ក្មេងទំនើងពីរនាក់ត្រូវបានចាប់ខ្លួនពីបទចាក់នគរបាលបុស្តិ៍ឃុំខ្ពបតាងួនឲ្យរងរបួសធ្ងន់
ខេត្តកំពង់ចាម ៖ ក្មេងទំនើងពីរនាក់ត្រូវបានកំលាំងនគរបាលបុស្តិ៍ឃុំខ្ពបតាងួន សហការជាមួយ កំលាំងនគរបាលស្រុកស្ទឹងត្រង់បានឃាត់ខ្លួនក្មេងទំនើង២នាក់ភ្លាមៗ ក្នុងចំណោមបក្ខពួកគេ ផ្សេងទៀត ដែលអុកឡុក ដេញវាយកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ ព្រមទាំងបានធ្វើសកម្មភាពចាក់ទៅលើនាយនគរបាលប៉ុស្តិ៍ឃុំខ្ពបតាងួនដោយកូនកាំបិតបណ្តាលអោយរងយ៉ាងធ្ងន់ធ្ងរទៀតផង ខណៈដែលកំលាំងនគរបាលមូលដ្ឋានបានចុះទៅជួយអន្តរាគមន៍ ដែលស្ថិតនៅវត្តមុន្នីរង្សី ក្នុងភូមិអូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤។
បើតាមលោកអធិការបានអោយដឹងដែរថា ជនបង្កទី១មាន ឈ្មោះ វី សុភៀច អាយុ២០ឆ្នាំ មុខរបរជា និស្សិត តែមិនដឹងថា និស្សិតនៅសាលានោះទេ និងជនបង្កទី២ ឈ្មោះ ហ៊ុន ហ៊ អាយុ២០ មុនរបរជាជាង ជួសជុល ទូរទស្សន៍ និងជាជនដៃដល់ចាក់ លោកមេប៉ុស្តិ៍ បណ្តាលឲ្យរងរបួសធ្ងន់។
អធិការនគរបាល ស្រុកស្ទឹងត្រង់ បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ នៅវត្តមុន្នីវង្ស មានកម្មវិធីបុណ្យកឋិនទាន ហើយម្ចាស់ដើមបុណ្យ និងថ្នាក់ដឹកនាំអាជ្ញាធរ មូលដ្ឋាន បានរៀបចំឲ្យមានការសំដែងល្ខោនបាសាក់ ដើម្បីឲ្យប្រជាពលរដ្ឋ នៅក្នុងភូមិ និងប្រជាពលរដ្ឋ នៅភូមិដទៃទៀត ចូលរួមទស្សនាយ៉ាង សប្បាយ កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ។ នៅក្នុងកម្មវិធីនេះ កម្លាំងនគរបាល មូលដ្ឋាន ប៉ុស្តិ៍ខ្ពសតាងួន បានដឹកនាំកម្លាំង ទៅការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងកម្មវិធី ។
លោក បានបន្ថែមទៀតថា លុះដល់ម៉ោង១យប់ រំលងអធ្រាត្រ មានក្រុមក្មេងទំនើង ២ក្រុម បានដេញ វាយគ្នាឃើញដូចនោះ លោកនាយប៉ុស្តិ៍ បានចុះអន្តរាគមន៍ ក្នុងគោលបំណងបំបែកក្រុមក្មេងទំនើង ប៉ុន្តែត្រូវ បានក្មេងទំនើងចាក់ លោកនាយប៉ុស្តិ៍ចំនួន១កាំបិត ធ្លុះដល់ថ្លើមបណ្តាលឲ្យរងរបួសធ្ងន់ ហើយបញ្ជូនមក សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេហើយដោយមានការយកចិត្តទុកដាក់ពី ក្រុមគ្រូពេទ្យខេត្ត បច្ចុប្បន្ន ជនរងគ្រោះបានឆ្លងផុតពីគ្រោះថ្នាក់ដល់ជិវិត។ ចំណែក ជនសង្ស័យ២នាក់ ក៏ត្រូវបានកម្លាំងប៉ុស្តិ៍ព័ទ្ធចាប់ បានភ្លាមៗ ជាមួយនិងកាំបិតដែលជាភស្តុតាងផងដែរ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅតុលាការវិនិច្ឆ័យនិងផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