Insurance

728x90

គ្រូពេទ្យ​ប្រចាំ​ភូមិ យ៉ែម ជ្រិ​ន ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​ដោយ​ចោទ​បី​ករណី​ធំៗ​

​ខេត្តបាត់ដំបង​៖ គ្រូពេទ្យ​ប្រចាំ​ភូមិ​ឈ្មោះ យ៉ែម ជ្រិ​ន ដែល​ធ្វើ​ឲ្យ​មានការ​រំជើបរំជួល​ទូទាំងប្រទេស​ក្ពុ​ជា លើ​ករណី​សង្ស័យថា​ជា​អ្នក​ឆ្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង នៅ​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤​នេះ ត្រូវបាន​សាលាដំបូង​ខេត្តបាត់ដំបង បានសម្រេច​ឃុំខ្លួន ជា​បណ្តោះអាសន្ន​ហើយ ដោយ​ចោទប្រកាន់ ចំនួន​៣​ករណី​ធំៗ ។​


​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក នួន សាន បានផ្តល់​ព័ត៌មាន​ឱ្យ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក​ថា តុលាការ​បាន​ចោទប្រកាន់​លោក យ៉ែម ជ្រិ​ន ៣​ករណី ក្នុងនោះ ទី​១ ប្រព្រឹត្ត​ក្នុង​ចេតនា ចម្លង​មេរោគ​អេដស៍ ទៅ​អ្នកដទៃ តាម​មាត្រា ១៨, ៥០​នៃ​ច្បាប់​ស្តីពី​ការបង្ការ និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​អេដស៍​/​ជំងឺអេដស៍​, ទី​២​ពីបទ​៖ ឃាតកម្ម ដោយ​អំពើ​ឃោរឃៅ តាម​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ទី​៣ ពីបទ​៖ បើក​កន្លែង​ពិគ្រោះ​ព្យាបាល ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​


លោក យ៉ែម ជ្រិ​ន គ្រូពេទ្យ​ប្រចាំ​ឃុំ​រកា ដែល​អ្នកភូមិ​ចោទថា ជា​អ្នកចម្លង​មេរោគ​អេដស៍ ដល់​មនុស្ស​ច្រើនជាង ១០០​នាក់ តាមរយៈ ការប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​រួមគ្នា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង អស់​រយៈពេល​ជាង ១​សប្តាហ៍ ក្នុង​គោលដៅ រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឲ្យ​លោក បន្ទាប់ពី​លោក​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​។ លោក យ៉ែម ជ្រិ​ន ក៏​ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ទៅកាន់​តុលាការ​កាលពី​ម្សិលមិញ ។​


នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា កាលពី​ម្សិលមិញ លោក យ៉ែម ជ្រិ​ន បាន​សារភាពថា លោក​ធ្លាប់ប្រើ​ម្ជុល​តែមួយ ដើម្បី​ចាក់​ថ្នាំ​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​រកា ដែល​ចម្លើយ​នេះ បាន​ស្រដៀង​គ្ន​ទៅនឹង​ការផ្តល់​ចម្លើយ​របស់លោក ទៅ​ឲ្យ​ប៉ូលិស​ដែរ​។​


សូមបញ្ជាក់ថា បើតាម​តួលេខ ដែល​បង្ហាញ​ដោយ​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ កាលពី​ចុង​សប្តាហ៍​មុននេះ បាន​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​ឃុំ​រកា ប្រមាណ ១៤០​នាក់ ត្រូវបាន​ពិនិត្យឃើញថា មាន​ផ្ទុកមេរោគ​អេដស៍ ។ អ្នកភូមិ​ទាំងនេះ រស់នៅ​ភូមិ​រកា ភូមិ​អំបែង​ថ្ងែ និង ភូមិ​តា​ហែ​ន​១ ស្ថិតនៅក្នុង ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​៕ ​


KA-909022



គ្រូពេទ្យ​ប្រចាំ​ភូមិ យ៉ែម ជ្រិ​ន ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​ដោយ​ចោទ​បី​ករណី​ធំៗ​ គ្រូពេទ្យ​ប្រចាំ​ភូមិ យ៉ែម ជ្រិ​ន ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​ដោយ​ចោទ​បី​ករណី​ធំៗ​ Reviewed by yim PH on 9:07 PM Rating: 5
Powered by Blogger.