អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ទំនងបើកងោកបានបុក រថយន្តនីសាន់២បាំង បើកច្រាសទិសគ្នា ធ្វើឲ្យអ្នកជិះភ័យព្រលឹងនៅចុងសក់
ខេត្តកំពង់ឆ្នាំង៖ រថយន្តដឹកទំនិញពេញ ម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បានរេចង្កូតបុកនិងកៀររថយន្ត តាក់ស៊ីម៉ាកនីសសាន់ នៅពេលកំពុងបើកបរច្រាសទិសគ្នាតាម បណ្តោយផ្លូវជាតិ លេខ៥ បណ្តាលអោយរថយន្តហ៊ីយ៉ាន់ដាយធ្លាក់ស្នាមភ្លោះ បុកដើមស្វាយបាក់អស់ មួយ ដើម ដែលសមត្ថកិច្ចនិយាយថាទំនងជាបើកបរក្នុងភាពងោកងុយ។ ហេតុការណ៍នេះ បាន កើតឡើងនៅវេលាម៉ោង១១ និង១៥នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍បានអោយដឹងថា៖ រថយន្តរងគ្រោះម៉ាកនីសសាន់២ បាំងនោះ ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ ពោធិសាត់ 2A-0429 បើកបរដោយឈ្មោះ លី សុខា អាយុ៤២ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅក្នុងភូមិមាន់ចែ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិសាត់ បើកបរពីក្រុងភ្នំពេញទៅខេត្តពោធិសាត់។ ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-1173 បើកបរច្រាសទិសជាមួយ រថយន្ត នីសាន់រងគ្រោះ។
មុនពេលកើតហេតុ គេបានឃើញរថយន្តនីសាន់ដែលមានផ្ទុកអ្នកដំណើរ៤នាក់ បានបើកក្នុងល្បឿនមធ្យមពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែ រថយន្ត បង្កខាងលើបានរេចង្កូតមកឆ្វេង ហើយបានបុករះផ្នែកខាងឆ្វេងរថយន្តនីសាន់ និងបាន ធ្លាក់ ស្នាមភ្លោះខ្លួនឯង បុកដើមស្វាយបាក់១ដើម បណ្តាលអោយមុខរថយន្តបង្ក ខូចខាត ទាំងស្រុង ដោយឡែករថយន្តរងគ្រោះកំពិតផ្នែកខាងឆ្វេង និងបានដាច់កាឡេក្រោយ ទៀត។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានទុករថយន្តចោល រត់គេចបាត់ស្រមោលតែម្តង ដោយឃើញតែស្ត្រីចំណាស់ម្នាក់ទំនងជាម្ចាស់រថយន្តបង្ក បានឡូឡាក្អេងក្អាងនៅទីនោះ។ ក្នុងហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តអូសយកមកទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយតមផ្លូវច្បាប់។ នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានសន្និដ្ឋានថា៖ ប្រហែលមកពីអ្នកបើកបររថយន្តបង្ក បើកងោកងុយ ទើបបង្កអោយមានគ្រោះថ្នាក់បែបនេះកើតឡើង៕ ដោយ រិទ្ធិ ជ័យ