បុរសចំណាស់ម្នាក់ទៅបង់សំណាញ់ចាប់ត្រី តែត្រូវសំណាញ់រុំជើលង់ទឹកស្លាប់
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានខ្យល់គរ លង់ទឹកស្លាប់ នៅពេលយកសំណាញ់ចេញពីផ្ទះទៅបង់ត្រី យកមកធ្វើម្ហូប។ ហេតុការណ៍នោះបានកើតឡើងនៅចន្លោះវេលាម៉ោង៨ព្រឹក ដល់ម៉ោង១១ព្រឹកកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ចំណុចស្ពានវត្តហ្លួងស្ថិតក្នុងភូមិ ហ្លួង ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រភពអាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា៖ បុរសគ្រោះរូបនេះ បានប្រាប់ប្រពន្ធថា ទៅបង់ត្រី តាំងពីព្រឹកព្រលឹម ថ្ងៃកើតហេតុ បានខ្យល់គរ ដួលធ្លាក់ចូលទឹកក្រោមស្ពានបណ្តាលឲ្យលង់ទឹកស្លាប់តែម្នាក់ឯងដោយគ្មានអ្នកណាបានដឹងឡើយ។
លោក ស៊ី ឌី អធិការដ្ឋាននគរបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ក្រោយពីលោកបានទទួលព័ត៌មានពីពលរដ្ឋភ្លាម រូបបាន នាំកម្លាំងជំនាញទៅត្រួតពិនិត្យ ដោយបានស្រង់យកសពមកលើគោកធ្វើកោសល្យវិច័យភ្លាមៗ។ លោកបានបន្តថា សពរងគ្រោះលង់ទឹកស្លាប់មានឈ្មោះ ហុក គឹមឃាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិ ហ្លួង ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច័តរួចមកបានសន្និដ្ឋានថា ករណីខាងលើនេះពិតជាលង់ទឹកស្លាប់មែន គឺមូលហេតុចុះបង់ត្រីក្នុងទឹក ភ្លាមនោះខ្យល់គរទាក់ដៃ ជើងជាប់នឹងសំណាញ់ ទើបបណ្តាលអោយលង់ទឹកស្លាប់តែម្តង ចំពោះស្លាកស្នាមផ្សេងៗទៀតលើសពពុំមាននោះទេ ដូច្នេះវាមិនមែនជាអំពើឃាត់កម្មអ្វីនោះទេ។ សមត្ថកិច្ចបានប្រគលសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី៕ ដោយយីហាំង