បទវិភាគ៖ កម្ពុជាប្រឈមនឹងការផ្តាច់ EBA តើជាទីបញ្ជប់គួរឲ្យទុក្ខសោកដែរឬទេ?
![]() |
កម្ពុជាប្រឈមនឹងការផ្តាច់ EBA |
សន្តិសុខសេដ្ឋកិច្ចកំណត់សន្តិសុខជាតិ។
ជោគជ័យផ្នែកសេដ្ឋកិច្ចនិងយុត្តិធម៌សង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ភាពស្របច្បាប់របស់រដ្ឋាភិបាល។
សន្តិភាព
និងស្ថិរភាពអាចទ្រទ្រង់បានលុះត្រាតែយុត្តិធម៌សង្គម ស្ថាប័នប្រជាធិបតេយ្យ
និងឱកាសសេដ្ឋកិច្ចត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ
២០២០ កំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយ សារការធ្លាក់ចុះនៃវិស័យទេសចរណ៍
ការរីកសាយនៃពពុះក្នុងវិស័យអចលនៈទ្រព្យនៅក្រុងព្រះសីហនុ
និងផលប៉ះពាល់សក្តានុពលដែលបណ្តាលមកពីការដកហូតការអនុគ្រោះពាណិជ្ជកម្មដែលផ្តល់ដោយសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
ប្រទេសចិនមិនមានសមត្ថភាពក្នុងការជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទេ
ព្រោះថាប្រទេសនេះមិនអាចបញ្ចូលថវិកាដើម្បីជួយផ្តល់ឱកាសការងារដល់ប្រជាជនរាប់សែននាក់ដែលរងផលប៉ះពាល់ពីហានិភ័យសេដ្ឋកិច្ចទាំងក្នុងនិងក្រៅបានឡើយ។
ប្រទេសកម្ពុជាចាំបាច់ត្រូវពឹងផ្អែកលើខ្លួនឯងដើម្បីកាត់បន្ថយហានិភ័យនិងរក្សាភាពធន់នៃសេដ្ឋកិច្ចនៅពេលមានភាពមិនប្រាកដប្រជានិងសម្ពាធសេដ្ឋកិច្ចដាំក្បាលចុះ។
វិសមភាពសេដ្ឋកិច្ចសង្គមនឹងត្រូវបានពង្រីកបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលមិនមានគោលការណ៍ណាមួយដែលមានប្រសិទ្ធភាពក្នុងការធ្វើអន្តរាគមន៍។
កំណែទំរង់ស្ថាប័ននិងការផ្លាស់ប្តូរភាពជាអ្នកដឹកនាំគឺចាំបាច់ដើម្បីបង្កើតយុទ្ធសាស្ត្រជួយខ្លួនឯង។
រដ្ឋាភិបាលចាំបាច់ត្រូវយកពន្ធបន្ថែមទៀតពីអ្នកមាន
ជាពិសេសអ្នកដែលមានដីរាប់រយឬរាប់ពាន់ហិកតាសម្រាប់លក់យកចំណេញ
ដើម្បីបង្កើនថវិការបស់រដ្ឋសម្រាប់គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍជំនាញទៅដល់ប្រជាជនក្រីក្រ។
របបពន្ធគួរតែត្រូវបានពិនិត្យឡើងវិញដើម្បីកាត់បន្ថយបន្ទុកលើសហគ្រាស
ធុនតូចនិងមធ្យមព្រោះថា ច្បាប់ពន្ធមួយចំនួន
ដែលសំណៅដើមសម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងបានក្លាយជាកាតព្វកិច្ចក្នុងគ្រប់វិស័យ។
ពន្ធទាំងនេះបង្កបន្ទុកបន្ថែមដល់ឧស្សាហកម្មដែលកំពុងរងឥទ្ធិពលរួចទៅហើយពីកង្វះធនធានមនុស្ស
និងធនធានមនុស្សដែលមិនមានអំណោយផលដល់សេដ្ឋកិច្ច។
