បុរសចំណាស់ម្នាក់ស្លាប់ក្រោមផ្លែកាំបិតខ្វែវកាប់ដាច់កញ្ចឹងក តែជនសង្ស័យជាឃាតក៧នាក់ ត្រូវនគរបាលខេត្តរតនគិរី និងខេត្តកោះកុងឃាត់ខ្លួនបានជាបន្តបន្ទាប់
ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកចំនួន៧នាក់ ត្រូវនគរបាល នៃការិយាល័យកណ្តាលយុត្តិធម៌ ផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលពាក់ព័ន្ធករណីឃាតកម្ម ដ៏សាហាវព្រៃផ្សៃមួយបានកើតឡើង ដោយប្រើប្រាស់អាវុធ(កាំបិតខ្វែវដងវែង) កាប់លើជនរងគ្រោះបណ្តាលអោយ ស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ នៅចំណុចចំការកៅស៊ូរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិកាជូតលើ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤កន្លងទៅ ។
ជនរងគ្រោះដែលត្រូវគេកាប់អោយស្លាប់នោះមានឈ្មោះ សៀង លីម ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរធ្វើចំការ មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម។ យោងតាមរបាយការណ៍ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ របស់អធិការនគរបាលស្រុកអណ្តូងមាសថាឃាតកម្មនោះ (កាប់នឹងកាំបិតខ្វែវដងវែង) ចំកញ្ជឹងកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ សត្ថកិច្ចថា ករណីឃាតកម្មឈានដល់ការកាប់សម្លាប់ដ៏សាហាវព្រៃផ្សៃនោះ ដោយមូលហេតុទំនាស់រឿង ព្រំដីចំការកៅស៊ូ។
ក្នុងចំណោម ជនដៃដល់៧នាក់ ជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ ស្រមោល។ ជនសង្ស័យទាំង៧ នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១៧ និង៣០នាទី រួម មានឈ្មោះ ដូចខាងក្រោម៖ ១. ឈ្មោះ ម៉ៅ ច្រន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិសុពណ៌ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ ២.ឈ្មោះ ជ្រុយ សំបូរ ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ៣.ឈ្មោះជ្រុយ សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ៤.ឈ្មោះ ធុង រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានស្រុកកំណើតភូមិឃុំខាងលើ ៥.ឈ្មោះសឿន ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបុស្សស្បែង ឃុំច្រនៀង ស្រុកបារាយ ខេត្តកំពង់ធំ មុខរបរមិន ពិប្រាកដ ៦.ឈ្មោះ សោរ សុគុណ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិក្រាំង សំរោង ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំមុខរបរមិនពិតប្រាកដ និងទី៧ឈ្មោះ ឯមសុខុម ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិក្រលែងមាន ឃុំពូ ស្រុកចំការលើ ខេត្ត កំពង់ចាមមុខ របរ មិនពិតប្រាកដ។
សូមបញ្ជាក់ជនសង្ស័យទី០៧ ខាងលើក្រោយពីសមត្ថកិច្ចបានសាកសួរបំភ្លឺពុំមានពាក់ព័ន្ធ សមត្ថកិច្ចក៏ដោះលែងអោយមានសេរីភាពនៅសល់តែជនសង្ស័យ៦នាក់ ដែលពាក់ព័ន្ធ និងករណីឃាតកម្ម ខាងលើត្រូវបានត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ ចាត់ការបន្តតាមនិតិវិធីច្បាប់រហូតមកដល់បច្ចុប្បន្ននេះ។ ដោយឡែក ជនសង្ស័យម្នាក់ដែលបានរត់គេចខ្លួនបាត់ ក្រោយពេលករណីឃាតកម្មកើតឡើងគឺ មានឈ្មោះ ផាត ពឿន ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តកោះកុង តាមប្រមាញ់ និងសហ ការ ជាមួយកម្លាំងសមត្ថកិច្ចថៃ ក៏ឈានទៅធ្វើការឃាត់ខ្លួនបានសម្រេចនៅស្រុកថៃនៅ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តរតនគិរីបានទៅទទួលយកជនសង្ស័យពីកម្លាំងសមត្ថកិច្ចខេត្តកោះកុង ដើម្បីបញ្ជូនមកផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់។ សូមបញ្ជាក់ផងដែរថាជនសង្ស័យដែលសមត្ថកិច្ចទើបឃាត់ខ្លួនបានខាងលើ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី កំពុងសាកសួរបំភ្លឺបន្ថែមពាក់ព័ន្ធករណីឃាតកម្មខាងលើរួច ហើយ បានបញ្ជូនទៅសាលដំបូងខេត្តរតនគិរី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នេះផងដែរ៕ ដោយលី វណ្ណៈ