ប៉ូលិសកម្ពុជាសហការជា មួយប៉ូលិសអាំងទែប៉ូលតាម ចាប់ឧកញ៉ា ថោង សារ៉ាត់
Monday 15/12/2014 Time : 02 : 58 pm
ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អោយដឹងថា ប៉ូលិសកម្ពុជាកំពុងសហការជាមួយប៉ូលិសអន្តរជាតិ ដែលគេស្គាល់ថា ប៉ូលិសអាំងទែប៉ូល (Police Interpole) ដើម្បីតាមចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់។
វិធានការថ្មីនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចអះអាងថាបានតម្រុយពីទីកន្លែងលាក់ខ្លួនរបស់លោកឧកញ៉ាម្ចាស់ក្រុមហ៊ុនសំណង់៩៩៩ ដែលកំពុងរត់គេចខ្លួនពីការតាមចាប់ក្នុងសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។
នេះជាជំហានថ្មីមួយទៀតរបស់ប៉ូលិសកម្ពុជាក្នុងប្រតិបត្តិការតាមចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ដើម្បីបញ្ជូនខ្លួនមកតុលាការ។ ការបង្ហើបឲ្យដឹងដូចនេះបន្ទាប់ពីក្រុមសមត្ថកិច្ចចម្រុះចុះទៅឆែកឆេរដល់ភូមិគ្រឹះចំនួន៣ទីតាំងរបស់ឧកញ៉ា ថោង សារ៉ាត់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គឲ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃនេះ ប៉ូលិសកម្ពុជាបានចាប់ផ្ដើមសហការជាមួយប៉ូលិសអន្តរជាតិអាំងទែប៉ូលបន្ថែមលើការសហការជាមួយប៉ូលិសក្នុងប្រទេសក្បែរខាងកម្ពុជា។ លោកថាការតាមចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់គឺចាំបាច់ណាស់ត្រូវមានការសហការជាមួយប៉ូលិសអន្តរជាតិអាំងទែប៉ូលហើយប៉ូលិសអន្តរជាតិនៃស្ថាប័ននេះក៏បានឆ្លើយតបចំពោះសំណើរបស់កម្ពុជា ដែរ។ កាលពីថ្ងៃទី១១ ខែធ្នូ ប៉ូលិសកម្ពុជាបានបញ្ជូនដីកាស្វែងរកចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ទៅអាជ្ញាធរប្រទេសវៀតណាម និងប្រទេសជិតខាងកម្ពុជាដើម្បីសុំកិច្ចសហការក្នុងការចាប់ខ្លួនបញ្ជូនជនសង្ស័យមកកម្ពុជាផ្ដន្ទាទោសតាមច្បាប់។
ដូចគ្នានេះដែរ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃថ្លែងឲ្យដឹងដែរថា ប៉ូលិសរបស់ប្រទេសវៀតណាមបានឆ្លើយតបចំពោះការស្នើសុំកិច្ចសហការពីប៉ូលិសកម្ពុជា ហើយ។ប៉ុន្តែលោកមិនទាន់អះអាងថា នឹងចាប់ខ្លួន លោក ថោង សារ៉ាត់បាននៅពេលណានោះទេ។
កាលពីថ្ងៃទី១២ ខែធ្នូសមត្ថកិច្ចចម្រុះចុះទៅឆែកឆេរដល់ភូមិគ្រឹះចំនួន ៣ទីតាំងរបស់ឧកញ៉ាថោង សារ៉ាត់។ កាសែតក្នុងស្រុករាយការណ៍ថាសមត្ថកិច្ចបានដកហូតយកក្បាលកាមេរ៉ាសុវត្ថិភាពនិងម៉ាស៊ីនផ្ដិតក្រយៅដៃ កាំភ្លើងខ្លីម៉ាករ៉ូឡូមួយដើមនិងវត្ថុតាងមួយចំនួនទៀត និងបានកោះហៅមេការម្នាក់នៃបុរី៩៩៩មកសាកសួរ។ លោ ថោង សារ៉ាត់ ត្រូវបានគេសង្ស័យថាមេខ្លោងនៅពីក្រោយនៃការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។ទាក់ទងសំណុំរឿងនេះ តុលាការបានចាប់ខ្លួនឃុំខ្លួនមនុស្ស ៦នាក់ក្នុងនោះរួមមាន ឪពុកម្តាយ លោក ថោង សារ៉ាត់ និងអង្គរក្ស ៤នាក់ដែលមានម្នាក់បានឆ្លើយថា ខ្លួនជាអ្នកបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹងម៉េងជឺ៕
ដោយ ៖ សូសៀង
រៀបចំដោយៈ ភក្ដី
By: khmeronlinenews.com
http://ift.tt/eA8V8J