អ្នកកាសែតកម្ពុជាជួបគ្នាអួតប្រាប់គ្នាពីកង្វល់នៅសណ្ឋាគារសាន់វេក្រុងភ្នំពេញ
ភ្នំពេញ៖ អ្នកកាសែតកម្ពុជាបានជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកលើកទី១១ ការកំណត់ នៃកំណែទម្រង់ព័ត៌មាន របស់អ្នកសារព័ត៌មានកម្ពុជា ផ្តោតទៅលើ វិជា្ជជីវៈ និងធុរកិច្ច ដែលវេទិការនេះបានរៀបចំធ្វើឡើងដោយក្លឹបអ្នកកាសែតកម្ពុជា គាំទ្រមូលនិធិដោយ Konrad –Adenauer-Stiftung កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វេ Sanway Hotel រាជធានីភ្នំពេញ។
តំណាងអង្គភាពសារព័ត៌មានមួយចំនួន បានលើកឡើងថា ការលំបាកបច្ចុប្បន្នរបស់អ្នកកាសែតកម្ពុជា គឺស្ថានភាពសីលធម៌អ្នកកាសែតកម្ពុជា កំពុងធ្លាក់ចុះ ដែលចំណុចនេះបានសំដៅទៅលើការប្រជែងគ្នាផ្សព្វផ្សាយរូបភាពគ្រោះថ្នាក់ចរាចរណ៍សាហាវដោយរបួសមានឈាមស្រស់ធ្វើឲ្យអ្នកទស្សនាញាក់សាច់ និងខ្លះខ្ពើមរអើម។
តំណាងអង្គភាពសារព័ត៌មានខ្លះទៀតបានលើកឡើងថា របៀបធ្វើការងារចាស់កំរឹលមិនផ្លាស់ប្ដូរឲ្យទាន់សម័យជឿនលឿនតាមយុគសម័យតាមប្រព័ន្ធឌីហ្សីតាល់ (Digital) ដែលអ្នកកាសែតនៅឯបរទេសគេបានអភិវឌ្ឍន៍ឃ្លាតឆ្ងាយទៅហើយ តែរបៀបធ្វើការថ្មីនេះអាចមកដល់កម្ពុជាយ៉ាងហោច៥ឆ្នាំទៀត។ ការបណ្តុះបណ្តាលធនធានមនុស្សមានតិចតួច មានការគាបសង្កត់ពីក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមកលើអ្នកកាសែតមិនឲ្យសរសេរការពិតអំពីខ្លួន។ លើសពីនេះ អ្នកកាសែតមានប្រាក់បៀវត្សរ៍ទាបគុណភាពការងារពិតជាមានកំរឹត។
ជាមួយគ្នានោះក៏មានការលើកឡើងនូវមានការលួចចម្លងអត្ថបទដោយសេរី គ្មានការខ្លាចញញើត ដោយសារតែការរីកចម្រើនព័ត៌មានតាមប្រព័ន្ធឌីហ្សីតាល់ (Digital) ធ្វើឲ្យមានការប្រណាំងប្រជែងនិងកើតមានការផ្សព្វផ្សាយយ៉ាងផុលផុស។ អ្នកចូលរួមបានលើកឡើងថា បញ្ហាប្រាក់បៀវត្សរ៍ទាប ប៉ះពាល់ជាខ្លាំងដល់ជីវភាព និងការបំពេញការងាររបស់អ្នកកាសែត។ ដូច្នេះ ពួកគេរួមគ្នាចង់បង្កើតសហជីពសារព័ត៌មានមួយ ដើម្បីជួយតវ៉ារឿងប្រាក់ខែឲ្យអ្នកកាសែតបានចំណូលគ្រប់គ្រាន់ចិញ្ចឹមជីវិត និងបំពេញការងារបានល្អត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន។
លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលចូលរួមជាអធិបតី បានស្តាប់ និងឆ្លើយតបចំពោះការលំបាករបស់អ្នកកាសែត បានគាំទ្រអ្នកកាសែតក្នុងការបង្កើតសហជីពតវ៉ាឡើងប្រាក់ខែ លើកកម្ពស់ជីវភាពរស់នៅ និងសន្យាប្រមូលយកការលំបាក ដែលវេទិកានិពន្ធនាយកលើកទី១១ លើកឡើង យកទៅដាក់ក្នុងរបាយការណ៍ក្រសួងព័ត៌មាន ជាផ្លូវការ ដើម្បីក្រសួងជួយរកវិធីដោះស្រាយការលំបាករបស់អ្នកកាសែត៕