សង្ស័យកើតចេញពីស្នេហាត្រីកោណ ជនជាតិអាមេរិកវាយជនជាតិខ្មែររងរបួសធ្ងន់
ខេត្តព្រះសីហនុ៖ បុរសជាបុគ្គលិកផ្ទះសំណាក់ GBT3 ម្នាក់បានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅភ្នំពេញ សង្ឃឹមរស់តិចតួចបន្ទាប់ពីត្រូវបានជនជាតិអាមេរិកដែលអះអាងថា ជាមិត្តភត្តិជនរងគ្រោះ វាយអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង២១ និង១០នាទីយប់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៤ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមការឲ្យដឹងពីលោកអនុសេនីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤បានបង្ហើបអោយដឹងថា៖ នៅយប់ថ្ងៃកើតហេតុវេលាម៉ោងខាង កំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ៤ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានករណីធ្វើទារុណ្ឌកម្ម មួយកើតឡើងដែលបង្កដោយជនបរទេស បានវាយដុំមកលើជនជាតិខ្មែរ យ៉ាងព្រៃផ្សៃបំផុត។ ខណៈពេលនោះកម្លាំងរបស់លោកបានចុះទៅដល់កន្លែងកើតហេតុភ្លាម ហើយបានឃើញជនរងគ្រោះជនជាតិដេកដួលសន្លប់បាត់ស្មារតីនៅការ៉ូក្នុងផ្ទះជួល របស់ជនបរទេសយ៉ាងអាណោចអាធ័ម បំផុត។
លោកបានន្តថា លោកបានរាយការណ៍មកកាន់អធិការដ្ឋាននគរបាលក្រុង ការិយាល័យអន្តោប្រវេសន៍ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទើបធ្វើការឃាត់ខ្លួនជនបង្ករមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។ ជនបង្កជាជនបរទេសនោះមានឈ្មោះ BARNETT JASON RICHARD ជនជាតិអាមេរិចកាំង អាយុ៣៣ឆ្នាំ កាន់លិខិឆ្លងដែនលេខ ៥២៧៤៤២៨៦៤ មានមុខរបរទេសចរណ៍រយៈពេលវែង ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ។
ចំណែកជនរងគ្រោះមានឈ្មោះ នាង សារិន ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកនាំភ្ញៀវ នៅផ្ទះសំណាក់ GBT3 មានស្រុកកំណើតនៅ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសធ្ងន់ សង្ឃឹមរស់តិចតួច កំពុងសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ(មកដល់រសៀលថ្ងៃទី២១នេះនៅ ពុំទាន់ដឹងខ្លួននៅឡើយ)។ ចំពោះប្រភពច្បាស់លាស់ជុំវិញ ដើមហេតុនៃការធ្វើទារុណ្ឌកម្មនេះ សមត្ថកិច្ចនៅពុំទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ។
ដោយឡែកយោងតាមប្រភពពីបុគ្គលិក GBT3 ដូចគ្នាបានឲ្យដឹងថា ជនបង្ក និងជនរងគ្រោះគឺជាមិត្តនឹងគ្នាចំនួន២ទៅ៣ខែមកហើយៗជារៀងរាល់ថ្ងៃអ្នកពីរទៅណាមកណាក៏ទៅជាមួយគ្នាដែរ សូម្បីតែផ្ទះជួលកន្លែងកើតហេតុ ក៏ជនរងគ្រោះជាអ្នកធានាជួល តភ្ជាប់ចរន្តអគ្គីសនី ទឹក និងទិញសម្ភារៈតុបតែងផងដែរ ប៉ុន្តែមិនដឹងមូលហេតុអីបានជាជនបរទេសបែរជាលើកដៃវាយទៅកើត។ ប្រភពដ៏ដែលបានបន្តថា នៅមុនថ្ងៃកើតហេតុមួយថ្ងៃជនបង្ក និង ជនរងគ្រោះបានផឹកស៊ីជាមួយគ្នា រហូតដល់វេលាកើតហេតុ។
ជុំវិញបញ្ហានេះផងដែរ យោងតាមប្រភពជិតដិតមួយ បានលួចបង្ហើបអោយដឹងថា ហេតុការណ៍នេះគេសង្ស័យថា កើតឡើងពីស្នេហាត្រីកោណ រវាងស្ត្រីជាប្រពន្ធជនបង្ក និងបុរសជនរងគ្រោះជាជនជាតិខ្មែរ ព្រោះនៅមួយរយៈចុងក្រោយនេះគេសង្កេតឃើញស្ត្រីប្រពន្ឋជនបង្កមានភាពស្និតស្នាលជាមួយជនរងគ្រោះណាស់។ ប៉ុន្តែនេះគ្រាន់ជាការសង្ស័យតែប៉ុណ្ណោះ។ ចំណែករឿងរ៉ាវយ៉ាងណានោះគ្មាននណាម្នាក់បានដឹងក្រៅអំពីជនរងគ្រោះនោះទេ។ បច្ចុប្បន្នជនបង្កកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូង ខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ កោះរ៉ុង