រទេសចិន មានបុគ្គលិកសុខាភិបាល ១៥នាក់ហើយ
បានឆ្លងជំងឺនេះពីអ្នកជំងឺ។ ករណីនេះ
លោកស្រីបានណែនាំដល់ប្រធានមន្ទីរសុខាភិបាលទាំងអស់
បង្កើនការប្រុងប្រយ័ត្ន និងពង្រឹងការទប់ស្កាត់ជំងឺនេះ
ជាពិសេសនៅតាមច្រកទ្វារអន្តរជាតិទាំងផ្លូវអាកាស ផ្លូវគោក
និងផ្លូវទឹក។
លោកស្រីបន្តថា៖ «ដូច្នេះច្រកដែលមានម៉ាស៊ីនស្កេនទាំងអស់ហ្នឹង
ត្រូវពង្រឹងការងារចក្តាលីស័ក្ត និងត្រួតពិនិត្យឲ្យបានម៉ត់ចត់…ហើយប្រសិនបើមានករណីសង្ស័យ ត្រូវមានបន្ទប់ដាក់អ្នកជំងឺដាច់ដោយឡែក
និងត្រៀមសម្ភារបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់នៅក្នុងករណីមានតម្រូវការចាំបាច់»។
បើតាមលោកស្រី ឱ វណ្ណឌិន
ក្រសួងក៏បានដាក់ម៉ាស៊ីនស្កេនកម្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ខេត្តព្រះសីហនុ និងសៀមរាប និងនៅច្រកអន្តរជាតិបាវិតខេត្តស្វាយរៀង
ច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអន្តរជាតិព្រែកចាក ខេត្តកំពត
ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម
ប៊ុនហេង កាលពីថ្ងៃពុធ ក៏បានចុះទៅពិនិត្យផ្ទាល់ពីសកម្មភាពបង្ការការឆ្លងជំងឺនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។
លោក ប៊ុនហេង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់
ឲ្យមានការប្រុងប្រយ័ត្នខ្ពស់
លើការបង្ការការចម្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី
ដែលអាចកើតមានជាយថាហេតុផងដែរ។
លោកថ្លែងថា៖ «សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់
ត្រូវនៅឲ្យឆ្ងាយពីសត្វបក្សីឈឺឬងាប់ កុំទៅផ្សារលក់គ្រឿងសមុទ្រហួណាន
ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ
ឬកន្លែងដែលគេថាមានវីរុសកំពុងចរាចរ និងកុំទៅក្បែរ
ឬនៅជិតអ្នកជំងឺផ្លូវដង្ហើមស្រួចស្រាវ
ឬទៅកន្លែងដែលជំងឺនេះបាននិងកំពុងកើតមាន ឬកំពុងផ្ទុះរាតត្បាតឡើយ»។
លោកបន្ថែមថា៖ «ប្រសិនបើមានករណីសង្ស័យជំងឺរលាកសួតបង្កដោយវីរុសប្រភេទថ្មីនេះ
ត្រូវស្វែងរកការព្យាបាលជាបន្ទាន់នៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈដែលនៅកៀកបំផុត
និងត្រូវជម្រាបជូនមន្ត្រីសុខាភិបាលអំពីប្រវត្តិជំងឺ
និងប្រវត្តិនៃការធ្វើដំណើរ»។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោក ញ
ប៊ុនថន បានមានប្រសាសន៍ថា មន្ទីរសុខាភិបាលខេត្តបានត្រៀមនូវវិធានការជាស្រេចទៅតាមការណែនាំរបស់ក្រសួង
ជុំវិញការទប់ស្កាត់ការឆ្លងចូលនូវជំងឺរលាកសួតបង្កដោយវីរុសប្រភេទថ្មីនេះ
ព្រមទាំងត្រៀមបរិក្ខានិងសម្ភារ រួមនិងបន្ទប់ព្យាបាលដាច់ដោយឡែក
ក្នុងករណីម៉ាស៊ីនស្កេនកម្តៅរកឃើញករណីសង្ស័យណាមួយនោះ។
លោកបញ្ជាក់ថា៖ «យើងបានត្រៀមទៅតាមគោលការណ៍ណែនាំរបស់ក្រសួងរួចរាល់ហើយ
ហើយក៏បានប្រាប់ដល់មន្ត្រីសុខាភិបាលទាំងអស់ឲ្យពង្រឹងការត្រួតពិនិត្យនៅតាមច្រកព្រំដែនផងដែរ»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល
កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ទោះជាបច្ចុប្បន្ននេះ
កម្ពុជាពុំទាន់រកឃើញករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ
និងមិនមានករណីជំងឺផ្តាសាយបក្សីកើតឡើងទៀតក៏ដោយ ប៉ុន្តែបុគ្គលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារសុខភាពពីការឆ្លងជំងឺនេះ
នារដូវចូលឆ្នាំចិន និងចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខ
ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអនាម័យ
និងទទួលទានចំណីអាហារដែលមានសុវត្ថិភាព៕
ក្រសួងសុខាភិបាលប្រកាសអំពីហានិភ័យចំពោះសុខភាពនៃជំងឺរលាកសួតប្រភេទថ្មី
Reviewed by Editor PH
on
11:57 AM
Rating:
