សមត្ថិច្ចកំណត់បានអត្តសញ្ញាណជនសង្ស័យ បាញ់សម្លាប់ DJ ចាក់ភ្លេងនៅក្លឹបកម្សាន្ត
![]() |
ជនសង្ស័យ ដួង មុនីរដ្ឋ ជាមន្ត្រីកងរាជអាវុធហត្ថនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
|
នគរបាលរាជធានីភ្នំពេញកាលពីម្សិលមិញបានធ្វើការកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងដែលត្រូវបានគេសង្ស័យថាបានបាញ់សម្លាប់
DJ ចាក់ភ្លេងនៅក្លឹបកម្សាន្តមួយរូបកាលពីដើមខែនេះ ថា
ជាមន្ត្រីកងរាជអាវុធហត្ថមួយរូប។
គួរបញ្ជាក់ឲ្យដឹងផងដែរថា
ករណីបាញ់សម្លាប់នេះបានកើតឡើងនៅម៉ោងប្រហែលជា ៤:៣០ នាទីព្រឹកព្រលឹម
ថ្ងៃទី ៩ ខែមករា នៅក្នុងភោជនីយដ្ឋានហេបភីណេស ក្នុងខណ្ឌដូនពេញ
រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក អេង សុភា
នាយការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ
បានឲ្យដឹងកាលពីម្សិលមិញថា យោងតាមការស៊ើបអង្កេត
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ
ជាមន្ត្រីកងរាជអាវុធហត្ថនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ដែលមានទីលំនៅក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក អេង សុភា
បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ហូ មិនា ភេទប្រុស អាយុ ២៦ឆ្នាំ
ដែលមានមុខរបរជាអ្នកចាក់ភ្លេង (DJ) ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោកអនុសេនីយ៍ឯក កុល ប៊ុនធី
នាយរងប៉ុស្តិ៍នគរបាលសង្កាត់បឹងរាំង បានឲ្យដឹងកាលពីម្សិលមិញថា យោងតាមបុគ្គលិកបំរើការងារម្នាក់
ជនរងគ្រោះ ឈ្មោះ ហូ មិនា បានចូលទៅក្នុងភោជនីយដ្ឋាននៅម៉ោងប្រហែលជា ៤:២៥
នាទីព្រឹក ថ្ងៃទី ៩ ខែមករា។ លោកបានបន្ថែមទៀតថាខណៈពេលដែលជនរងគ្រោះកំពុងមើលមុខម្ហូប
បុរសដែលមិនស្គាល់អត្តសញ្ញាណចំនួន ៣
នាក់បានចូលមកអង្គុយនៅតុក្បែរជនរងគ្រោះ
ខណៈដែលបុរសម្នាក់ក្នុងចំណោមពួកគេទាំងបីរូបបានដកកាំភ្លើងខ្លី
បាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ។
បន្ទាប់មក
ជនសង្ស័យបានទម្លាក់កាំភ្លើងខ្លីនៅក្បែរជើងជនរងគ្រោះ
មុនពេលរត់គេចខ្លួនទៅកាន់រថយន្តដែលចតនៅខាងក្រៅភោជនីយដ្ឋាន។
លោកវរសេនីយ៍ឯក អេង សុភា បានឲ្យដឹងថា៖ «បច្ចុប្បន្ន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណនិងទីតាំងរបស់ជនសង្ស័យតាមរយៈសាក្សី
ខណៈដែល នៅថ្ងៃទី ៩ ខែមករា
ពួកគេបាននាំជនសង្ស័យទៅជួបជនរងគ្រោះនៅភោជនីយដ្ឋាន។
លោកបានថ្លែងឲ្យដឹងថា៖ «សាក្សីបានប្រាប់មន្ត្រីនគរបាលព្រហ្មទណ្ឌរបស់យើងឲ្យដឹងថា
ជនសង្ស័យនិងជនរងគ្រោះគឺជាមិត្តភក្តិនឹងគ្នា
ខណៈដែលពួកគេទាំងពីរបានឈ្លោះប្រកែកគ្នានៅឯភោជនីយដ្ឋាន
ហើយក៏មិនបានដឹងពីមូលហេតុដែលជនសង្ស័យបានបាញ់ជនរងគ្រោះនោះទេ។
បន្ទាប់មកជនសង្ស័យក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។
លោក អេង សុភា បានបន្ថែមថា នៅថ្ងៃទី ១៤
ខែមករា សមត្ថិច្ចបានស្នើសុំឱ្យព្រះរាជអាជ្ញា កែវ សុធា
ចេញដីកាចាប់ខ្លួនជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ
ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។
ប្រសិនបើជនសង្ស័យខាងលើត្រូវបានផ្តន្ទាទោស
គឺរូបលោកប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់រយៈពេល ១៥ ឆ្នាំ។
ជាមួយគ្នានេះផងដែរ ឧត្តមសេនីយ៍ឯក ង៉េង
ជូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានថ្លែង
កាលពីម្សិលមិញថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ
បានបញ្ជាឲ្យស្នងការដ្ឋាននគរបាលខេត្ត និងមូលដ្ឋានស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ។
លោក ង៉េង ជូ
ក៏បានជូនដំណឹងដល់សមត្ថិច្ចទាំងអស់ដែលឈរជើងនៅតាមច្រកព្រំដែននៃប្រទេសវៀតណាម
ឡាវ និងថៃ ឱ្យធ្វើការចាប់ខ្លួនប្រសិនបើប្រទះឃើញជនសង្ស័យ៕
សមត្ថិច្ចកំណត់បានអត្តសញ្ញាណជនសង្ស័យ បាញ់សម្លាប់ DJ ចាក់ភ្លេងនៅក្លឹបកម្សាន្ត
Reviewed by Editor PH
on
11:41 AM
Rating:
