រូបចម្លាក់បុរាណ «សត្វមករ» ដ៏ធំមួយត្រូវបានប្រទះឃើញក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន
![]() |
រូបចម្លាក់បុរាណ «សត្វមករ» ដ៏ធំមួយ Kulen |
សៀមរាប៖ មន្ទីរបរិស្ថានខេត្តសៀមរាប
និងអ្នកជំនាញបុរាណវិទ្យា
បាននិងកំពុងសិក្សាស្រាវជ្រាវលើរូបចម្លាក់បុរាណ «សត្វមករ» ដ៏ធំមួយដែលពុំធ្លាប់ឃើញពីមុនមក
ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន
ស្ថិតក្នុងឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក
ស៊ុន គង់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា
រូបចម្លាក់បុរាណដែលជាបំណែកក្បាលនៃ«សត្វមករ»នេះ ត្រូវបានប្រជាពលរដ្ឋម្នាក់ប្រទះឃើញ
កាលពីថ្ងៃសៅរ៍ ហើយមន្ត្រីជំនាញក៏បានចុះទៅពិនិត្យទីតាំងនោះ
កាលពីថ្ងៃអាទិត្យ។ លោកបន្តថា
តាមរយៈការពិនិត្យរបស់មន្ត្រីជំនាញឃើញថា រូបចម្លាក់ក្បាលសត្វមករ
ធ្វើឡើងពីថ្មភក់ នៅអំឡុងសតវត្សរ៍ទី៦ ហើយដងខ្លួនត្រូវបានបែកបាក់ជាបំណែកៗ
ក្នុងនោះមន្ត្រីជំនាញបានរកឃើញបំណែកដងខ្លួន ចំនួន១៣ដុំទៀត
នៅក្បែរនោះផងដែរ។
លោកមានប្រសាសន៍ថា៖ «បើតាមអ្នកជំនាញ រូបចម្លាក់សត្វមករនេះ
មានទំហំធំដែលយើងមិនធ្លាប់បានឃើញពីមុនមក
ក្នុងនោះមានបណ្តោយប្រវែងប្រមាណ ២.១៤ម៉ែត្រ កម្ពស់ប្រមាណ ០.៩៧ម៉ែត្រ»។
![]() |
រូបចម្លាក់បុរាណ «សត្វមករ» ដ៏ធំមួយ Kulen - mountain |
លោកបន្តថា៖ «រូបសំណាក់សត្វមករ រួមនិងបំណែកដងខ្លួនទាំង ១៣ដុំនោះ
គឺយើងមិនទាន់មានការរើ កកាយចេញពីទីតាំងនោះនៅឡើយ
ដោយយើងប្រាប់ទៅមន្ត្រីឧទ្យានុរក្សជួយការពារ ដើម្បីរក្សាទុកឲ្យខាងមន្ត្រីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ
ចុះមកសិក្សាលម្អិតពីប្រវត្តិទីតាំងនោះ
និងរៀបចំបង្គុំរូបបែកបាក់នោះឡើងវិញ»។
លោក ស៊ុន គង់ បានបន្ថែមថា
នៅទីតាំងនោះ ក្រុមអ្នកជំនាញពុំបានរកឃើញគ្រឹះប្រាសាទណាមួយនោះទេ
ដែលតាមការសន្និដ្ឋាន គឺបុព្វបុរសខ្មែរនាសម័យនោះ
កសាងរូបចម្លាក់នេះដាក់នៅលើផ្ទាំងសិលា(ថ្ម)ប៉ុណ្ណោះ។
លោក ឈឹម សំរិទ្ធី
ឬក្នុងហ្វេសប៊ុកដាក់ឈ្មោះ Rithy Angkor អាយុ ៣៨ឆ្នាំ រស់នៅខេត្តសៀមរាប មានមុខរបរជាជាងចម្លាក់
ដែលបានប្រទះឃើញរូបចម្លាក់បុរាណ «សត្វមករ»
នេះ បានឲ្យដឹងថា រូបលោក
បានប្រទះឃើញរូបចម្លាក់នេះ កាលពីថ្ងៃសៅរ៍
ខណៈពេលដែលរូបលោកដើរទៅក្នុងព្រៃនៃឧទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន
ដើម្បីស្វែងរកឬស្សី និងវត្ថុស័ក្តសិទ្ធិមួយចំនួន។ លោកបន្តថា៖ «ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តដើរក្នុងព្រៃ
ដើម្បីរកអ្វីដែលប្លែកៗ ដូចជា វត្ថុក្នុងដើមឬស្សី ខ្លឹមឈើ
និងវត្ថុស័ក្តសិទ្ធមួយចំនួនដែលជាជំនឿរបស់ខ្មែរយើង
ហើយក៏បានជួបប្រទះរូបចម្លាក់ដ៏កម្រនេះតែម្តង»។
លោកបន្ថែមថា៖ «ក្រោយពីបានឃើញរូបចម្លាក់នេះ ខ្ញុំក៏បានជូនក្រុមមន្ត្រីបរិស្ថាន
និងអ្នកបុរាណវិទ្យាចុះទៅទីតាំងនោះ
និងជួយរកបំណែកខ្លះៗនៃរូបចម្លាក់នេះដែរ
គឺយើងបានរកឃើញបំណែកតួខ្លួនមួយចំនួនធំដែរ នៅបាត់តែប្រម៉ោយទេ»។
បើតាមការលើកឡើងតៗគ្នាពីប្រវត្តិសត្វមករនេះ
បានឲ្យដឹងថា រូបរាងរបស់សត្វនេះ មានក្បាល និងដងខ្លួនជាសត្វនាគ
ត្រចៀកជ្រូក ធ្មេញក្រពើ ប្រមោយដំរី ភ្នែកស្វា ស្រកាត្រី ជើងរាជសីហ៍
និងកន្ទុយក្ងោក។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
លោកឡុង កុសល បានមានប្រសាសន៍ថា
ក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរា
បានចុះកាន់ទីតាំងនោះកាលពីថ្ងៃម្សិលមិញនេះ
ដោយរៀបចំដាក់បញ្ចូលទីតាំងនោះទៅក្នុងផែនទីបុរាណវិទ្យាបន្ថែម ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវលម្អិត។
តែយ៉ាងណា
លោកនៅពុំទាន់អាចបញ្ជាក់បន្ថែមលម្អិតពីប្រវត្តិរូបចម្លាក់នេះបាននៅឡើយ។
លោកបន្តថា៖ «នៅតំបន់ឧទ្យាជាតិភ្នំគូលែននោះ
សំបូរទៅដោយសំណល់បុរាណវិទ្យាជាច្រើន ទាំងនៅលើដី និងក្រោមដី
ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់នោះ
ជៀសវាងការជីកកកាយ ឬឈូសឆាយទីតាំងបុរាណដ្ឋាន
ហើយប្រសិនបើប្រទះឃើញវត្ថុបុរាណទាំងនោះ សូមរាយការណ៍មកខាងមន្ត្រីជំនាញ
និងសមត្ថកិច្ច ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងថែរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ»៕
រូបចម្លាក់បុរាណ «សត្វមករ» ដ៏ធំមួយត្រូវបានប្រទះឃើញក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន
Reviewed by Editor PH
on
2:33 PM
Rating:
