បាត់រថយន្តឆ្លាមពីទីក្រុងភ្នំពេញ រកឃើញតាមរយៈ ជីភីអេសក្នុងរថយន្ត បង្ហាញទីតាំងនៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ និងរថយន្តឆ្លាម១គ្រឿង ត្រូវសមត្ថកិច្ចរកឃើញ បន្ទាប់ពីចោរបានលួចនៅពេលទាបភ្លឺថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ពីក្រុងភ្នំពេញយកមកលាក់ទុក និងត្រូវបានម្ចាស់រថយន្តរកឃើញតាម ជីភីអេស ប្តឹងសមត្ថកិច្ច។ករណីបង្ក្រាបចោរលួចរថយន្តខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០នៅក្នុងភូមិត្រោកកណ្តាល ឃុំស្រែថ្មី ស្រុករលាប្អៀរ។
លោក យឹម សុផល នាយផ្នែកព្រហ្មទ័ណ្ឌនគរបាល ស្រុករលាប្អៀរបានអោយដឹងថា៖ ជនសង្ស័យខាងលើនេះសមត្ថកិច្ចមិនអាចប្រាប់អត្តសញ្ញាណអោយដឹងឡើយ ព្រោះកុំពុងធ្វើការស្រាវជ្រាវបន្តរកបក្ខពួកគេទៀត តែគ្រាន់តែបង្ហើបអោយដឹងថា ជាអង្គរក្សអ្នកធំម្នាក់នៅក្នុងទីក្រុងភ្នំពេញ។ ដោយឡែកម្ចាស់រថយន្តឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខ មានឈ្មោះ តាន់ ហាវ អាយុ៣៣ឆ្នាំ រស់នៅភូមិសែនជ័យ សង្កាត់កាកាប ខណ្ឌ័ពោធិសែនជ័យ ក្រុងភ្នំពេញ។
លោក ទឹម ចន្ធី អធិការនគរបាលស្រុករលាប្អៀរបានដែលជាអ្នកដឹកនាំសមត្ថកិច្ចចុះបង្ក្រាបករណីខាងលើនេះនិយាយអោយដឹងថា៖ នៅយប់ទាបភ្លឺថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ លោកបានទទួលទូរស័ព្ទពីម្ចាស់រថយន្តខាងលើ ប្តឹងថា លោកបានបាត់រថយន្តខាងលើពីផ្ទះក្នុងចន្លោះម៉ោង០០និង៣០នាទីដល់ម៉ោង៤ទាបភ្លឺ តែរថយន្តលោកមានដាក់ជីភីអេសបានបញ្ជាក់ថារថយន្តលោកត្រូវចោរលួចយកទៅលាក់ទុកក្នុងភូមិត្រោក ឃុំស្រែថ្មី ស្នើសុំសមត្ថកិច្ចជួយអន្តរាគមផង។
តាំងពីពេលទាបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ លោកអធិការស្រុកបានដឹកនាំសមត្ថកិច្ចទៅ ពួកស្ទាក់ នៅ ចំណុចសង្ស័យ ពេលម្ចាស់រថយន្តមកដល់ ក៏បាននាំសមត្ថកិច្ចរុករកតាមម៉ាស៊ីនជីភីអេស ក៏បានរកឃើញ រថយន្តនៅលាក់ ទុកខាងក្រោយផ្ទះឈ្មោះ អួង សុភ័ក្តឧត្តម អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិត្រោកកណ្តាល ឃុំស្រែថ្មី ដែលរថយន្តនោះត្រូវបានក្រុមចោរដោះស្លាកលេខលាក់ទុកបាត់ទៅហើយ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ជាអ្នកលួចរថយន្តមកពីក្រុងភ្នំពេញដែលត្រូវជាក្មួយរបស់ម្ចាស់ផ្ទះ ប៉ុន្តែសមត្ថកិច្ចសុំលាក់អត្តសញ្ញាណសិនដើម្បីស្រាវជាវបក្ខពួកគេមួយចំនួនទៀតដែលពាក់ពន្ធ័ក្នុងការលួចយករថយន្តនេះ។
ម្ចាស់ផ្ទះ និងជនសង្ស័យខាងលើនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបានស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការស្រាវជ្រាវជនសង្ស័យមួយចំនួនទៀតដែលជាបក្ខពួកចោរលួចរថយន្តខាងលើនេះ៕ ដោយ រិទ្ធិ ជ័យ