ជនសង្ស័យម្នាក់ ទទួលរក្សាទុក រថយន្តឆ្លាម មានឧបករណ៍ជីភីអេស ដែលចោរលួចពីទីក្រុងភ្នំពេញ ត្រូវតុលាការខេត្តឃុំខ្លួន
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ ជាបក្ខពួកចោរ លួចរថយន្តឆ្លាម១គ្រឿង ដែលមានបង្កប់ ជីភីអេស (GPS) សម្រាប់បង្ហាញទីតាំងរថយន្តកំពុងស្ថិតនៅចំណុចណាមួយនោះ ត្រូវបាន តុលា ការ ខេត្តឃុំខ្លួន នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ បន្ទាប់ពីតុលាការ និងសមត្ថកិច្ចបានស្រា វជ្រាវដឹងថា រូបគេបានឃុបឃិតជាមួយបក្ខពួកលួចរថយន្តពីភ្នំពេញមកលាក់ទុកនៅផ្ទះក្នុងភូមិ ត្រោកកណ្តាល ឃុំស្រែថ្មី ស្រុករលាប្អៀរ កាលពីពេលយប់ទាបភ្លឺថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤។
សមត្ថកិច្ចបានអោយដឹងថា៖ ម្ចាស់រថយន្តឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខ មានឈ្មោះ តាន់ ហាវ អាយុ៣៣ឆ្នាំរស់នៅភូមិសែនជ័យ សង្កាត់កាកាប ខ័ណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ បានបាត់រថយន្តខាងលើពីផ្ទះក្នុងចន្លោះម៉ោង០០ និង៣០នាទី ដល់ម៉ោង៤ទាបភ្លឺថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៤ តែរថយន្តគាត់បានបញ្ជាក់ថា ដោយរថយន្តមានបំពាក់ ជីភីអេស(GPS) លោកបានដឹងថា ត្រូវ ចោរ លួច យកទៅលាក់ទុកក្នុងភូមិត្រោក ឃុំស្រែថ្មី ស្នើសុំសមត្ថកិច្ចជួយអន្តរាគមផង។
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ទៅពួកស្ទាក់នៅ ចំណុចសង្ស័យ ពេលម្ចាស់រថយន្តមកដល់ក៏បាននាំសមត្ថកិច្ចរុករកតាមម៉ាស៊ីន ជីភីអេស(GPS) ក៏បានរកឃើញរថយន្តនៅលាក់ទុកខាងក្រោយផ្ទះឈ្មោះ អួង សុភ័ក្តឧត្តម ហៅគល់ អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិត្រោកកណ្តាល ឃុំស្រែថ្មី ដែលរថយន្តនោះត្រូវបានក្រុមចោរដោះស្លាកលេខលាក់ទុកបាត់ទៅហើយ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ជាបក្ខពួកចោរលួចរថយន្តមកពីក្រុង ភ្នំពេញមានឈ្មោះ វ៉ាន់ នរិទ្ធសត្យា នៅរស់ក្នុងភូមិ ឃុំខាងលើ និងចាប់ខ្លួនម្ចាស់ផ្ទះឈ្មោះ អួង សុភ័ក្តឧត្តម យកមកសួរចម្លើយ ហើយបានកសាងសំណុំរឿងតាមផ្លូវច្បាប់។
ប្រភពព័ត៌មានក្រៅផ្លូវការណ៍ពីសមត្ថកិច្ចបានខ្សឹបអោយដឹងថា៖ ឈ្មោះ វ៉ាន់ នរិទ្ធសត្យា ជា អ្នកទទួលរថយន្តពីបក្ខពួកគេ២នាក់ទៀត នៅវិមានឯករាជ្យកណ្តាលក្រុងកំពង់ឆ្នាំង នៅពេលទាបភ្លឺ ព្រោះរថយន្តនោះខូចទៅមុខលែងរួច។ នៅពេលនោះ ឈ្មោះ វ៉ាន់ នរិទ្ធសត្យា បានជួល រថយន្តតាក់ស៊ីមកអូសយករថយន្តឆ្លាមនោះទៅទុក នៅក្រោយផ្ទះឈ្មោះ អួង សុភ័ក្តត្តម ជាបងប្អូនជីដូនមួយនឹងគ្នា តែពួកគេមិនបានដឹងថា មិត្តភ័ក្តគេលួចយករថយន្តនេះមកពីណា នោះទេ ព្រោះថាកន្លងមកមិត្តភក្តិគេធ្លាប់រកស៊ីដឹកឈើគ្រញូង និងធ្លាប់យករថយន្តមកផ្ញើទុកជាមួយខ្លួនជាច្រើនលើក។ ដោយឡែកឈ្មោះ អួង សុភ័ក្តឧត្តម ជាម្ចាស់ផ្ទះត្រូវបានដោះលែងអោយនៅក្រៅឃុំជា បណ្តោះអាសន្នដោយមានការធានាពីមេធាវី។
ប្រភពព័ត៌មានខាងលើនេះមិនច្បាស់ការទេព្រោះសមត្ថកិច្ចជំនាញមិនហ៊ានប្រាប់ និងព្រោះមានលោកធំៗនៅភ្នំពេញមួយចំនួនអន្តរាគមន៍រឿងនេះ ដែលធ្វើឲ្យអ្នកសារព័ត៌មានយើងពិបាកស្វែងរកប្រភពអះអាងណាស់។ សូម្បីតែជនល្មើសនៅក្នុងស្នងការដ្ឋាននគរបាលខេត្តនិងនៅតុលាការខេត្ត ក៏មានគេការពារមិនអោយអ្នកកាសែតថតរូបឡើយព្រោះជនសង្ស័យអាចជាប់ពាក់ព័ន្ធកិត្តិយសអ្នកមានអំណាចនៅភ្នំពេញ៕ ដោយ រិទ្ធិ ជ័យ