អភិបាលរងម្នាក់អនុញ្ញាត តែអភិបាលរង ម្នាក់ទៀតចុះឃាត់ រឿងទីតាំងដាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មមួយកន្លែង
ខេត្តព្រះសីហនុ៖ ទីតាំងសំណង់មានច្បាប់ដែលគ្រោងតម្លើងផ្ទាំងប៉ាណូ ចាក់ផ្សាយពាណិជ្ជកម្មមួយកន្លែង ត្រូវបានអាជ្ញាធរដែនដីថ្នាក់ក្រុង និងថ្នាក់ខេត្តចុះឃាត់បញ្ឈប់សកម្មភាព កាលពីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ខណៈពេលម្ចាស់ទីតាំងដែលជាជនជាតិរ៉ុស្ស៊ីអះអាងថា មានច្បាប់ត្រឹមត្រូវដែលអនុញ្ញាត ដោយ លោក រាជ សុវណ្ណ អភិបាលរងក្រុងព្រះសីហនុ។
លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ បានបញ្ជាក់អះអាងថា ទីតាំងដែលជនបរទេសកំពុងបុកសសៃដែកចូលបេតុង ធ្វើគ្រឹះផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនោះ គឺមិនឲ្យតម្លើងបាននោះទេ បើទោះបីជាមានច្បាប់អនុញ្ញាតយ៉ាងណាក៏ដោយ ព្រោះនេះជាផ្លូវសាធារណៈ ជាតំបន់ទេសចរណ៍សំខាន់ ជាតំបន់ហាមឃាត់សាងសង់សំណង់ផ្សេងៗ ដែលធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ លោក លី វណ្ណដា ក៏បានបញ្ជាក់ផងដែរថាចំពោះច្បាប់ដែលការិយាល័យច្រកចេញចូល អនុញ្ញាតអោយដាក់ផ្ទាំងប៉ាណូផ្សាពាណិជ្ជកម្មនោះ មិនមែនអនុញ្ញាតអោយមកដាក់តាំងនៅកណ្តាលផ្លូវនោះទេ ហើយក៏ពុំបានបញ្ជាក់ពីទីតាំងនោះដែរ។
ដោយឡែកយោងតាមប្រភពពីម្ចាស់អាជីវកម្មឈ្មោះ ហ្វីឡាតូ ហូវីឆាលី ភេទ ប្រុស អាយុ២៤ ជនជាតិរ៉ុស្ស៊ី ក៏បានអះអាងដែរថា មូលហេតុដែលខ្លួនហ៊ានមកដាក់ទីតាំងប៉ាណូផ្សាយពាណិជ្ជកម្មនេះ ព្រោះខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។
ជុំវិញបញ្ហានេះផងដែរ លោក រាជ សុវណ្ណ អភិបាលរងក្រុងព្រះសីហនុ ដែលជាអ្នកអនុញ្ញាតច្បាប់ បានអោយដឹងថា ច្បាប់នេះគឺពិតលោកជាអនុញ្ញាតមែន ប៉ុន្តែមិនមែនអោយទៅដាក់កណ្តាលផ្លូវនោះទេ គឺដាក់តែសំរាប់មុខហាងតែប៉ុណ្ណោះ ឯការដែលយកទៅដាក់កណ្តាលផ្លូវនោះវាពិតជាមិនត្រឹមត្រូវឡើយ។
ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានមានប្រតិកម្មយ៉ាងខ្លាំងៗទៅនឹងលោក រាជ សុវណ្ណ ដែលបានចេញអនុញ្ញាត អោយម្ចាស់អាជីវកម្មដាក់តាំងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ដោយពុំបានកំណត់ទីតាំងអោយបានជាក់លាក់ ថាទីតាំងណា ចំណុចណាដែលគួរអនុញ្ញត មិនមែនចេះតែចេញក្រដាសអនុញ្ញាតអោយតែរួចពីដៃនោះទេ ត្រូវបញ្ជាក់ទីតាំងឲ្យបានត្រឹមត្រូវ ប្រជាពលរដ្ឋបានចំអកថា សូម្បីតែអក្ខរាវិរុទ្ធសរសេរក្នុងលិខិតអនុញ្ញាតនោះក៏មានខុសហូរហែ សម័យនេះទៅហើយនៅមានមន្ត្រីខ្វះសមត្ថភាពតែមានតួនាទីធំៗយ៉ាងនេះទៅទៀតគួរឲ្យអស់សង្ឃឹមណាស់៕ ដោយ កោះរ៉ុង