បំបែកសំណុំរឿង ឃាកកម្មបាញ់សម្លាប់ យកទ្រព្យសម្បត្តិ
Monday 13/10/2014 : Time : 08 : 50 am
ភ្នំពេញ ៖មុខសញ្ញាឧក្រិដ្ឋជន០១នាក់ ពីបទឃាតកម្មគិតទុកជាមុន បានប្រើប្រាស់អាវុធបាញ់សម្លាប់យកទ្រព្យសម្បត្តិជនរងគ្រោះ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១១ ផ្លូវលេខ៥៩៨ ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
កាលពីវេលាម៉ោង០៦:៣០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំងរបស់លោកក្ដាប់បានថា មានករណីឃាតកម្ម បាញ់សម្លាប់មនុស្សនៅចំណុចដីឡូត៍ ស្ថិតក្នុងក្រុមទី១១ផ្លូវ៥៩៨ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ភ្លាមៗនោះ កម្លាំងជំនាញសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់អស់រយៈពេល ១ខែ៥ថ្ងៃ គឺ រហូតមកដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ម៉ោងប្រហែល១៦:០០នាទី សមត្ថកិច្ចកងរាជអាវុធហត្ថ បានប្រើ វិធានការជំនាញកំណត់មុខសញ្ញាបាន ហើយឈានដល់ការឃាត់ខ្លួន ឧក្រិដ្ឋជនបាន០១នាក់ នៅចំណុចភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រោម ការសម្របសម្រួលពីលោក សៀង សុខព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការឃាត់ខ្លួនឧក្រិដ្ឋជននេះ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃចំនួន ៣គ្រឿង ម៉ាកអាយហ្វូន ១គ្រឿង ម៉ាកណូគារ១គ្រឿងនិងម៉ាកខេហ្វូន ១គ្រឿង ស៊ីមកាតទូរស័ព្ទលេខ ០៩៧ ៥២០ ០៦ ៤៤ ជាមធ្យោបាយប្រើប្រាស់ក្នុងទំនាក់ទំនងហៅជនរងគ្រោះ ប្រាក់ដុល្លារចំនួន ៣,៥០០ដុល្លារបានប្រគល់ជូនជនរងគ្រោះវិញ
រថយន្តម៉ាក HIGHLADER ពណ៌ខ្មៅ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2N-4425 ប្រគល់ឲ្យភរិយា ជនរងគ្រោះវិញ អាវុធម៉ាក ឡុក សេ អេហ្វ៩៨ (Glock CF98) លេខ 4306236 មួយដើម ប្រម៉ាត់ខ្លាឃ្មុំចំនួន ១២ ក្រពះកាំប្រម៉ាចំនួន០៤ ចង្កូមខ្លាមួយគូ និងផ្សិតលិញជឺ មួយកញ្ចប់ ចិញ្ជៀនលោហៈធាតុ ព៌ណលឿងត្បូងខៀវ ០១វង់ ម៉ូតូចំនួន១គ្រឿង ម៉ាក PULSAR ផលិតឆ្នាំ២០០០NS ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1C-2623 ប័ណ្ណ បើកបរ ជនរងគ្រោះ០១សន្លឹកនិងកិច្ចសន្យាខ្ចីប្រាក់ ។
