រឿងក្តីអយុត្តិធម៌មួយ ស្ត្រីមេម៉ាយម្នាក់បានលើសឈាមស្លាប់មួយចំហៀងខ្លួន ដោយទិញដីគេអោយលុយអស់ហើយ៦ឆ្នាំ ក្រោយមកគេប្តឹងថាខ្វះលុយគេ២ពាន់ដុល្លារទៀត
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយចំណាស់ម្នាក់ ដោយសារតែតុលាការខេត្ត កាត់អោយចាញ់ក្តី ដ៏អយុត្តិធម៌ បានធ្វើអោយគាត់លើសឈាមស្លាប់មួយចំហៀងខ្លួនជិត១ឆ្នាំហើយ គឺដោយសារគួបផ្សំរឿងគាត់បានទិញដីមួយកន្លែងពីគេ ក្នុងតម្លៃ ៦ពាន់ដុល្លារបានអោយគេគ្រប់ចំនួន នៅពេលធ្វើលិខិតលក់ទិញជាមួយអាជ្ញាធរ អ្នកលក់ដី អង្វរគាត់សុំអោយដាក់ ថ្លៃលក់ក្នុងលិខិតតែ៤ពាន់ដុល្លារបានហើយ ព្រោះតែគាត់ជំពាក់គេច្រើន បើដាក់ក្នុងលិខិតលក់ដី ថាលក់ បាន៦ពាន់ដុល្លារ ពិតជាគេមកទារលុយគាត់អស់ហើយមិនសល់លុយចាយទេ។ មកដល់ពេលនេះ៦ឆ្នាំហើយ អ្នកលក់ដីបែរជាមកប្តឹងតុលាការខេត្ត សុំលប់កិច្ចសន្យាលក់ដីចោល ចោទថាគាត់ថា នៅ ខ្វះលុយ២ពាន់ដុល្លារទៀត។
ស្ត្រីមេម៉ាយពិការមួយចំហៀងខ្លួន ឈ្មោះ ទួន រ៉ន អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះថា៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ គាត់បានទិញដីភូមិមួយកន្លែងទំហំ២០មគុណ និង៥០ម ពីស្ត្រីឈ្មោះ ឡុង សុភាព នៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយបានប្រគល់លុយថ្លៃដីចំនួន៦ពាន់ដុល្លារតាមការ ព្រោងព្រៀង គ្នា។ប៉ុន្តែពេលទៅធ្វើលិខិតលក់ទិញនៅមុខលោកមេភូមិ និងលោកចៅសង្កាត់ខ្សាម ម្ចាស់ដីឈ្មោះ ឡុង សុភាព បានសុំអង្វរគាត់សុំអោយដាក់ថ្លៃលក់ទិញក្នុងលិខិតតែ៤ពាន់ដុល្លាបានហើយ ព្រោះថាគាត់ជំពាក់គេច្រើនណាស់ បើដាក់ក្នុងលិខិតលក់ដីថាលក់បាន៦ពាន់ដុល្លា ពិតជាគេមកទារលុយគាត់អស់ហើយ និងដោយសារតែការអាណិតអាសូរគាត់ ក៏យល់ព្រមតាមឈ្មោះ ឡុង សុភាព។
ស្រាប់តែមកដល់ពេលនេះ៦ឆ្នាំហើយ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ឈ្មោះ ឡុង សុភាព ជាអ្នកលក់ដីបែរជាមកប្តឹងតុលាការខេត្តសុំលប់កិច្ចសន្យាលក់ដីចោល និងចោទថាគាត់ថានៅខ្វះលុយ២ពាន់ដុល្លាទៀត ដោយគ្មានភស្តុតាងលិខិតស្នាមអ្វីទាំងអស់។ក្រោយមកដោយគាត់ជាស្ត្រីមេម៉ាយក្រីក្រគ្មានលុយកាក់រត់ការរឿងក្តីនេះ ក៏ត្រូវបានតុលាការខេត្ត កាត់ក្តីអោយគាត់ចាញ់យ៉ាងអយុត្តិធម៌ ធ្វើអោយគាត់ឈឺចិត្ត លើសឈាម ស្លាប់មួយចំហៀងខ្លួនខាងឆ្វេងជិត១ឆ្នាំមកហើយ សព្វថ្ងៃរស់នៅក្នុងបន្ទុកកូនប្រុសម្នាក់ជាមន្ត្រីនគរបាល។
ការកាត់ក្តីរបស់តុលាការខេត្តលប់ចោលលិខិតលក់ដី ដោយអោយឈ្មោះ ឡុង សុភាព ប្រគល់លុយ ៤ពាន់ដុល្លាអោយ គាត់វិញហើយកយដីទៅវិញនោះ គាត់មិនបានយល់ព្រមឡើយគឺគាត់បានប្តឹងជំទាស់ ទៅតុលាការសាលាឧទ្ធរណ៍ទៀត ហើយសាលាឧទ្ធរណ៍បានចេញដីកាកោះហៅអោយគាត់ចូល ខ្លួននៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥ ដើម្បីទាញហេតុផលផ្ទាល់មាត់។ ពេលនេះគាត់ជាជនពិការមិនអាចឡើងទៅ តុលាការ សាលាឧទ្ធរណ៍បានទេ គឺបានពឹងពាក់មេធាវីការពារជនក្រីក្រអោយជួយរឿងក្តីនេះ មិនដឹងថាចាញ់ឬឈ្នះនោះទេ។
លោក ប៊ុន សូហឿង មេភូមិទី៥ និងលោក ឈួរ ថន ចៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានអោយអ្នកយ កព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះថា៖ រឿងខាងលើនេះលោកទាំង២ បានចុះហត្ថ ខាក្នុងលិខិតលក់ដីផ្តាច់ បានឃើញអ្នកលក់ និងអ្នកទិញផ្តិតមេដៃព្រមព្រៀងគ្នាក្នុងលិខិតចំនួន៤ពាន់ដុល្លាតែ ប៉ុណ្ណោះ ចំណែកឈ្មោះ ឡុង សុភាព ចោទថាឈ្មោះ ទួន រ៉ន នៅជំពាក់២ពាន់ទៀតក៏មិនឃើញលិខិតអ្វីជាសំ អាងដែរ។ ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន សំណូមពរដល់តុលាការសាលាឧទ្ធរណ៍ មេត្តាស្រាវជ្រាវផ្តល់យុ ត្តិធម៌ក្នុងរឿងខាងលើនេះអោយស្ត្រីពិការឈ្មោះ ទួន រ៉ន ផងចុះ ព្រោះពួកគាត់យល់ថាបើ ស្ត្រីឈ្មោះ ទួន រ៉នជំពាក់លុយថ្ងៃដី២ពាន់ដុល្លាមែននោះ គឺឈ្មោះឡុង សុភាព គាត់ប្រាកដជាធ្វើលិខិតស្នាមច្បាស់លាស់ ដោយមិនទុកដល់៦ឆ្នាំទើបនឹកឃើញប្តឹងនោះឡើយ។ ដោយឡែកឈ្មោះ ឡុង សុភាព ជាដើមបណ្តឹងក្នុង រឿងនេះ អ្នកយកព័ត៌មានយើងពុំអាចស្វែងរកសុំការបំភ្លឺបានឡើយ ដោយគ្មានលេខទូរស័ព្ទទាក់ទង៕ ដោយ រិទ្ធិ ជ័យ