កុមារា២នាក់បងប្អូនអាយុ៥ឆ្នាំ និង៣ឆ្នាំ លង់ទឹកប្រឡាយក្រោយផ្ទះស្លាប់ទាំងពីរដ៏សែនអាសូរ
ខេត្តបន្ទាយមានជ័យ៖ កុមារាពីរនាក់បងប្អូនទៅលេងទឹកប្រឡាយក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់ ខណះពេល ឪពុកម្តាយរង្វល់ទៅធ្វើការ ដោយផ្ញើកូននៅជាមួយអ្នកជិតខាង ។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១ និង៣០ នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ នៅប្រឡាយ ខាងកើតវត្តចាស់ប្រហែល ២០០ មែត្រ ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ស៊ិវ សុជាតិ អធិការ ក្រុងសិរីសោភ័ណបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ក្រោយពីបានទទួលព័ត៌មានបានកាលពីម្សិលមិញនេះលោកក៏បានបញ្ជាកម្លាំងប៉ុស្តិ៍ចុះទៅត្រួតពិនិត្យ ដើម្បីធ្វើកោសល្យវិច័យ ក្មេងរងគ្រោះទាំង២នាក់បងប្អូនបង្កើតនោះ។
លោកបានបន្តក្មេងគ្រោះ ទី១មានឈ្មោះ ថុល អាន ភេទប្រុស អាយុ ៥ឆ្នាំ ត្រូវជាបង និងទី២ឈ្មោះ ថុល ធៀន ភេទប្រុស អាយុ ៣ឆ្នាំ រីឯឪពុកឈ្មោះ ចាន់ថុល អាយុ ៣៥ឆ្នាំ និងម្តាយឈ្មោះ គង់ ស្រីមុំ អាយុ៣៣ឆ្នាំ មានមុខបរជាកម្មករកសិដ្ឋានចិញ្ចឹមមាន់ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយមកស្នាក់នៅកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងខាងលើ។
ឪពុកក្មេងរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ ព្រោះតែរូបគាត់ ជាប់រវាល់ទៅធ្វើការងារ នៅរោងម៉ាស៊ីនកិនស្រូវ នៅម៉ោង ១ រសៀលនោះពេលគាត់ត្រឡប់មកផ្ទះវិញ ប្រពន្ធ ក៏ជាប់រវល់ទៅផ្សារទិញឥវ៉ាន់នៅផ្សារហើយទុកកូនទាំង២ ឲ្យអ្នកជិតខាងជួយមើល។ ក្រោយពីគាត់បានមកដល់បានស្រែកហៅកូនទាំង២នាក់មិនឮឆ្លើយសោះ ហើយបានទៅសួរអ្នកជិតខាងថា មានឃើញកូនគាត់ទេ ភ្លាមនោះគាត់នាំគ្នារកក្នុងបរិវេណកសិដ្ឋានចិញ្ចឹមមាន់ក៏មិនឃើញ លុះទៅប្រឡាយទឹកស្រាប់តែឃើញ កូនទាំងពីរអណ្តែតទឹកក្នុងប្រឡាយស្លាប់បានត៉ទៅហើយ គាត់តក់ស្លុតទន់ជង្គង់រហូតអុកគូទ។
ភ្លាមនោះអ្នកភូមិបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហើយបានធ្វើកោសល្យវិច័យ លើសាកសពក្មេងៗ និងបានសន្និដ្ឋានថាក្មេងទាំងពីរនាក់បងប្អូននោះពិតជាលង់ទឹកប្រឡាយ ដែលមានជម្រៅកន្លះម៉ែត្រ ហើយគ្មានស្នាកស្នាមអ្វីដែលពាក់ព័ន្ធនឹងឃាតកម្មនោះទេ។ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សព ក្មេងខាងលើទៅឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ យីហាំង