ភាគីពាក់ព័ន្ធកម្ពុជាកំពុងរង់ចាំដោយប្រយ័ត្នប្រយែងចំពោះសេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុបស្តីពីការលើកលែងពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ
(EBA) ដែលនឹងត្រូវចេញនៅខែក្រោយ។
កាសែតខ្មែរថាមស៍បានព្យាករណ៍ថា
សហគមន៍អឺរ៉ុបនឹងអនុវត្តការដកហូតផ្នែកខ្លះនៃ EBA ដែលមានន័យថាឧស្សាហកម្មវាយនភ័ណ្ឌប្រហែលជាមិនរងផលប៉ះពាល់ទេ។
ប្រសិនបើមានករណីនេះ
ហានិភ័យនិងផលប៉ះពាល់ជាក់ស្តែងអាចត្រូវបានគ្រប់គ្រង។
រដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីសហភាពអឺរ៉ុបដើម្បីឆ្លើយតបទៅនឹងការទាមទារនិងលក្ខខណ្ឌដែលកំណត់ដោយឯកតោភាគីដោយសហភាពអឺរ៉ុប។
នៅក្នុងដំណើរការចរចាគ្នា
គេមិនគួររំពឹងថា នឹងទទួលបានលទ្ធផលរំពឹងទុកទាំងអស់នោះទេ។
តែងតែមានខ្សែរក្រហមក្នុងការចរចា។
ទាក់ទងទៅនឹងការឆ្លើយតបចំពោះការទាមទាររបស់សហគមន៍អឺរ៉ុប
ប្រទេសកម្ពុជាបានបង្ហាញជំនឿល្អក្នុងការធ្វើសហប្រតិបត្តិការជាមួយសហគមន៍អឺរ៉ុប។
ក្នុងលក្ខណៈវិជ្ជមានភាគច្រើន
កម្ពុជាបានបំពេញតាមលក្ខខណ្ឌដែលកំណត់ដោយសហគមន៍អឺរ៉ុបលើកលែងតែលក្ខខណ្ឌមួយចំនួនទាក់ទងនឹងករណីលោក
កឹម សុខានិងគណបក្សសង្គ្រោះជាតិដែលក្រៅច្បាប់។
រដ្ឋាភិបាលកម្ពុជាពន្យល់ជាប្រចាំថាការសម្រេចចិត្តលើករណីលោកកឹមសុខានិងសមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិគឺអាស្រ័យលើតុលាការមិនមែនរដ្ឋាភិបាលទេ។
ជាឧទាហរណ៍ តាមផ្លូវច្បាប់ វាមិនអាចទៅរួចទេដែលរដ្ឋាភិបាលអាចបំពេញតាមការទាមទាររបស់សហភាពអឺរ៉ុបទាក់ទងនឹងការទម្លាក់ការចោទប្រកាន់ដោយគ្មានលក្ខខណ្ឌចំពោះនឹងលោក
កឹម សុខា។
ហេតុផលបីដែលអាចពន្យល់ពីការអាចកើតមាននៃការព្យួរដោយផ្នែកនៃ
EBA ពីប្រទេសកម្ពុជា
ទី១- សហគមន៍អ៊ឺរ៉ុបត្រូវរក្សាទុកនូវរូបភាពស្ថាប័នរបស់ខ្លួនជា
«អំណាចបទដ្ឋាន» ដែលសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងការសម្រេចចិត្តរបស់ខ្លួន។
ថ្នាក់ដឹកនាំថ្មីនៅទីក្រុងប្រ៊ុចសែលត្រូវបានបង្ខំឲ្យប្រកាន់ខ្ជាប់នូវតម្លៃស្នូលនិងគោលការណ៍របស់សហភាពអឺរ៉ុប។
ដូច្នេះសហគមន៍អឺរ៉ុបនឹងត្រូវបង្ខំចិត្តធ្វើការសំរេចព្យួរអត្ថប្រយោជន៍ EBA
ពីកម្ពុជា។
ទី២-
ការផ្អាកនេះអាចត្រូវបានព្យួរដោយផ្នែកៗ
ពីព្រោះរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបជាវិជ្ជមានទៅនឹងការទាមទារភាគច្រើន
ជាពិសេសទាក់ទងនឹងសិទ្ធិការងារនិងកំណែទម្រង់ដីធ្លី។
សិទ្ធិសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជាត្រូវបានកែលម្អគួរឲ្យកត់សម្គាល់។
ទី៣- បើក្រឡេកមើលពីទស្សនៈ
