ស្ត្រីខ្មែរចំណាស់ម្នាក់ ត្រូវទាហានថៃបាញ់សម្លាប់ចោល ខណៈកំពុងដើររុកព្រៃរកជីកដំឡូង យកមកហូប
ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ ត្រូវបានទាហានឈុតខ្មៅថៃដើរល្បាត ជួបប្រទះក៏បាញ់រះចំក្បាលស្លាប់ ខណៈស្ត្រីរងគ្រោះចូលព្រៃដើររកជីកដំឡូងព្រៃយកមកទទួលទាន ជាមួយកូនស្រី និងស្ត្រីម្នាក់ទៀតដែលរស់នៅផ្ទះ ជាប់គ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១រសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ លុះដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១១យប់ ក្រុមទាហានថៃបានយកសាកសពមកប្រគល់អោយក្រុមគ្រួសារតាមព្រៃយកមកធ្វើបុណ្យ ។
បើតាមសំដីកូនស្រីសាកសពដែលបានចូលក្នុងព្រៃដើររកជីកដំឡូងជាមួយម្តាយបាននិយាយអោយដឹងថា នាងមានឈ្មោះ ចក់ សុភៀត អាយុ១៦ឆ្នាំ ជាកូនទី០៦ មានឪពុកឈ្មោះ ជិន ចក់ អាយុ៦៣ឆ្នាំ និងម្តាយដែលត្រូវទាហានថៃបាញ់ស្លាប់មានឈ្មោះ ចេម ផន អាយុ៥៥ឆ្នាំ មានកូន០៨នាក់ ស្រី០៣ ប្រុស០៥ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង។
មុនពេលកើតហេតុ រូបនាង និងម្តាយ ព្រមទាំងស្ត្រីអ្នកក្បែរខាងម្នាក់ទៀត បានចូលទៅក្នុងព្រៃដើររកជីកដំឡូងយកមកហូប។ ខណៈដើរក្នុងព្រៃមិនដឹងថា ខាងណាដីខ្មែរខាងណាដីថៃនោះទេ ចេះតែដើរជីកទៅៗ គាប់ជួនពេលនោះក៏បានឮសំឡេងគ្រាប់កាំភ្លើងប្រាវ ធ្វើអោយពួកគេទាំងអស់គ្នា៣នាក់ រត់ចែកផ្លូវចែកជើងគ្នាយកតែប្រាសអាយុរៀងៗខ្លួន។ លុះមកដល់ផ្ទះមិនឃើញម្តាយទេ ក៏បាននាំគ្នាចូលដើររកម្តងទៀតនៅតែមិនឃើញ តែបានប្រទះឃើញសក់ និងខួរក្បាលក្នុងព្រៃ ទើបសង្ស័យថា ម្តាយរបស់ខ្លួនត្រូវទាហានថៃបាញ់សម្លាប់បាត់ទៅហើយ ហើយក៏នាំគ្នាវិលមកផ្ទះវិញរៀបចំធ្វើរោងបុណ្យ ដើម្បីធ្វើបុណ្យជូនគាត់។
នាងបន្តថា នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១១យប់ ក្រុមទាហានឈុតខ្មៅថៃដែលឈរជើងចំណុចអូរថ្មដាប្រឈមនិងចំណុចឈរជើងកម្ពុជា២៧៨ ចំងាយប្រហែល៥០០ម៉ែត្រ បានបញ្ជូនសាកសពមកអោយក្រុមគ្រួសាររបស់នាងតាមព្រៃ។ បើតាមសំដីប្រជាពលរដ្ឋម្នាក់ដែលបានឈរពិនិត្យមើលសាកសពបាននិយាយអោយដឹងថា សាកសពស្ត្រីដែលត្រូវទាហានថៃបាញ់ស្លាប់នោះគឺបាញ់ត្រូវក្បាល ហើយសពត្រូវបានយកខ្សែវល្លិយកមកចងរុំនិងនៅលើខ្លួនសាកសពឃើញប្រឡាក់សុទ្ធតែដី ដែលត្រូវគេសង្ស័យថា សាកសពអាចត្រូវទាហានថៃកប់ម្តងរួចមកហើយៗពេលនេះទើបតែកាយមកប្រគល់អោយក្រុមគ្រួសារជនរងគ្រោះ។
មានការលើកឡើងពីប្រជាពលរដ្ឋថា ចំពោះការប្រគល់សាកសពមកអោយក្រុមគ្រួសារតាមព្រៃដោយមិនប្រគល់តាមច្រកគឺខាងភាគីថៃខ្លាចខាងខ្មែរយើងថ្កោលទោសទើបមានបំណងលាក់លៀមបែបនេះ ប៉ុន្តែទោះបីជាយ៉ាងណាប្រជាពលរដ្ឋខ្មែរបានសំដែងនូវការខឹងសម្បារចំពោះក្រុមទាហានថៃដែលមិនដែលគោរពច្បាប់អន្តរជាតិ និងគ្មានមនុស្សធម៌ឡើយ ជាញយៗបានបាញ់ប្រហារពលរដ្ឋខ្មែរស្លាប់ចោលជាហែហូរ។ អាជ្ញាធរខ្មែរទៀតសោត មិនដែលជួយរកបានសំណង ឬយុត្តិធម៌សូម្បីតែបន្តិចបន្ទួចជូនជនរងគ្រោះឡើយ ពលរដ្ឋខ្មែរបានត្រឹមតែស្លាប់ដូចខ្មោចឆ្កែខ្មោចឆ្មា សែនថោកទាប។
នៅក្នុងពិធីបុណ្យសពដ៏ខ្លោចផ្សានោះ អាជ្ញាធរខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ បានចុះទៅធ្វើការសួរសុខទុក្ខក្រុមគ្រួសារសពដែលកំពុងតែទួញសោកនោះ ដោយគ្រាន់តែឧបត្ថម្ភថវិកាបន្តិចបន្ទួច៕ ដោយ ចាន់ សុភា