ជនសង្ស័យ អេង សៀង ហៅ៨៥ ភេទប្រុស កើតឆ្នាំ១៩៩៦ជាអ្នកបកប្រែភាសាចិន នៅក្រុមហ៊ុន គាន់ឡុង (ក្បែរ វិទ្យាល័យឥន្ទ្រទេវី)ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣ (បុរី ឡាយគង់) សង្កាត់គីឡូម៉ែត្រលេខ០៦ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានសារភាពថា បន្ទាប់ពីខ្លួនបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះឈ្មោះ នូ គឹមសាន្ត កាលពីថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០១៤រួច វេលាម៉ោងប្រមាណ ០៩:00នាទីព្រឹក ខ្លួនបានប្រើទូរស័ព្ទលេខ ០៩៧៥២០ ០៦ ៤៤ ហៅចូលទៅលេខជនរងគ្រោះឈ្មោះ នូ គឹមសាន្ត ក្នុងគោលបំណងឲ្យគាត់មកភ្នំពេញ ធ្វើជាលេសបញ្ជាទិញ ឥវ៉ាន់ពីគាត់មានដូចជាប្រម៉ាត់ខ្លាឃ្មុំចំនួន១២ ក្រពះកាំប្រម៉ា ចំនួន០៤ ចង្កូមខ្លាមួយគូនិងខ្នាយជ្រូកព្រៃមួយគូ ដោយខ្លួនបានកុហកជនរងគ្រោះថាជនជាតិចិនជាអ្នកបញ្ជាទិញ ។ លុះដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ខ្លូនបានទូរស័ព្ទទៅជនរងគ្រោះចំនួនពីរដងទៀត គឺនៅវេលាម៉ោងប្រមាណ០៨ ព្រឹកនិងនៅ ម៉ោងប្រមាណជា ១១ព្រឹក ដើម្បីសួរបញ្ជាក់គាត់ ពេលនោះគាត់ (ជនរងគ្រោះ)ប្រាប់ថា មកជិតដល់ហើយ ។ ពេលឈ្មោះ នូ គឹមសាន្ត មកដល់ស្តារម៉ាតក្បែកាំកូស៊ីធី ផ្លូវ៥៩៨ (កន្លែងខ្លួនឈប់រង់ចាំ)គាត់ក៏បានឈប់រថយន្តតាមការឲ្យ សញ្ញាពីរូបខ្លួនពេលនោះខ្លួនបានឡើងជិះរថយន្តម៉ាក Highlander ពណ៌ខ្មៅ ផលិត២០០២ (ពុំចាំស្លាកលេខ) ជាមួយគាត់ ដោយនាំគាត់ទៅដីឡូត៍ ដែលខ្លួនបានមើលនិងរៀបចំទុកជាមុន នៅវេលាម៉ោងប្រមាណ ១១: ៤០នាទី ហើយបានភូតកុហកគាត់ថាចាំជនជាតិចិនមកយកឥវ៉ាន់ ដែលបញ្ជាទិញ ភ្លាមនោះខ្លួន និងគាត់បានចុះពីលើរថយន្តជជែកគ្នាលេងអស់រយៈពេល ប្រមាណជាពីរម៉ោង ហើយគាត់បានសួរថាហេតុអ្វីបានជាចិន យូរម្ល៉េះ ? ដោយចាំយូរពេកគាត់ក៏ប្រាប់ខ្លួនឲ្យទូរស័ព្ទទៅជនជាតិចិន ពេលនោះខ្លួនធ្វើជានិយាយទូរស័ព្ទទៅចិន តែតាមការពិតខ្លួន មិនបានហៅ ទូរស័ព្ទទៅចិននោះទេហើយបានភូតកុហកគាត់ទៀតថា ជនជាតិចិន ប្រាប់ឲ្យទៅជួបនៅហាងស៊ុបនៅចំណុចក្បែររង្វង់មូលកាំកូស៊ីធីវិញ។ បន្ទាប់មកគាត់ និងខ្លួនបានឡើងជិះរថយន្តទាំងអស់គ្នា (ខ្លួនអង្គុយខាងក្រោយ)តែពេលជនរងគ្រោះបញ្ឆេះរថយន្តបម្រុងចេញ ខ្លួនក៏និយាយថា ឈប់មួយភ្លែតទន្ទឹមនឹងនោះខ្លួនក៏យកកំាំភ្លើងខ្លីម៉ាកឡុក ចេញពីក្នុងកាបូបស្ពាយរួចបាញ់លើឈ្មោះ នូ គឹមសាន្ត ចំនួនបីគ្រាប់ត្រូវចំខ្នងគាត់និងបន្តបាញ់ត្រូវចំលើក្បាល ចំនួន០៣គ្រាប់បន្ថែមទៀត រហូតដល់ ជនរងគ្រោះស្លាប់ឃើញដូចនោះខ្លួនក៏បានចុះចេញពីលើរថយន្ត និងបិទទ្វាររថយន្តរួចរាល់ខ្លួនក៏ត្រឡប់ ទៅផ្ទះនៅបុរីឡាយគង់ដើម្បីផ្លាស់ប្តូរអាវព្រោះអាវពណ៌សូកូឡា ដែលខ្លួនពាក់ប្រឡាក់ឈាម លុះដល់ម៉ោងប្រមាណ២១:០០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ខ្លួនបានទៅដល់កន្លែងនោះវិញ (កន្លែងបាញ់សម្លាប់) ហើយទំលាក់សាកសពជនរងគ្រោះឈ្មោះ នូ គឺមសាន្ត ចេញពីរថយន្តរួចបើករថយន្តមកផ្ទះសំណាក់យីហោ ថ្ងៃល្អ ម្តុំអង់តែនទួលគោក ដោយយករថយន្តនេះទុកក្នុងបន្ទប់ផ្ទះសំណាក់នេះ ហើយបាំងវាំងននជិត រួចខ្លួនបានខ្ចីទុយោទឹកលាងសំអាតឈាមជាប់លើកៅអីឡាន ពេលនោះសន្តិសុខយាមផ្ទះសំណាក់បានឃើញឈាម ក៏សួរខ្លួនក៏បានឆ្លើយថាមានទំនាស់កាប់គ្នាពេលហូបចុកមិនហ៊ានយកឡានចូលផ្ទះ ។ លុះពេលលាងសំអាត រថយន្តរួចខ្លួនបានជិះរថយន្តនេះយក ទៅផ្ញើនៅផ្សារបឹងត្របែកផ្លាហ្សាហើយខ្លួនក៏ទៅដេកនៅផ្ទះជួលជិត ស្ថានីយ៍ប្រេងកាល់តិច(បូកគោ) ។លុះដល់វេលាម៉ោងប្រមាណជា ០៩:០០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៤ខ្លួនបានទៅយករថយន្តចេញពីកន្លែងផ្ញើ រួចទៅដេរពូក បន្ទាប់មកទាក់ទងតាមទូរស័ព្ទទៅអ្នកគួកជេរ ឡានឈ្មោះ រ័ត្ន សារុន ដើម្បីលក់រថយន្តនេះលុះរយៈពេលមួយម៉ោង ក្រោយមក ខ្លួនបានទៅជួបគាត់នៅរង្វង់ មូលសម្តេចសង្ឃជួនណាតពេលនោះគាត់បានពិនិត្យ ឯកសាររថយន្ត និងសាកល្បងរួចរាល់ គាត់ក៏ហៅអ្នកទទួលបញ្ចាំមកមើល។ បន្ទាប់មកពេលអ្នកទទួលបញ្ចាំ មកដល់បានពិនិត្យឯកសារនិងរថយន្តរួច ក៏បានត្រូវរ៉ូវ គ្នាក្នុងតម្លៃ ៩.០០០ដុល្លាអាមេរិក។បន្ទាប់ពីបញ្ចាំរថយន្តម៉ាកហាយឡែនដឺ រួចខ្លួនបានយក ឥវ៉ាន់ដែលនៅក្នុងរថយន្តនោះទៅផ្ទះតែម្តង ។ ចំណែកអាវុធខ្លីម៉ាក ឡុកខ្លួនបានទិញពីជនម្នាក់មិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុប្រហែល៤០ឆ្នាំ ។
ជនសង្ស័យបានសារភាពទៀតថា ខ្លួនធ្លាប់បានបាញ់សម្លាប់ជនជាតិចិនម្នាក់ (មិនចាំឈ្មោះ) ជាមេការនៅ ក្រុមហ៊ុនចុងឈីជាក្រុមហ៊ុនវិនិយោគលើដីសម្បទានដាំកៅស៊ូ នៅស្រុកកោះញែក ខេត្តមណ្ឌលគីរីមូលហេតុ ដែលបណ្ដាលឲ្យខ្លួនបាញ់សម្លាប់ជនជាតិចិននោះ គឺដោយសារជនជាតិចិននោះបង្ខំឲ្យបុគ្គលិកធ្វើការលើស ម៉ោង ហើយបានដេញបុគ្គលិកដែលជាមិត្តភក្តិជិតដិតរបស់ខ្លួនឲ្យឈប់ធ្វើការ ទើបខ្លួនមានគំនុំរហូតឈានដល់បាញ់សម្លាប់ជនជាតិចិននោះតែម្ដង ដោយប្រើប្រាស់អាវុធម៉ាក AK ស្វាយបត់បាញ់ពីក្រោយត្រូវចំខ្លួន ០១គ្រាប់ និងក្បាល០១គ្រាប់បន្ទាប់ពីបាញ់សម្លាប់ជនជាតិចិននោះ ខ្លួនក៏បានរត់គេចខ្លួន ។
បច្ចុប្បន្ន ជនពាក់ព័ន្ធទាំងអស់ដែលរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងចាប់យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយៈ សូសៀង
រៀបចំដោយៈ សុខុម
By: khmeronlinenews.com