មនុស្សធម៌សហភាពអឺរ៉ុបមិនផ្តោតគោលដៅលើឧស្សាហកម្មវាយនភ័ណ្ឌនៅកម្ពុជាដោយសារតែឧស្សាហកម្មនេះកំពុងផ្តល់ការងារដល់កម្មករជាង
៨០០,០០០ នាក់
ដែលភាគច្រើនជាស្ត្រីវ័យក្មេងមកពីតំបន់ជនបទ។
ការព្យួរ EBA លើវិស័យនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងហោចណាស់ចំនួន
២ លាននាក់ដែរ ដោយផ្ទាល់ឬដោយប្រយោល។
ទង្វើនេះនឹងជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងរបស់ព្រះរាជាណាចក្រដើម្បីសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ
(SDGs) ។
សហគមន៍អ៊ឺរ៉ុបត្រូវបានគេចោទប្រកាន់ថាបានអនុវត្តស្តង់ដារទ្វេរ
តាមទស្សនៈរបស់ប្រទេសកម្ពុជានៅពេលដែលអង្គការក្នុងតំបន់នេះបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសវៀតណាមកាលពីឆ្នាំមុន
ទោះបីវាជាពិតដែលថាប្រទេសវៀតណាមមិនចាំបាច់មានកំណត់ត្រាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សប្រសើរជាងនៅពេលប្រៀបធៀបជាមួយប្រទេសកម្ពុជាក៏ដោយក្តី។
ស្តង់ដារទ្វេរបែបនេះបានធ្វើឲ្យថ្នាក់ដឹកនាំកម្ពុជាមួយចំនួនខកខានមិនបានសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អឺរ៉ុបស្តីពីរបៀបវារៈប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
អ្នកខ្លះបាននិយាយថាសហគមន៍អ៊ឺរ៉ុបនឹងមិនពាក់ព័ន្ធច្រើនទេប្រសិន
បើខ្លួនសំរេចព្យួរ EBA ទាំងស្រុងពីកម្ពុជា។
លើសពីនេះទៀត
ការរកឃើញរបស់សហគមន៍អឺរ៉ុបលើបញ្ហាសំខាន់ៗដូចជាកសិករបាត់បង់ដីធ្លី
ការបាត់បង់ការងារនិងសិទ្ធិសហជីពកាន់តែយ៉ាប់យ៉ឺន
ហើយចុងក្រោយការបង្ក្រាបក្នុងនយោបាយគឺមានលក្ខណៈអាស្រ័យលើបញ្ហានីមួយៗ
និងការយល់ឃើញរបស់ខ្លួន។
ការរកឃើញរបស់សហភាពអឺរ៉ុបដើម្បីឲ្យមានការផ្អាក
EBA គឺមានលក្ខណៈស្របតាមការយល់ឃើញ
កំណត់ទុកដូច្នេះដើម្បីធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពចាញ់-ចាញ់។
ដូចដែលបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធបានចង្អុលបង្ហាញ ការលុបបំបាត់ភាពក្រីក្រនិងការលើកកម្ពស់សិទ្ធិមនុស្សគឺជាអាទិភាពសម្រាប់សហភាពអឺរ៉ុប។
ទន្ទឹមនឹងនេះសមត្ថភាពរបស់សហភាពអ៊ឺរ៉ុបក្នុងការគាំទ្រការអភិវឌ្ឍវិជ្ជមានលើវិស័យទាំងពីរគឺពឹងផ្អែកទៅលើទំនាក់ទំនងទ្វេភាគីល្អ។
ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបត្រូវការធ្វើឲ្យមានតុល្យភាពត្រឹមត្រូវរវាងអាទិភាពទាំងនេះ៕
បទវិភាគ៖ កម្ពុជាប្រឈមនឹងការផ្តាច់ EBA តើជាទីបញ្ជប់គួរឲ្យទុក្ខសោកដែរឬទេ?
Reviewed by Editor PH
on
3:11 PM
Rating:
