វិស័យនគរូបនីយកម្ម និងសំណង់ ជាមួយនឹងគម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីកំពុងពន្លឿន
ខេត្តព្រះសីហនុ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ប្រកាសពីលទ្ធផលសម្រេចបានដោយជោគជ័យ កន្លងមកក្នុងការរៀបចំប្លង់គោលនៅក្រុងព្រះសីហនុ ក៏ដូចជាការកំណត់ទិសដៅបន្ត ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង គោលនយោបាយជាតិស្តីពីការរៀបចំដែនដីកម្ពុជា។
មានប្រសាសន៍ក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យនៃគម្រោងរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៤ នៅសណ្ឋាគារខ្សាច់មាសក្រុងព្រះសីហនុ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ បានគូសបញ្ជាក់ថា ក្នុងការរៀបចំដែនដីនិងនគររូបនីយកម្មផ្អែកលើយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពីការរៀបចំដែនដី។
លោក ប៉ែន សុផលបានបន្តថា យើងបានសិក្សា និងគិតគូរច្បាស់លាស់អំពីចក្ខុវិស័យយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ប្រទាក់ក្រឡាគ្នានូវ ១- ប៉ូលអភិវឌ្ឍន៍ទាំង៣ ភ្នំពេញ សៀមរាប ព្រះសីហនុ និង កំពុងជំរុញប៉ូលសទី៤ (ត្រីកោណមរកត)នៅភូមិភាគឦសាន ២- ការកសងតំបន់ស្នូលនៃទីក្រុង និង ៣- អ័ក្សអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌផ្ទៃក្នុងកម្ពុជាផ្សារភ្ជាប់តំបន់អាស៊ាន និង មហាអនុតំបន់ទន្លេមេគង្គ។
មកដល់ពេលនេះយើងកសាងបាននូវមូលដ្ឋានគតិយុទ្ឋមួយចំនួនជាអាទិ៍ គោលនយោបាយជាតិ ស្តីពីការរៀបចំដែនដី ច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្មនិងសំណង់ ព្រះរាជក្រិត្យស្តីពីការបង្កើត គណៈវិស្វករកម្ពុជា បង្កើតគណៈស្ថាបត្យករកម្ពុជា និង អនុក្រឹត្យពាក់ព័ន្ធ និង ការអនុញ្ញាត្តិសាងសង់ ការគ្រប់គ្រងបូរី ការគ្រប់គ្រងនិងប្រើប្រាស់ អាគារសហកម្មសិទ្ធ និង បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ។ជាពិសេសក្នុងការអនុវត្តបទបញ្ញាត្តិដែលមានវិសាលភាពគ្រប់ដណ្តប់ច្រើវិស័យ យើងក៏បានបង្កើតយន្តអន្តរស្ថាប័ណ្ណដូចជាគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្ម និង គណៈកម្មាធិការគ្រប់គ្រង និងអភិឌ្ឍន៍តំបន់ឆ្នេរជាដើម។
ជាក់ស្តែងការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ក្រុងព្រះសីហនុពេល នេះគឺជាការសិក្សាលម្អិតបន្តពីផែនការរៀបចំដែនដីខេត្តព្រះសីហនុ ដែលក្រសួងរៀបចំដែន នគររូបនីយកម្មនិងសំណង់បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន(JICA) បានសិក្សាបញ្ចប់កាលពីចុងឆ្នាំ២០១០ និងបានបកប្រែកែសម្រួលនៅចុងឆ្នាំ ២០១៣។
សូមបញ្ជាក់ផងដែរថា កន្លងមកក្រសួងបានកសាងផែនការរៀបចំដែនដី ប្លង់គោល និង ផែនការប្រើប្រាស់ដីស្ទើគ្រប់កំរិត ដែលក្នុងនោះមាន៖ ផែនការរៀបចំដែនដីតំបន់ឆ្នេរសមុទ្រកម្ពុជា ផែនការរៀបចំដែនដីថ្នាក់ខេត្ត ដែលក្នុងនោះមាន ផែនការណ៍រៀបចំដែនដីខេត្តព្រះសីហនុ ប្លង់គោលរាជធានីភ្នំពេញ ប្លង់គោលប្រើប្រាស់ដី និង /ឬផែនការប្រើប្រាស់ដីក្រុង ស្រុក ខ័ណ្ឌ និង ទីប្រជុំជនចំនួន៤៣ ផែនការប្រើប្រាស់ថ្នាក់ឃុំចំនួន១២៨ ព្រមទាំងនឹងកំពុងបន្តសិក្សារៀបចំ និង អនុវត្តប្លង់គោល និងផែនការប្រើប្រាស់ដីជាបន្តបន្ទាប់ទៀត៕ កោះរ៉ុង